រាជធានីភ្នំពេញ ៖ បុរស២នាក់ បានចូលទៅក្នុងហាងម៉ាស្សាមួយកន្លែង ហើយនារីម៉ាស្សាម្នាក់ បានទារលុយចំនួន២ម៉ឺនរៀលមុន ហើយអ្នកទាំង២ ក៏ព្រមឲ្យ ។ ចំណែកនារីម៉ាស្សានោះ គ្រាន់តែបានលុយដល់ដៃហើយ ក៏បានដាក់មេប្រូចទៅបាត់ អត់ម៉ាស្សាឲ្យឡើយ ។ ពេលនោះបុរសខាងលើ ក៏បានជិះម៉ូតូ១គ្រឿងតាមរក ប៉ុន្តែរកយ៉ាងណា ក៏រកមិនឃើញដែរ ហើយលុយក៏អស់ និងអត់បានម៉ាស្សាទៀត បុរសនោះខឹងខ្លាំងណាស់ ។
បន្តិចក្រោយមក បានឃើញរថយន្ត១គ្រឿងទៅដល់ ស្មានថា ដឹកនារីម៉ាស្សាក្នុងនោះ ក៏បានយកកែវជប់ខ្យល់ គប់កញ្ចក់រថយន្តខាងលើរួចគេចខ្លួនបាត់ស្រមោលតែម្ដង ។
ដោយឡែក រថយន្តខាងលើ គឺជារថយន្តរបស់មេធាវីម្នាក់ ក្រោយពេលជួបហេតុការណ៍បែបនេះ មេធាវី ក៏បានដាក់ពាក្យបណ្ដឹង ។ បន្ទាប់មកនគរបាល បានធ្វើការស្រាវជ្រាវរយៈពេល១០ថ្ងៃគត់ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបានទាំង២នាក់ រួចកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងខាងត្បូងខ្លោងទ្វារវត្តស្ងួនពេជ្រ ប្រហែល៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើ រួមមាន ៖
ទី១-ឈ្មោះ ហៀង ពិសី អាយុ៣២ឆ្នាំ ជាជនដៃដល់ គឺជាអ្នកគប់
ទី២-ឈ្មោះ វ៉ន គុយនាង អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ១គ្រឿង ឌុបជនដៃដល់ ។
ជនសង្ស័យទាំង២នាក់នេះ មានទីលំនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល ។
ដោយឡែកលោកមេធាវី ដែលជាម្ចាស់រថយន្តរងគ្រោះឈ្មោះ ជុំ ធីរិទ្ធ អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៧៩ ផ្លូវ១៣C ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។
នគរបាល បានប្រាប់ថា នៅវេលាព្រឹកព្រលឹមថ្ងៃកើតហេតុ លោកមេធាវីខាងលើបានបើករថយន្តម៉ាក lexus gx 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5657 មួយគ្រឿង ចេញពីផ្ទះ នៅភូមិថ្មដាតាមផ្លូវបេតុងភូមិស្ងួនពេជ្រទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ត្រូវបានជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៍ខ្មៅ ឌុបគ្នាក្នុងទិសដៅបញ្ច្រាស់គ្នា ទៅដល់ក៏បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តជនរងគ្រោះ ។ បណ្ដាលឲ្យមានស្នាមប្រេះ នៅកញ្ចក់ផ្នែកខាងមុខ រថយន្តចំនួន១កន្លែង និងមានស្នាមទ្រុឌ ១កន្លែង លើគម្របម៉ាស៊ីន រួចជិះម៉ូតូគេចខ្លួនបាត់ តែម្ដង ។
នគរបាល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ ពុំដឹងពីមូលហេតុអ្វី ទើបនាំឲ្យជនសង្ស័យគប់រថយន្តនោះទេ ហើយបានធ្វើឲ្យលោកមេធាវី ទទួលរងការភិតភ័យយ៉ាងខ្លាំង និងបានទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលប៉ុស្តិ៍កន្ទោក ជួយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ។ ក្រោយពេលទទួលបានបណ្ដឹងនោះហើយ នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវរយៈពេល១០ថ្ងៃ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយមកបាននាំទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបានខណ្ឌកំបូល ហើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើមែន ប៉ុន្តែពុំមែនមានគំនុំ ជាមួយម្ចាស់រថយន្តនោះទេ ។ មូលហេតុ ដែលគប់ គឺនៅមុនពេលកើតហេតុ ខ្លួនចូលម៉ាស្សាក្នុងផ្ទះម៉ាស្សាកោសជប់មួយកន្លែង ហើយស្រីម៉ាស្សាម្នាក់ យកលុយពួកខ្លួនចំនួន ២ម៉ឺនរៀល រួចក៏រត់បាត់ អត់ម៉ាស្សាឲ្យពួកខ្លួនឡើយ ។ បន្ទាប់មក ពួកខ្លួនក៏បានជិះម៉ូតូ តាមរកតែអត់ឃើញ ក្រោយមកបានឃើញរថយន្តខាងលើ មកដល់ស្មានថា ដឹកស្រីម៉ាស្សានៅខាងក្នុងរថយន្ត ទើបយកកែបជប់ខ្យល់ គប់តែម្ដងទៅ ៕

ចែករំលែកព័តមាននេះ