ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពេញចិត្តសេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រី​នគរបាល​ជាតិ​​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ការ​ពេញចិត្ត ចំពោះ​ការ​រៀបចំសេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​។…

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ការ​ពេញចិត្ត ចំពោះ​ការ​រៀបចំសេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​។

បើ​តាមឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ មាន​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង​មន្ត្រី​នគរបាល​ជាតិ ឱ្យ​កាន់តែ​មាន​វិន័យ​ល្អ លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្តរភាព​ការងារ​ក្នុង​អង្គភាព​នគរបាល ដើម្បី​ឆ្លើយ​តប​នឹង​គោលបំណង​ពង្រឹង​ធនធាន​«​មនុស្ស​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត គូសបញ្ជាក់​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​ថ្មី​នេះ ក៏​អនុលោម​តាម​ព្រះរាជ​ក្រឹត្យ​ស្ដី​ពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ខណៈ​បច្ចុប្បន្ន នីតិវិធី​ស្នើ​សុំ​និង​ការ​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​របស់​មន្ត្រី​នគរបាល​ជាតិ អនុវត្ត​តាម​សេចក្ដីណែនាំ​លេខ​០០១ ដែល​ទើប​ចេញ​នា​ដើមឆ្នាំ​២០២៤​។

ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ទទួល​បន្ទុក និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សាស្ត្រាចារ្យ សេង ផ​ល្លី អគ្គនាយក​អគ្គនាយកដ្ឋាន​ធនធានមនុស្ស ព្រមទាំង​ក្រុមការងារ ដែល​ខិតខំ​រៀបចំសេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​។

សូម​បញ្ជាក់​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា កំណត់​អំពី​ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ធានា​និរន្តរភាព​ការងារ ការ​គ្រប់គ្រង និង​ការ​លើកកម្ពស់​សុខុមាលភាព​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​។

សេចក្ដី​ព្រាង​នេះ មាន​៨​ជំពូក និង​២១​មាត្រា​។ ជំពូក​ទី​១​ចែង​អំពី​បទ​ប្បញ្ញត្តិ​ទូទៅ ជំពូក​ទី​២​ចែង​អំពី​ច្បាប់​ឈប់​ប្រចាំឆ្នាំ ជំពូក​ទី​៣​ចែង​អំពី​ច្បាប់​ឈប់​រយៈពេល​ខ្លី ជំពូក​ទី​៤​ចែង​អំពី​ច្បាប់​ឈប់​សម្រាកលំហែ​មាតុភាព ជំពូក​ទី​៥​ចែង​អំពី​ច្បាប់​ឈប់​សម្រាក​ព្យាបាល​ជំងឺ ជំពូក​ទី​៦​ចែង​អំពី​ច្បាប់​ឈប់​សម្រាក​ដោយ​មាន​កិច្ចការផ្ទាល់ខ្លួន ជំពូក​ទី​៧​ចែង​អំពី​សហ​វិធាន​នៃ​ច្បាប់​ឈប់​គ្រប់​ប្រភេទ និង​ជំពូក​ទី​៨​ចែង​អំពី​អវសាន​ប្បញ្ញត្តិ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