ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋានប្រាសាទព្រៃប្រាសាក់ ជាតំបន់ទេស​ចរណ៍​ប្រវត្តិសាស្ត្រនៅស្រុកស្វាយជ្រំ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រមណីយដ្ឋានប្រាសាទព្រៃប្រាសាក់ ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៃខេត្តស្វាយ

ខេត្តស្វាយរៀង ៖ រមណីយដ្ឋានប្រាសាទព្រៃប្រាសាក់ ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៃខេត្តស្វាយរៀង បានទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទសនាកំសាន្ត និងលម្ហែកាយនៅថ្ងៃសម្រាកចុងសប្តាហ៌។រមណីយ៍ដ្ឋានប្រាសាទព្រៃប្រាសាក់ ស្ថិតនៅទឹសអាគ្នេយ៍នៃក្រុងស្វាយរៀង ។ បើយើងធ្វើដំណើរចេញពីក្រុងស្វាយរៀង ឆ្លងស្ពានគយត្របែក ទៅត្បូងតាមផ្លូវបេតុងនិងផ្លូវក្រាលកៅស៊ូ មានចម្ងាយ១៦គីឡូម៉ែត្រពីក្រុងស្វាយរៀង។

ប្រាសាទព្រៃប្រាសាក់ កសាងនៅមាត់ព្រែកទន្លេវ៉ៃគោ ស្ថិតនៅភូមិប្រាសាក់ឃុំប្រាសាក់ស្រុកស្វាយជ្រំ។បើយើងទៅដល់រមណីយ៍ដ្ឋានផប្រសាទព្រៃប្រាសាក់យើងឃើញដើមឈើតូចធំដុះជាជួរ មានមែកសាខាត្រជាក់ត្រឈឹងត្រឈៃ គួរឲ្យចង់អង្គុយលេងនិងដេកលម្ហែកាយ ប្រកបទៅដោយខ្យល់ធម្មជាតិបក់រំភើយៗ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយណាស់ ។ នៅពីខាងមុខប្រាសាទ តាមមាត់ព្រែក មានសង់ខ្យូស​ ប្រមាណជា១០​ខ្យូស​ ហើយក្នុងកញ្ចុះនីមួយៗគឺមានចងអង្រឹង សម្រាប់ឲ្យភ្ញៀវសម្រានលេង និងមានម្ហូបកាម៉ង់ តាមភ្ញៀវត្រូវការ ដូចជា មាន់ដុតទឹកឃ្មុំ ត្រីរស់ដុត ឬអាំង និងបំពង ត្រីគឺអ្នកភូមិនេសាទក្នុងព្រែកទន្លេវ៉ៃគោ ដូចជាត្រីរស់ ត្រីក្រាញ់ ត្រីអណ្តែងទន់ ត្រីកេះ ត្រីឆ្ពឹន ត្រីឆ្លូញ អន្ទង់។ល។ មានទឹកគ្រឿង អន្លក់បន្លែធម្មជាតិ (មានកញ្ឆែត ម្ជុលភ្នំ ភ្លៅកង្កែប ស្លាបចង្វា ម្ជូរអំព្រឹក ស្គន់អំបោះ ត្រកៀត រំចង់ ។ល។) សម្អុសត្រី និងគ្រាក់ប្រហុកត្រីរស់ ។

លោកគ្រូអាចារ្យ ហន អាយុ៥៥ឆ្នាំ ជាឆ្មាំថែរក្សា​ប្រាសាទព្រៃ ប្រាសាក់ បានឲ្យដឹងថា ប្រាសាទព្រៃប្រាសាក់នេះ បានកសាងឡើងក្នុងអំឡុងសត្តវត្សទី៦ សាងសង់អំពីឥដ្ឋតាន់ បើគិតមកដល់បច្ចុប្បន្នមានអាយុកាលជាង២ពាន់ឆ្នាំមកហើយ ។ ហើយត្រូវបាក់បែកខូចទាំងស្រុងនៅសល់តែគ្រឹះ ដោយ​សារសង្គ្រាមក្នុងទស្សវត្ស៧០ យន្តហោះទម្លាក់គ្រាប់បែកចំតួប្រាសាទបណ្តាលឲ្យខ្ទេចក្លាយទៅជារណ្តៅ។

