(បាងកក)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាថៃបានបោះឆ្នោតសម្រេចទទួលស្គាល់សេចក្ដីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា (LGBTQ+) ដែលត្រួសត្រាយផ្លូវឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមិថុនា។
ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ក្នុងការអនុម័តច្បាប់នេះដោយមានសមាជិកព្រឹទ្ធសភាចំនួន១៣០នាក់បានបោះឆ្នោតគាំទ្រ។ សមាជិកតែ៤រូបប៉ុណ្ណោះដែលប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់ស្តីពីការពង្រីកសិទ្ធិអាពាហ៍ពិពាហ៍ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃបន្ទាប់ពីការចុះផ្សាយក្នុងព្រះរាជក្រឹត្យ។
លទ្ធផលបោះឆ្នោតមានន័យថា ប្រទេសថៃនឹងក្លាយជាប្រទេសទី៣ នៅអាស៊ី ដែលអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍ បន្ទាប់ពីតៃវ៉ាន់ (ចិន) ធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅឆ្នាំ២០១៩ និងនេប៉ាល់នៅឆ្នាំ២០២៣៕
ចែករំលែកព័តមាននេះ