ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គាំទ្រ​នយោបាយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​របស់​រុស្ស៊ី និង​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ដោយ​សន្តិ​វិធី​

1 អាទិត្យ មុន

ទី​ក្រុង​ហាណូយ៖ ​ថ្មី​ៗ​នេះ វៀតណាម​ប្រកាស​គាំទ្រ​​ «នយោបាយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ឬ​ដាក់​ជើង​ទៅ​ទិស​ខាង​កើត​» ​របស់​រុស្ស៊ី។ ​តាម​មើល​ទៅ​, ការ​ចាប់​ដៃ​គ្នា​រវាង​វៀតណាម និង​រុស្ស៊ី​លើក​នេះ​មិន​មែន​លំ​ៗ​នោះ​ទេ​ ហើយ​ចរន្ត​នយោបាយ​​អន្ត​រជាតិ​ជា​អ្វី​ដែល​អ្នក​ខាង​ក្រៅ​មិន​អាច​​យល់​ឱ្យ​អស់​សេចក្ដី​បាន​ឡើយ​។​…

ទី​ក្រុង​ហាណូយ៖ ​ថ្មី​ៗ​នេះ វៀតណាម​ប្រកាស​គាំទ្រ​​ «នយោបាយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ឬ​ដាក់​ជើង​ទៅ​ទិស​ខាង​កើត​» ​របស់​រុស្ស៊ី។ ​តាម​មើល​ទៅ​, ការ​ចាប់​ដៃ​គ្នា​រវាង​វៀតណាម និង​រុស្ស៊ី​លើក​នេះ​មិន​មែន​លំ​ៗ​នោះ​ទេ​ ហើយ​ចរន្ត​នយោបាយ​​អន្ត​រជាតិ​ជា​អ្វី​ដែល​អ្នក​ខាង​ក្រៅ​មិន​អាច​​យល់​ឱ្យ​អស់​សេចក្ដី​បាន​ឡើយ​។​ ​​អគ្គ​លេខា​បក្ស​កុម្មុយនិស្ត​វៀត​ណាម​ លោក​​ង្វៀន​ហ្វ៊ូជុង​ ​​ប្រកាស​​​គាំទ្រ​​នយោបាយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​​របស់​រុស្ស៊ី​។ លោក​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រក្សា​​​ទំនាក់​ទំនង​ល្អ​​រវាង​រុស្ស៊ី និង​វៀតណាម​តាំង​​ពី​ដើម​រៀង​មក​។

នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​នោះ លោក​​ង្វៀន​ហ្វ៊ូជុង​ថ្លែង​ថា​វៀតណាម​​តែង​តែ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​​រុស្ស៊ី​​ឧបត្ថម្ភ​គាំទ្រ​វៀតណាម​ចំពោះ​បុព្វ​ហេតុ​តស៊ូ​រំដោះ​​ជាតិ​មាតុ​ភូមិ​ដើម្បី​ឯក​រាជ្យ​ភាព និង​​​ការ​បង្រួប​បង្រួម​ទឹក​ដី​ឡើ​ងវិញ​ក្រោយ​ការ​បែង​ចែក​ជា​២​តាម​សន្ធិ​សញ្ញា​ទី​ក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៥៤​។ បន្ទាប់​មក​ រុស្ស៊ី​​ជួយ​កសាង​ជាតិ និង​​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​វៀតណាម​។​

តាម​ពិត សហ​ភាព​សូវៀត​ធ្លាប់​ជួយ​ប្រទេស​វៀតណាម​តាំង​ពី​ជំនាន់​សង្គ្រាម​បារាំង​-​វៀតណាម​នៅ​ឌៀន​បៀន​ហ្វ៊ូ​​​ (Dien Bien Phu) ចាប់​ពី​ឆ្នាំ​​១៩៤៥-​៥៤​។ ក្រោយ​មក​ទៀត​​ រុស្ស៊ី​​ជួយ​វៀតណាម​ច្បាំង​ទល់​នឹង​ទាហាន​អាមេរិក​រហូត​ដល់​អាមេរិក​ដក​ទ័ព​ថយ​​កាល​ពី​ឆ្នាំ​១៩៧៣​​។​​ ដូច្នេះ បើ​ថ្នាក់​ដឹក​នាំ​វៀត​ណាម​រំលេច​ឱ្យ​ឃើញ​ចំណុច​នេះ​​ហាក់​​ដូច​ជា​ឆ្លៀត​វ័ធ​កន្ទុយ​ ឬ​ដាក់​ផ្លែ​ឱ្យ​​ប្រទេស​អាមេរិក​ខ្លះ​ៗ​ដែរ​។

វៀតណាម​បញ្ជាក់​ច្បាស់​ៗ​កាល​ពី​យប់​មិញ​​ថា​ទំនាក់​ទំនង​វៀតណាម-​រុស្ស៊ី និងភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​​នៃ​ប្រទេស​ទាំង​២ជា​ចំណុច​អាទិភាព​ខ្ពស់​បំផុត​នៃ​នយោបាយ​ការ​បរទេស​របស់​ខ្លួន​។ វៀតណាម​គាំទ្រ​បេសក​កម្ម​របស់​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរ​ជាតិ​ និង​គាំទ្រ​នយោបាយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​របស់​រុស្ស៊ី​។ នេះ​បើ​យោង​តាម​​សេចក្ដី​ប្រកាស​របស់​ការិយាល័យ​​មជ្ឈិម​​បក្ស​កុម្មុ​យ​និស្ត​វៀតណាម​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរ​ទេស​។​

