ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម​មាន​​វត្តអារាម​ចំនួន​៣៧៨ សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​ទាន

8 ម៉ោង មុន

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ក៏​ដូច​ជា​ឆ្នាំ​កន្លង​ៗ​ទៅ​ដែរ នៅ​តាម​វត្ត​អារាម​ចំនួន ៣៧៨ ក្នុង​ខេត្តកំពង់ចាម បងប្អូន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំង​ទី​ជិត​និង​ទី​ឆ្ងាយ បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាំងពី​វេន​ដាក់​បិណ្ឌ​ទី​១​រហូត​មក ដែល​មាន​ចាស់​មាន​ក្មេង​យ៉ាង ច្រើន​កុះករ…

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ក៏​ដូច​ជា​ឆ្នាំ​កន្លង​ៗ​ទៅ​ដែរ នៅ​តាម​វត្ត​អារាម​ចំនួន ៣៧៨ ក្នុង​ខេត្តកំពង់ចាម បងប្អូន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំង​ទី​ជិត​និង​ទី​ឆ្ងាយ បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាំងពី​វេន​ដាក់​បិណ្ឌ​ទី​១​រហូត​មក ដែល​មាន​ចាស់​មាន​ក្មេង​យ៉ាង ច្រើន​កុះករ ។

ដោយឡែក​ឆ្នាំ​នេះ ទោះបីជា​វត្ត​អារាម​មួយចំនួន​ត្រូវ​ជន់​លិច​ដោយ​ទឹកទន្លេ​មេ​គង​ក៏​ដោយ​ក៏​ម្នាក់​ៗ​បាន​នាំ​គ្នា​ជិះទូក​យក​ចង្ហាន់​ទៅ​វត្ត ហើយ​ព្រះសង្ឃ​ក៏​មិន​ខ្វះ​ចង្ហាន់​ឡើយ ។

លោកតា គឹ​ម អាន ជា​អាចារ្យវត្ត​ដីដុះ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មាន​ប្រសាសន៍​ថា ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ សម្រាប់​វេន​ទី​៩ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ ឃើញ​មាន​វត្តមាន​លោក​ជំទាវ ញូ​ង ចរិយា អ៊ុ​ន ចាន់​ដា រួម​ទាំង​សហការី​ជា​ច្រើន​រូប យក​ចង្ហាន់​មក​ប្រគេន​ព្រះ​គ្រូ ញ័រ សា​វី ព្រះ​ចៅអធិការ​វត្ត​ដីដុះ រួម​ទាំង​ព្រះសង្ឃ​ផ្សេង​ទៀត ។

និយាយ​រួម ទាំង​មន្ត្រីរាជការ ទាំង​ប្រជាពលរដ្ឋ​មក​ពី​តាម​ភូមិ​នានា​ក្នុង​ក្រុង​កំពង់ចាម​និង​អ្នក​នៅ​ក្រៅ​ស្រុក បាន​នាំ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ដែល​ញ៉ាំង​ឱ្យ​ពិធី​កាន់បិណ្ឌ​នេះ​មាន​ភាពអធិកអធម​យ៉ាង​ខ្លាំង ។

លោកតា​អាចារ្យ​រូប​នេះ មាន​ប្រសាសន៍​ទៀត​ថា បើ​តាម​ការ​សង្កេត​ដោយ​ផ្ទាល់ គឺ​តាំងពី​វេន​ដាក់​បិណ្ឌ​ទី​១​មក​ដល់​ពេល​នេះ មាន​ថ្ងៃ​ខ្លះ​ពុទ្ធបរិស័ទ​មក​ច្រើន ថ្ងៃ​ខ្លះ​ក៏​មក​តិច ហើយ​ថ្ងៃ​ដែល​មក​ច្រើន​គឺ​នៅ​ថ្ងៃអាទិត្យ ។ បើ​ប្រៀបធៀប​ឆ្នាំ​២០២៤​ទៅ​នឹង​ឆ្នាំ​២០២៣​កន្លងទៅ ក្នុង​រយៈពេល​ដូច​គ្នា​គឺ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំទៅ​មិ​ញ​បន្តិច ។ វត្ត​ដីដុះ​នេះ អ្នក​ដែល​មក​ច្រើន​គឺ​អ្នក​ភូមិ​រកា ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត ។

