រាជធានីភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មាន និងបណ្តាញសង្គមផ្សព្វផ្សាយពីការនាំចូលទុរេនពីប្រទេសជិតខាងមកដាក់តាំងលក់ នៅលើទីផ្សារកម្ពុជា ដោយអះអាងថា ជាទុរេនដែលជាផលិតផលដាំដុះក្នុងស្រុក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក ប ប»បានចុះស្រាវជ្រាវជាបន្ទាន់ ហើយ ។
ក្នុងនោះដែរ បានរកឃើញទុរេននាំចូលពីប្រទេសជិតខាង ក្រោមរូបភាពតូចៗទៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស និងបានជ្រលក់សារធាតុគីមីម្យ៉ាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ ។

តាមការជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក ប ប នៃក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានជម្រាបជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា ថ្មីនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គមអំពីករណីមានការនាំចូលផ្លែទុរេនពីប្រទេសជិតខាងដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកជំទាវ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានណែនាំអោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក ប ប»ចុះស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់ នៅលើទីផ្សារ និងនៅតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា ។

យោងបានលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ។ ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាងក្រោម រូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស ។
ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួនត្រូវបានជ្រលក់សារធាតុគីមីម្យ៉ាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ ។

តាមសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់ថា អគ្គនាយកដ្ឋាន និងបន្ត ធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុគីមីនោះដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ។ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ ។

ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជា ការប្រើប្រាស់សារធាតុមិនស្គាល់អត្តសញ្ញាណ ក្លែងបន្លំប្រភពសូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់ Call Center ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ឬទំនាក់ទំនងផ្ទាល់មកកាន់អគ្គនាយកដ្ឋាន ក.ប.ប ៖ ០៩២៨៣០៨៥៦ ៕
ចែករំលែកព័តមាននេះ