រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំធ្វើសន្និសិទកាសែត បង្ហាញពីស្នាដៃបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន ជាលក្ខណៈទ្រង់ទ្រាយធំមួយកម្រធ្លាប់មាន ដែលពិធីនោះ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ហើយនេះចាត់ទុកជាលើកទី១ ដែលសមត្ថកិច្ច នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដោយបានឃាត់ខ្លួនជនឧក្រិដ្ឋ ចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ ៤នាក់ និងជនជាតិជប៉ុនម្នាក់ ព្រមទាំងរឹបអូសថ្នាំញៀនប្រភេទ “កេតាមីន” សរុបទម្ងន់ចំនួន ១៤៥គីឡូក្រាម ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរគ្រឿងញៀនខាងលើនេះ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនតៃវ៉ាន់ម្នាក់ ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំណុចក្នុងបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទ “កេតាមីន” ចំនួន៣ដុំ ស្មើនឹង ៣គីឡូក្រាម ។
បន្ទាប់មកនៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង១០នាទី កម្លាំងយើងបានបន្តការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងចាប់ខ្លួនបក្សពួកជនសង្ស័យចំនួន ៤នាក់ទៀត ដែលជាជនជាតិចិនតៃវ៉ាន់ ៣នាក់ និងជនជាតិជប៉ុនម្នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនសង្ស័យ៤ នាក់មាន ៖
១.ឈ្មោះ ស៊ូ ឈិនហៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់
២.ឈ្មោះ ហ័ង ហឺជៀន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់
៣.ឈ្មោះ ហ្វាង ចឹងជីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិនតៃវ៉ាន
៤.ឈ្មោះ ណូមូរ៉ា សូគីជី ភេទប្រុស អាយុ ៧៦ឆ្នាំ ជនជាតិជប៉ុន ។
លោកស្នងការ បន្ថែមទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងយើងបានរឹបអូសថ្នាំញៀនប្រភេទ”កេតាមីន”ចំនួន ១៤២ ដុំ ស្មើនឹង ១៤២ គីឡូក្រាម រួមមាន ៖
-ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២ គីឡូក្រាម
-ជញ្ជាំងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣ គ្រឿង
-ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន(ខ្នាត១គីឡូក្រាម) ចំនួន ២០០ កញ្ចប់ ។
ក្រោយធ្វើសន្និសិទបង្ហាញមុខជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕











ចែករំលែកព័តមាននេះ