ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែងជាតំបន់វាលទំនាបក៏មានភ្នំចំនួន​៧​ដែរ

3 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃ​វែង​ ៖ ឈ្មោះ​ភ្នំ​​ឈើ​​កាច់​ មើល​ពី​ចម្ងាយ​ទៅ​គឺ​ជា​​ជួរ​​ភ្នំ​​ដ៏​​ធំ​មួយ ​ដែល​​លាត​សន្ធឹង​យ៉ាង​វែង​នៅ​

ខេត្ត​ព្រៃ​វែង​ ៖ ឈ្មោះ​ភ្នំ​​ឈើ​​កាច់​ មើល​ពី​ចម្ងាយ​ទៅ​គឺ​ជា​​ជួរ​​ភ្នំ​​ដ៏​​ធំ​មួយ ​ដែល​​លាត​សន្ធឹង​យ៉ាង​វែង​នៅ​ក្នុង​ស្រុក​​បាភ្នំ និង​មាន​សម្រស់​យ៉ាង​ស្រស់​ត្រកាល ជាមួយនឹង​ធម្មជាតិ​ពណ៌​ខៀវស្រងាត់ ។ ​គេ​អាច​មើល​ឃើញភ្នំ​ឈើ​កាច់ពីលើ​ស្ពាន​ត្សឹ​បា​សា(ស្ពាន​អ្នក​លឿង)​ឬ​ក៏​មើលឃើញ​នៅពេល​ធ្វើ​ដំណើរ​​តាម​​ផ្លូវជាតិ​លេខ​១ ដល់​ទីប្រជុំជន​​ផ្សារ​កំពង់​សិង្ហ ក្នុងស្រុក​ព្រះស្ដេច ។

ជួរ​ភ្នំ​នេះ​​មានការតំណាល​ជា​ច្រើន​ទាក់ទងទៅ​​​នឹង​​​រឿង​ព្រេង​​និទាន​ ក៏​ដូច​​ជា​​រឿង​​ប្រវត្តិសាស្ត្រ​​​របស់​​ខ្មែ​រ ប៉ុន្តែ​មានរឿង​មួយ​ដែល​ធ្វើ​ឱ្យ​​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ស្គាល់​ភ្នំ​នេះ​ច្បាស់ គឺ​តាម​រយៈ​​រឿង​​ខេ​មរ​និយម​​«​ទុំ​ទាវ​» ដែល​ជា​រឿង​ប្រលោមលោក​ដ៏​ល្បី​មួយ​របស់​ខ្មែរយើងនាសម័យ​ព្រះបាទ​រា​មា​ជើងព្រៃ ។ និយាយ​ឱ្យ​ចំ​ទៅ ស្រុក​​បាភ្នំ ឬ​ឈើ​កាច់​បាភ្នំ​នេះ​ជា​ស្រុក​កំណើត​របស់​​​នេន​ទុំ ដែល​ចូល​ទៅ​បួស​រៀន​នៅ​វត្ត​វិហារ​ធំ ។

ភ្នំ​ឈើ​កាច់ លាតសន្ធឹង​នៅ​លើ​ទឹកដី​នៃ​ឃុំ​ចំនួន​២ នៃ​ស្រុក​បាភ្នំ គឺ​មួយ​ផ្នែក​ស្ថិត​នៅ​ក្នុង​ឃុំ​ឈើ​​កាច់ និង​មួយ​ផ្នែក​ទៀត​ស្ថិត​នៅ​ក្នុង​ឃុំ​ជើងភ្នំ ។

នៅ​​​ជួរ​ភ្នំ​នេះ មាន​ភ្នំ​តូច​ធំ​ទាំងអស់​​ចំនួន​៧ ក្នុង​នោះ​មាន​ដូច​ជា ភ្នំ​តូច ភ្នំ​ធំ ភ្នំ​ថ្ម​បាញ់ ភ្នំ​ស្លឹកគ្រៃ ភ្នំ​ប្រចៀវ​ ភ្នំ​កំប្លុក និង​ភ្នំ​អ្នកតា​ទូល​ឈ្នាង ។ ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នេះ មាន​ភ្នំ​ចំនួន​២​ ដែល​បច្ចុប្បន្នត្រូវ​បាន​គេ​​ជីក​កកាយ​យក​ថ្មភ្នំ​ទៅ​ធ្វើ​​អាជីវ​កម្ម​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​​ស្ទើរ​រលាយ​បាត់​រូបរាងភ្នំ​អស់​ទៅ​ហើយ នោះគឺ​ភ្នំ​ថ្ម​បាញ់ និង​ភ្នំ​ស្លឹកគ្រៃ ។