នយោ​បាយ​ឆ្ពោះ​ទៅ​ទិស​ខាង​កើ​ត​នេះ​ចូល​ជា​ធរ​មាន​តាំង​ពី​មួយ​ទស​វត្ស​មុន​​មក​ម៉្លេះ។ នយោបាយ​នេះ​​​មាន​គោល​ដៅ​ពង្រឹង​ទំនាក់​ទំនង​រវាង​រុស្ស៊ី​ និង​​បណ្ដា​ប្រទេស​ជា​ដៃ​គូ​នៅ​ទ្វីប​អាស៊ី​។ លោក​ង្វៀន​ហ្វ៊ូជុង​យល់​ថា​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ចាប់​ផ្ដើម​រំកិល​ខ្លួន​ឆ្ពោះ​ទៅ​រក​ពហុ​ប៉ូល​។​ លោក​យល់​ថា​បញ្ហា​នេះ​តម្រូវ​ឱ្យ​ប្រទេស​នានា​កំណត់​កម្ម​វិធី​នយោ​បាយ​របស់​ខ្លួន​បែប​សន្តិភាព​,​ សម​ភាព,​​ ​មិន​ប្រទាំង​ប្រទើស​គ្នា​​ ​ហើយ​ស្រប​ទៅ​តាម​ធម្ម​នុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ច្បាប់​អន្តរ​ជាតិ​។

សហ​គមន៍​អន្តរ​ជាតិ​​ត្រូវ​តែ​លើក​កម្ពស់​​​ការ​សន្ទនា​គ្នា​, កិច្ច​សហ​ការ​ទ្វេ​ភាគី និង​ពហុ​ភាគី​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​តាម​គន្លង​ចាស់​ និ​ងគន្លង​ថ្មី​​។ វៀតណាម​សង្ឃឹម​ថា​លោក​ពូទីន​នឹង​បន្ត​គាំទ្រ​សន្តិ​ភាព, ស្ថិរ​ភាព, សន្តិ​សុខ​, សុវត្ថិ​ភាព,​ សេរី​ភាព​ខាង​ការ​ធ្វើ​នាវា​ចរណ៍​នៅ​លើ​លំហ​សមុទ្រ រួម​ទាំង​​​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​វៀតណាម។ ចំណុច​១​ទៀត​​វៀតណាម​ក៏​ចង់​ដោះ​ស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិ​វិធី​ស្រប​​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​, អនុ​សញ្ញា​ស្ដី​ពី​ច្បាប់​សមុទ្រ​ និង​សេច​ក្ដី​ប្រកាស​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ឌីអូស៊ី (DOC)​។​

​ចំពោះ​បញ្ហា​អ៊ុយ​ក្រែន​ បើ​តាម​លោក​ង្វៀន​ហ្វ៊ូជុង​បញ្ជាក់​ថា​វៀតណាម​ចង់​ឃើញ​ការ​សន្ទនា​គ្នា​, ចង់​ឃើញ​ការ​បញ្ចប់​សង្គ្រាម​ និ​ងចង់​ឃើញ​ការ​វិល​ទៅ​រក​តុ​ចរ​ចា​គ្នា​ឡើង​វិញ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ដោយ​​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​ ​ហើយ​​​ធានា​​ឱ្យ​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​កង្វល់​របស់​ភាគី​ពាក់​ព័ន្ធ​។ លោក​ថ្លែង​ថា​វៀតណាម​ត្រៀម​ខ្លួន​ដើរ​រតួនាទី​បែប​វិជ្ជ​មាន​ដើម្បី​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​សន្ទនា​គ្នា​ និង​ការ​ចរ​ចា​គ្នា​ស្រប​ទៅ​តាម​ទិស​ដៅ​នេះ​។​

លោក​ពូទីន​ថ្លែង​ថា​ការ​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​វៀតណាម និង​រុស្ស៊ី​គឺ​ជា​ចំណុច​អាទិភាព​នៃ​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន​នៅ​អាស៊ី​​ និង​ប៉ាស៊ីហ្វិច​។ លោក​យល់​ថា​ជម្លោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​​តំបន់​ និង​ពិភព​លោក​​​គួរ​ណាស់​ដោះ​ស្រាយ​តាម​ច្បាប់​អន្តរ​ជាតិ​ និង​ធម្ម​នុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ លោក​សង្កត់​ធ្ងន់​ថា​ជម្លោះ​នានា​គួរ​ណាស់​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​។ ករណី​​​​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ លោក​ពូទីន​គាំទ្រ​​ឱ្យ​យក​ច្បាប់​អន្តរ​ជាតិ​មក​ដោះ​ស្រាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