លោកគ្រូអាចារ្យ បានបន្តថា ប្រវត្តិ ប្រាសាទព្រៃប្រាសាក់នេះថា កាលអំឡុងសត្តវត្សទី៦ ទួលនេះគឺជាកោះមួយ ដែលមានទឹកទន្លេព័ទ្ធជំវិញ ជាទីកន្លែងចតសំពៅ របស់អ្នកជំនួញ កាលណោះ មានស្តេចមួយអង្គ មកគង់នៅលើកោះនេះហើយបានកសាងប្រាសាទ ដើម្បីស្នាក់នៅ និងជាកន្លែងគោរពបូជា​ផងដែរ នៅថ្ងៃមួយ​អ្នកជំនួញបានដឹកទំនិញឆ្លងកាត់កោះនេះស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យសំពៅនោះក្រឡាប់លេច ចាក់មនុស្សចូលក្នុងទឹកទន្លេ លង់ស្លាប់ជាច្រើនអ្នក បន្ទាប់មកស្តេចមួយអង្គ គេហៅថាស្តេចព្រៃក្មេង បានបញ្ជាឲ្យពលសេនា យកសំពៅមួយទៅស្រង់មនុស្សដែលនៅរស់រានមានជីវិតមកលើកោះនិងទៅអុសសំពៅ ដែលលិច មកដាក់នៅលើកោះ ក្រោយមកក៏បានឲ្យពលរេ ជីករណ្តៅកប់សំពៅនោះទុក (កប់ទាំងទ្រព្យសម្បត្តិនៅក្នុងសំពៅនោះផង) នៅខាងត្បូងប្រាសាទ ហើយការកប់សំពៅ នោះនៅជិតដើមពោធិ ១ដើម ចាស់ទុំហៅថា ដើមពោធិតោកគីរី គឺមានបរមីសាកសិទ្ធិណាស់(កន្លែងលិចសំពៅគេហៅអូរឆ្អឹងស) ។

ក្រោយមកទៀត ក៏មានសង្គ្រាម ស្តេច ព្រៃក្មេង បាននាំមហេសី និងពលសេនាឡើងលើសំពៅ ភៀសព្រះកាយចេញពីប្រសាទព្រៃប្រាសាក់ឬប្រាសាទព្រៃក្មេងនេះ ទៅ នៅលើកោះមួយទៀត នៅទឹសខាងកើតចម្ងាយប្រមាណ៩គីឡូម៉ែត្រ បច្ចុប្បន្នគេហៅថាព្រះពន្លា ។ ហើយនៅខាងលិចកប់សំពៅ ក៏មានដុះដើមស្វាយមួយដើម គេហៅស្វាយកាល់ ដើមស្វាយកាល់ដ៏ធំនៅរហូតបច្ចុប្បន្ន ។

លោកគ្រូអាចារ្យហន បានមានប្រសាសន៍ថា. នៅដើមស្វាយកាល់នេះមានបារមីខ្លាំងណាស់ចាស់ទុំដំណាលតៗគ្នាមកថា. ពេលអ្នកស្រុក ធ្វើបុណ្យ ឬរៀបអាពាហ៌ពិពាហ៌កូនចៅ ហើយខ្វះចាន ស្លាបព្រា កែវ គឺគេមកអុចធូបនៅក្រោមដើមស្វាយកាល់ រួចនិយាយសុំខ្ចី ចាន៥០០ ស្លាបព្រា៥០០ កែវ៥០០ គឺមួយសន្ទុះ ឃើញចាននិងស្លាបព្រា កែវនៅក្នុងកញ្ជើរ គ្រប់ចំនួន៥០០តាមការសុំខ្ចី ពេលធ្វើបុណ្យរួចរាល់ គឺអ្នកស្រុកយកមកសងវិញគ្រប់ចំនួន បើបែកឬបាត់ត្រូវទិញសងវិញ ក្រោយមកអ្នកខ្ចី ធ្វើឲ្យបែកឬបាត់មិនទិញសងវិញ ពេលអ្នកក្រោយទៅខ្ចីលែងអោយ ដោយអ្នកខ្ចី គ្មានសច្ចៈធម៌។

