ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងហាក់ដូចជាទើសចិត្តយ៉ាងខ្លាំងនឹងការចុះកិច្ចព្រមព្រៀងលើកតិកាសញ្ញាជួយគ្នាទៅវិញទៅមករវាងរុស្ស៊ី និងកូរ៉េខាងជើងកាលពីថ្ងៃពុធ។ ប្រទេសទាំង២ ម៉ូស្គូ និងព្យុងយ៉ាង ប្ដេជ្ញាថានឹងជួយជ្រោមជ្រែងគ្នាផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ។ អ្នកខ្លះរហូតដល់វិភាគឃើញថាតាមរយៈកិច្ចព្រមព្រៀងនេះ កូរ៉េខាងជើងអាចនឹងបញ្ជូនកងទ័ពទៅជួយរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែនថែមទៀតផង។ ដូច្នេះ បញ្ហានេះធ្វើឱ្យកូរ៉េខាងត្បូងអង្គុយមិនស្រណុកខ្លួនទាល់តែសោះ។
រដ្ឋាភិបាលទីក្រុងសេអ៊ូលប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថាខ្លួននឹងពិចារណាបញ្ជូនអាវុធទៅអ៊ុយក្រែន។ នេះជាការកែសម្រួលគោលនយោបាយដ៏ធំ១។ ការលើកឡើងរបស់មន្ត្រីខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងដូចខាងលើនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទូរទស្សន៍កូរ៉េខាងជើងផ្សាយលម្អិតអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ នៅក្នុងលក្ខខណ្ឌ១ចែងថា «បើភាគីហត្ថលេខីណា១ទទួលរងការវាយប្រហារ ឬជាប់ដៃធ្វើសង្គ្រាមទល់នឹងប្រទេសដទៃ ភាគីមួយទៀតត្រូវតែជួយធ្វើអន្តរាគមន៍ជាបន្ទាន់តាមគ្រប់មធ្យោបាយដោយផ្ដល់ជាជំនួយយោធា ឬជំនួយដទៃទៀតទៅតាមលទ្ធភាពជាក់ស្ដែង»។
ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាទម្ងន់ចំពោះកិច្ចព្រមព្រៀងនេះដោយចាត់ទុកថានេះជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់កូរ៉េខាងត្បូង ហើយក៏ជាការរំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ កូរ៉េខាងត្បូងព្រមានថាកិច្ចព្រមព្រៀងនេះនឹងមានផលវិបាកអវិជ្ជមានដែលអាចធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងសេអ៊ូលធ្លាក់ចុះជាមិនខានឡើយ។
ពីទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងចាត់ទុកថាវាជាទង្វើដ៏គួរឱ្យស្អប់ខ្ពើមណាស់ដែលរុស្ស៊ីនៅតែរំលោភបំពានម្ដងហើយម្ដងទៀតទៅលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ហើយមែនទែនទៅគឺរុស្ស៊ីខ្លួនឯងជាអ្នកបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនោះទៅទៀត។ នៅឯទីក្រុងសេអ៊ូលឯណោះវិញ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងថ្លែងថារដ្ឋាភិបាលរបស់ខ្លួននឹងកែសម្រួលឡើងវិញនូវគោលនយោបាយចំពោះសង្គ្រាមអ៊ុយក្រែនដើម្បីរៀបចំបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនបាញ់ប្រហារកងទ័ពរុស្ស៊ីឱ្យណាណីម្ដង។
កាលពីពេលកន្លងមក កូរ៉េខាងត្បូងថ្វីដ្បិតជាប្រទេសដែលមានឧស្សាហកម្មផលិតអាវុធលំដាប់ពិភពលោក មិនខ្វះទេគ្រាប់កាំភ្លើង និងបរិក្ខារយោធា។ គ្រាន់តែថាប្រទេសនេះមិនចង់បង្កហេតុ។ ប៉ុន្តែលើកនេះកូរ៉េខាងត្បូងប្រហែលជាក្ដៅស្លឹកត្រចៀកខ្លាំង និងទ្រាំលែងបានតទៅទៀតហើយ ហើយក៏ពន្លះមួយរយៗចំពោះកិច្ចព្រមព្រៀងនោះ។
គេដឹងថានៅក្នុងកិច្ចព្រមព្រៀងម៉ូស្គូ និងព្យុងយ៉ាងនោះ ក៏មាននិយាយអំពីការជួយផ្ដល់បច្ចេកវិទ្យាមីស៊ីល និងនុយក្លេអ៊ែរផងដែរ។ មានន័យថាបើកូរ៉េខាងជើងមានចំណុចខ្វះខាតត្រង់ចំណុចណា១ដែលបាញ់មីស៊ីល ឬនុយក្លេអ៊ែរសាកល្បងមិនបានជោគជ័យ រុស្ស៊ីនឹងជួយបំពេញបន្ថែម។ ចំណុចនេះហើយដែលធ្វើឱ្យកូរ៉េខាងត្បូងយល់ថាជាគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិរបស់ខ្លួន។
