ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា បានជម្រុញដល់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ឋ ជាពិសេសសប្បុរជននានា ជួយឧបត្ថម្ភគាំទ្រដល់សមាគមអតីតយុទ្ឋជនកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីអាចជួយដោះស្រាយលើជីវភាពរបស់បងប្អូនអតីតយុទ្ឋជន ដែលបានចូលរួមស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិនាពេលកន្លងមក ។
ឯកឧត្តមនាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម មានប្រសាសន៍បន្តថា បើគ្មានការលះបង់សាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ឋជនទាំងអស់កាលពីសម័យសង្គ្រាម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសក៏ឯក និងជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ទើបកម្ពុជាអាចអភិវឌ្ឍន៏ដូចសព្វថ្ងៃ។ ជាការដឹងគុណដល់វីរៈភាពរបស់បងប្អូនអតីតយុទ្ឋជន រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជួយឧបត្ថម្ដដល់ពួកគាត់ ចាប់តាំងពីការផ្តល់ដីធ្លី សង់ផ្ទះ និងការព្យាបាលសុខភាពដោយមិនចំណាយប្រាក់តាមរយៈ អង្ភភាព ប.ស.ស ជាដើម ។
ឯកឧត្តមនាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ក៏បានផ្តាំផ្ញើរដល់ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តមណ្ឌលគិរី ត្រូវបន្តចុះបើកប្រាក់ បេឡាមរណៈ សង្គ្រោះជូនគ្រួសារសព សមាជិកសមាគមអតីតយុទ្ធជន តាមបណ្តាក្រុង/ស្រុក ដែលទទួលមរណៈភាព ឲ្យបានដល់ដៃគ្រួសារ និងឆាប់រហ័សបំផុត។ ត្រូវខិតខំស្រាវជ្រាវរកសមាជិក ស.អ.ក ដែលរកមិនទាន់ឃើញ និងសមាជិកកើនថ្មី ដើម្បីធ្វើបច្ចុប្បន្នភាព។ ត្រូវជួយដល់សមាជិកសមាគម ដែលមានជម្ងឺធ្ងន់ធ្ងរ និងការខ្វះខាតពិតប្រាកដ។បន្តធ្វើការអំពាវនាវ រកមូលនិធិសម្រាប់ទ្រទ្រង់សមាគម ។
លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៏ថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានឆ្លៀតពេលដ៏មានតម្លៃ ចុះពង្រឹង និងណែនាំដល់សមាជិកសមាជិកា អាជ្ញាធរពាក់ព័ន្ឋនានាឲ្យបានជ្រាប និងខិតខំអនុវត្ត នូវកិច្ចការស្នូលក្នុងសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តមណ្ឌលគិរីឲ្យទទួលបានប្រសិទ្ឋភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នអតីតយុទ្ឋជនខេត្តមានចំនួន៤៥៧នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ឋជនកម្ពុជាមានចំនួន៣១៤ ៕

ចែករំលែកព័តមាននេះ