ព្រះ​គ្រូ សា វីរ​: ព្រះ​ចៅអធិការ​វត្ត​ខេ​ម​វន្ត​បឹង​ស្នាយ ស្ថិត​ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មាន​ថេរ​ដីកា​ថា ចាប់តាំងពី​រដូវ​ដាក់បិណ្ឌ​ទី​១​មក​ដល់ទី​៩ មាន​បងប្អូន​ប្រជា​ពុទ្ធ​បរិស័​ទ​ទាំង​ទី​ជិត​ទី​ឆ្ងាយ នាំ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ដែល​មាន​ចំនួន​៣០​ទៅ​៤០​អង្គ គឺ​សម​ល្មម មិន​ខ្វះ​ចង្ហាន់​ឆាន់​ទេ ។ លោក​ជំទាវ ញូ​ង ចរិយា អ៊ុ​ន ចាន់​ដា ភរិយា​ឯកឧត្តម​អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ​ក៏​បាន​អញ្ជើញ​មក​ដាក់​បិណ្ឌ​ទី​៩​នៅ​វត្ត​នេះ​ដែរ ។

លោក រ៉េ​ត សា​រ៉ាត ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត មាន​ប្រសាសន៍​ថា នៅ​ក្នុងក្រុង​-​ស្រុក​ទាំង​១០​នៃ​ខេត្តកំពង់ចាម មាន​ទី​អារាម​ព្រះពុទ្ធ​សាសនា​ចំនួន​៣៧៨ ។ តាម​ការសង្កេត​ដោយ​ផ្ទាល់ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកំពង់ចាម និង​អ្នកខ្លះ​ដែល​ចាក​ចេញពី​លំនៅ​ឋាន​ទៅ​រស់នៅ​កន្លែង​ផ្សេង ក៏​នាំ​គ្នា​អញ្ជើញ​មក​តាម​វត្ត​នីមួយ​ៗ គឺ​មាន​ច្រើន ហើយ​ព្រះសង្ឃ​ក៏​មិន​ខ្វះ​ចង្ហាន់​ដែរ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ការ​ប្រារព្ធ​ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃ​១​រោចដល់​១៥​រោច ខែភទ្របទ ជា​រៀង​រាល់​ឆ្នាំ ។ ក្នុង​រយៈពេល​១៤​ថៃ្ង​ដំបូង​គេ​ឱ្យឈ្មោះ​ថា «​បុណ្យកាន់បិណ្ឌ ឬ​បុណ្យ​ដាក់​បិណ្ឌ​» ។ ចំណែក​ថ្ងៃ១៥​រោច ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​មក​ជួបជុំ​គ្នា ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។ ថ្ងៃ​ទី​១៥ ត្រូវ​នឹង​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នេះ​គេ​ឱ្យឈ្មោះ​ថា «​ភ្ជុំបិណ្ឌ ឬ ថ្ងៃ​ភ្ជុំបិណ្ឌ​» ។

បុណ្យ​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​សំខាន់​ៗ៣​គឺ ៖
១-​ដើម្បី​ទំនុកបម្រុង​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​វស្សា ដោយហេតុ​រយៈពេល​នេះ ជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង នាំ​ឱ្យ​មានការ​លំបាក​សម្រាប់​ព្រះសង្ឃ​ក្នុង​ការ​ត្រេ​ច​ចរ​បិណ្ឌបាត ។
២-​ដើម្បី​សន្សំ​កុសល ឬ​សេចក្តី​ល្អ តាម​រយៈ​ការ​ធ្វើ​ទាន ។
៣-​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ទៅ​បុព្វការី​ជន និង​ញាតិសន្តាន ដែល​បាន​លាចាក​លោក​នេះ​ទៅ ៕