បើ​តាម​ការ​រៀបរាប់​របស់​ចាស់ព្រឹទ្ធាចារ្យ​នៅ​​តំបន់​ជើងភ្នំ​នេះ​​ថា ក្រៅពី​ភ្នំ​ថ្ម​បាញ់ និង​ភ្នំ​ស្លឹកគ្រៃ ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន​​​ដាក់​គ្រឿង​ចក្រកាយ​យក​ថ្ម​នោះ ភ្នំ​​ផ្សេង​ៗ​ទៀតគឺ​មិន​មាន​ក្រុមហ៊ុន​ណា​ហ៊ាន​ប៉ះពាល់​​ទេ ដោយសារ​ភ្នំ​ទាំងនោះ​មាន​បារមី​ខ្លាំងពូកែ​នៅ​ថែរក្សា ដែល​អ្នក​ស្រុក​គោរព​បូ​ជា​ធ្វើ​បុណ្យ​ទាន​រាល់​ៗ​ឆ្នាំ​ តាម​ប្រពៃ​ណី​ជំនឿ​ពី​យូរ​លង់​ណាស់​មក​ហើយ​ ។

ជាក់ស្ដែង​ ដូច​ជា​នៅ​ភ្នំ​ប្រចៀវ និង​ភ្នំ​អ្នកតា​ទូល​​ឈ្នាង​ជាដើម ដែលកាល​ពី​មុន​ ពេល​ណាមាន​មនុស្ស​ណា​មាន​ចេតនា​អាក្រក់ ចង់ទៅ​កាប់​គាស់​រុករាននៅ​ក្បែរ​ភ្នំ​នោះ ពួក​គេ​តែងតែ​បានឃើញ​​ខ្លា​ ដំរី​ធំ​ៗ ចេញ​មក​ក្រ​វែល​នៅ​ជើងភ្នំ ស្រែក​គ្រហឹម​គំរាម​មនុស្ស​ទាំងនោះ​ឲ្យ​ភ័យ​ស្លន់ស្លោ​បាក់ស្បាត រត់​ចែក​ផ្លូវ​គ្នា​ទាំងព្រលឹង​ចុង​សក់​ជា​ញឹកញាប់ ។ ដូច្នេះ​ហើយ​ ទើប​ពុំ​មាន​នរណា​ថ្លើម​ធំ​ហ៊ាន​ទៅ​រំលោភ​ពាន ​ប៉ះពាល់​នៅ​ក្បែរ​ភ្នំ​នោះ​ឡើយ ។

ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បារមី​ទាំង​នោះ​​ក៏​ហាក់ដូចជា​ស្ងប់​ស្ងាត់បាត់​អស់​ដែរ ពីព្រោះ​មិន​ដែល​ឃើញ​ខ្លា​ ដំរី​ ទាំងនោះ​ចេញ​បង្ហាញខ្លួន​ឲ្យ​អ្នកស្រុក​ឃើញ​ដូច​មុន​ទៀត​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ឈឺ​កាច់​នេះ​ ក៏​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ៗ សូម​​មាន​វិធានការ​ទប់​ស្កាត់ និង​អភិរក្ស​ភ្នំ​ទាំងនេះ​ផង ពីព្រោះ​ពួក​គាត់​បារម្ភ​ខ្លាច​កូនចៅ​ជំនាន់​ក្រោយនឹង​គ្មាន​វាសនាបានឃើញ​សម្រស់ និង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រងរបស់​ភ្នំ​ឈើ​កាច់​ដូច​ពេល​នេះ ។

​អ្វី​ដែល​ជា​ការ​បារម្ភ​នោះ​គឺ​ឈ្មោះ​ថា «ស្រុក​បាភ្នំ»​ បែរទៅជា​«ស្រុក​​បាត់​ភ្នំ»​ ដែល​ពេល​នោះ​មិនដឹង​ថា​ត្រូវ​និយាយ​បែប​ណា​ទៀត​នោះ​ទេ ៕

​​​​​

​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