ទីក្រុងហាណូយ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ លោកពូទីន និងលោកតូឡាម ក្នុងនាមជាប្រមុខរដ្ឋរុស្ស៊ី និងវៀតណាមបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ចំនួនដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ឱ្យរីកចម្រើនថែម១កម្រិតទៀត។ នេះជាផ្នែក១នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូដើម្បីធ្វើឱ្យខ្លួនឯងមានតម្លៃឡើងវិញបន្ទាប់ពីទទួលរងការដាក់ទណ្ឌកម្មពីក្រុមបស្ចិមប្រទេសធ្វើឱ្យរុស្ស៊ីរយាលដៃពីពិភពខាងក្រៅ។ ដូច្នេះ លោកពូទីនកំពុងស្វះស្វែងរកមិត្តភក្តិចាស់ៗឡើងវិញ។ ទន្ទឹមនឹងនោះ លោកក៏ត្រូវមានអ្វីដោះដូរជាមួយប្រទេសទាំងនោះសម្រាប់ជាផលប្រយោជន៍ផងដែរ។
ឧទាហរណ៍ ដូចជានៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង, កូរ៉េខាងជើង និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជួយគ្នា និងការពារគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងសន្តិសុខជាតិ។ ដោយឡែក នៅវៀតណាម ភាគីទាំង២បានចុះកិច្ចព្រមព្រៀងនៅក្នុងវិស័យអប់រំ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការរុករកប្រេងឆៅ និងឧស្ម័ន និងវិស័យសុខាភិបាល។ ប្រទេសទាំង២ក៏បានឯកភាពគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងនុយក្លេអ៊ែរនៅវៀតណាមផងដែរ។
ក្រោយកិច្ចជំនួបរវាងលោកពូទីន និងលោកតូឡាមដែលជាអ្នកជំនាញខាងវិស័យសន្តិសុខជាតិ, លោកពូទីនថ្លែងថាប្រទេសទាំង២មានគោលជំហរដូចគ្នាពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធសន្តិសុខជាតិដែលគួរឱ្យជឿទុកចិត្តនៅឥណ្ឌូ-ប៉ាស៊ីហ្វិចដោយមិនផ្អែកទៅលើការប្រើប្រាស់កម្លាំងទេ។ ប៉ុន្តែប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធី ហើយមិនត្រូវការចូលរួមនៅក្នុងប្លុកយោធា ឬប្លុកនយោបាយណាមួយឡើយ។
លោកនិយាយដូច្នេះទំនងជាចង់សំដៅលើប្លុកយោធាខ្លះដែលមានប្រទេសអាមេរិកជាអ្នកផ្ដួចផ្ដើមដូចជាក្រុមសម្ព័ន្ធមិត្តខ្វត (Quad) ដែលមានអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនជាសមាជិក និងសម្ព័ន្ធមិត្តអូខឺស (AUKUS) ដែលមានអូស្ត្រាលី អង់គ្លេស និងអាមេរិកជាសមាជិក។ វៀតណាមក៏ធ្លាប់ត្រូវក្រុមប្រទេសខ្វតព្យាយាមអូសទាញឱ្យចូលរួមផងដែរ។ ប៉ុន្តែវៀតណាមបដិសេធព្រោះចង់ប្រកាន់គោលជំហរមិនចូលបក្សសម្ព័ន្ធ។ ម៉្យាងទៀត បើវៀតណាមហ៊ានចូលខ្វតក៏មានរឿងធំជាមួយចិនដែរព្រោះខ្វតក្ដី អូខឺសក្ដីត្រូវគេចាត់ទុកថាជាអង្គការណាតូនៅទ្វីបអាស៊ី។
លោកតូឡាមថ្លែងកោតសរសើរលោកពូទីនជាមេដឹកនាំឈ្លាសវៃដែលចេះរៀបចំស្រុកទេសឱ្យមានស្ថិរភាពនយោបាយល្អនៅក្នុងការដឹកនាំរយៈពេល២៤ឆ្នាំកន្លងទៅនេះ។ លោកក៏ចូលរួមអបអរសាទរចំពោះការជាប់ឆ្នោតកាន់អំណាចជាថ្មីរយៈពេល៦ឆ្នាំរបស់លោកពូទីននៅអាណត្តិថ្មី។ ដូច្នេះ ទម្រាំចប់អាណត្តិថ្មីនេះ លោកពូទីននឹងកាន់អំណាចរយៈពេល៣០ឆ្នាំ។
តាមមើលទៅ, វៀតណាមទំនងជាចាប់អារម្មណ៍ខ្លាំងទៅលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមកដែលរុស្ស៊ី និងកូរ៉េខាងជើងទើបតែចុះហត្ថលេខាកាលពីម្សិលមិញ។ លោកតូឡាមបានរំលេចឱ្យឃើញថាវៀតណាម និងរុស្ស៊ីចង់បានការពង្រឹងកិច្ចសហការលើ៖ ទី១-វិស័យការពារជាតិ និងសន្តិសុខជាតិដើម្បីទប់ទល់នឹងអ្វីដែលលោកចាត់ទុកថាជាបញ្ហាប្រឈមផ្នែកសន្តិសុខជាតិដែលខុសពីសម័យមុនៗ, ទី២-វិស័យថាមពល និងទី៣-វិស័យវិនិយោគ។
លោកពូទីនបានជួបអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោកង្វៀនហ្វ៊ូជុង ដែលជាបុគ្គលមានអំណាចផុតលេខនៅវៀតណាម និងជួបលោកផាំមិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងហាណូយថ្លែងថារុស្ស៊ីនៅតែសហការជិតស្និទ្ធ និងយ៉ាងសកម្មនៅក្នុងផ្នែកថាមពល, ឧស្សាហកម្ម, បច្ចេកវិទ្យា, អប់រំ, សន្តិសុខ និងពាណិជ្ជកម្ម៕
ចែករំលែកព័តមាននេះ