រីឯដើមពោធិតោកគីរី (ដើមប៉ុនកង់រទេសមែកសាខា)មានអ្នកសច្ចំ ឈ្មោះ ទេពធីតា លោកតាត្រសក់ សរ ថែរក្សា ទួលកប់សំពៅ និងដើមពោធិតោកគីរី នេះ លុះក្នុងសម័យអាណានិគមបារាំងសេស បានជិះសំពៅមក ប្រសាទព្រៃប្រាសាក់នេះ ហើយបញ្ជា ឲ្យទាហាន ជីកកកាយទួលកប់សំពៅ ដើម្បីយកទ្រព្យសម្បត្តិ នៅក្នុងសំពៅនេះ ខណៈជីកបានជម្រៅប្រមាណ១ម៉ែត្រកន្លះ បានឃើញដងក្តោងសំពៅ ហើយស្រប់តែរន្ទះបាញ់ស្លាប់ពួកបារាំងសេស ភ័យនាំគ្នាលើកយកសាកសព រត់ឡើងលើសំពៅ ចេញទៅប៉ុស្តិ៍ខាងត្បូង ចម្ងាយ៤គីឡូម៉ែត្រលែងហ៊ានមកជិតទួលនេះរហូត។

បច្ចុប្បន្នទួលប្រាសាទព្រែប្រាសាក់ មានផ្ទៃដីសរុប០៩ហិកតា មានដើមឈើ ដុះត្រឈឹងត្រឈៃ ខាងមុខប្រសាទ ។ ចំណែកដើមពោធិតោកគីរី (មានអាយុជា២ពាន់ឆ្នាំដើប៉ុនកង់រទេស )បានស្លាប់ នៅក្នុងឆ្នាំ១៩៦៨ ហើយត្រូវព្រះធរណីស្រូប លិចបាត់ទៅក្នុងដីនៅឆ្នាំ១៩៦៩ បច្ចុប្បន្ន នៅស្នាមរណ្តៅប៉ុនអំពកស្រែ អ្នកស្រុកនៅតែមានជំនឿ ទៅបន់ស្រន់សុំលាភសំណងនិងសេចក្តីសុខ។នៅឆ្នាំ១៩៩៦ ដល់១៩៩៨ លោកតាហ៊ឹម បានសហការជាមួយគណៈកម្មការវត្តក៏សាងប្រសាទតូចមួយ ធ្វើអំពីឥដ្ឋ សម្រាប់ដំកល់រូបបដិមា លោកតា ស និងលោកយាយសាក់ នៅថែរក្សា ប្រាសាទ និងសម្រាប់អ្នកស្រុកគោរពបូជា ។

នៅពីមុខទួលកប់សំពៅ មានកសាងព្រះពុទ្ធបដិមាអង្គធំ ទ្រង់ប្រោសបញ្ចៈវគ្គីយ៍ បានរៀបចំពិធីពុទ្ធាពិសេកនៅថ្ងៃ១៣កើតខែមាឃ ឆ្នាំខាលទោសក័២៥៥៤ ត្រូវថ្ងៃទី១៦កុម្ភៈឆ្នាំ២០១១ អ្នកកសាងឯកឧត្តមអ៊ឹង សុធី និងលោកជំទាវហង់ ភារី រួមមានរូបសំណាកសេះ ដំរី ស និងឧប្បដ្ឋានសាលា ១ខ្នងសម្រាប់រៀបចំពិធីបុណ្យ រៀបការ៉ូឡា ពេញទីធ្លា និងជីកស្រះទឹក នៅគូប្រាសាទ និងមានដើមត្នោតដុះជាជួរគួឲ្យគយគន់។នៅក្នុងព្រៃប្រាសាទក៏មានសត្វស្វាតូចធំចំនួន៤០ក្បាលរស់នៅផងដែរ។

លោកគ្រូអាចារ្យ ហន បានប្រាប់កោះសន្តិភាពថា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តនៅរមណីយ៍ដ្ឋានប្រាសាទព្រៃប្រាសាក់នេះមានរាល់ថ្ងៃ ក៏ប៉ុន្តែមានមកច្រើននៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com