ប្រតិកម្មតបចំពោះការប្រើសម្ដីខ្លាំងរបស់កូរ៉េខាងត្បូងដូចខាងលើនេះ លោកពូទីនដែលស្ថិតនៅទីក្រុងហាណូយ ប្រទេសវៀតណាម មិនចាំបាច់វិលទៅប្រទេសរុស្ស៊ីសិនចាំនិយាយទេ។ លោកនិយាយពន្លះវិញខ្លាំងៗពីហាណូយតែម្ដងថា «បើកូរ៉េខាងត្បូងហ៊ានបញ្ជូនអាវុធទៅអ៊ុយក្រែនមែន ពួកគេនឹងប្រព្រឹត្តកំហុសដ៏ធំបំផុត»។ លោកព្រមានថា «បើរឿងនេះជាការពិតមែន ទង្វើរបស់កូរ៉េខាងត្បូងនេះនឹងនាំមកនូវផលវិបាកសម្រាប់របបដឹកនាំនៅទីក្រុងសេអ៊ូល»។ លោកយល់ថាកូរ៉េខាងត្បូងមិនត្រូវព្រួយបារម្ភជ្រុលពេកទេចំពោះកិច្ចព្រមព្រៀងនោះ។ សំខាន់កុំឱ្យតែកូរ៉េខាងត្បូងមានបំណងឈ្លានពានទៅលើកូរ៉េខាងជើងទៅបានហើយ។
ចំពោះសំណួរថាបើសិនអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយរបស់បស្ចិមប្រទេសបាញ់ចូលទឹកដីរុស្ស៊ី តើអាចចាត់ទុកថានេះជាអំពើឈ្លានពានដែរឬទេ? លោកពូទីនឆ្លើយតបថារុស្ស៊ីត្រូវការសិក្សាស្វែងយល់ទៅលើទិដ្ឋភាពជាក់ស្ដែងជាមុនសិន។ ប៉ុន្តែលោកយល់ថាទង្វើនេះសឹងតែអាចចាត់ចូលជាអំពើឈ្លានពានបានហើយ។ លោកព្រមានថារុស្ស៊ីមិនបដិសេធទេនូវលទ្ធភាពដែលទីក្រុងម៉ូស្គូអាចនឹងបញ្ជូនអាវុធទៅកូរ៉េខាងជើងដើម្បីធ្វើដាក់ពួកបស្ចិមប្រទេសដូចដែលពួកគេធ្វើដាក់រុស្ស៊ីដែរ។
មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសលោកខាងលិចម្នាក់ និងសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់បង្ហើបឱ្យដឹងថាអ៊ុយក្រែនចាប់ផ្ដើមបាញ់អាវុធរបស់អាមេរិកចូលទឹកដីរុស្ស៊ីជាបណ្ដើរៗហើយ។ លោកពូទីនធ្លាប់ប្រកាសជាបណ្ដើរៗតាំងពីមុននេះថាលោកសូមរក្សាសិទ្ធិផ្ដល់អាវុធទៅឱ្យសម្ព័ន្ធមិត្តរបស់រុស្ស៊ីដើម្បីជួយបាញ់ប្រហារទៅបស្ចិមប្រទេសវិញផង។
កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហាណូយ លោកពូទីននិយាយបញ្ជាក់ផែនការនេះម្ដងទៀតដើម្បីឱ្យច្បាស់ទាំងអស់គ្នាក្រែងលោមានអ្នកសង្ស័យថាលោកនិយាយតែមាត់ទទេ ឬក៏និយាយទាំងភាន់ច្រឡំ។ លោកពូទីនបង្ហើបឱ្យដឹងថានៅទីក្រុងព្យុងយ៉ាងក៏លោកនិយាយអំពីលទ្ធភាពនៃការបញ្ជូនអាវុធទំនើបៗរបស់រុស្ស៊ីទៅឱ្យកូរ៉េខាងជើង និងប្រទេសដទៃទៀតដើម្បីបាញ់ប្រហារទៅបស្ចិមប្រទេស ឬប្រទេសដែលប្រឆាំងនឹងរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែន។
ស្ដាប់ចុះស្ដាប់ឡើងទៅឃើញថាសភាពការណ៍ពិភពលោកហាក់ដូចជាមិនស្រួល។ ភូមិសាស្ត្រនយោបាយនៅតាមប៉ូលសំខាន់ៗក៏អាចនឹងប្រែប្រួលផងដែរ។ ឧទាហរណ៍ វៀតណាមកំពុងតែត្រូវគ្នាជាមួយអាមេរិកសុខៗឥឡូវនេះងាកទៅចាប់ដៃជាមួយសម្ព័ន្ធមិត្តចាស់របស់ខ្លួនធ្វើមិនដឹង។ វៀតណាមទទួលស្វាគមន៍លោកពូទីនយ៉ាងកក់ក្ដៅបំផុតដោយក្រាលសុទ្ធតែព្រំក្រហមទទួលលោក និងមិនខ្វាយខ្វល់ពីការរិះគន់របស់ប្រទេសអាមេរិកឡើយ។
ងាកទៅអ៊ុយក្រែនឯណោះវិញ មុនដំបូងគេសង្ឃឹមថាវិបត្តិអ៊ុយក្រែនអាចនឹងបានធូរស្រាល ហើយអាចនឹងបញ្ចប់ទៅវិញឆាប់ៗនេះ។ ផ្ទុយទៅវិញ, សភាពការណ៍មិនត្រឹមតែមិនធូរស្រាលទេ ប៉ុន្តែរឹតតែធ្ងន់ធ្ងរជាងមុន។ ឥឡូវនេះ ប្រទេសកូរ៉េខាងត្បូងចង់ប្រឡូកនៅក្នុងសង្គ្រាមនេះដែរ៕
ចែករំលែកព័តមាននេះ