ខេត្តពោធិ៍សាត់មានភ្នំជាង១០០ និងមានឈ្មោះប្លែកៗគួរឱ្យទាក់ទាញ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិច
ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិច
ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិច
ជាប់នឹងខេត្តបាត់ដំបងនិងប្រទេសថៃ ខាងជើងជាប់បឹងទន្លេសាប និងខាងត្បូងជាប់នឹងខេត្ត
កំពង់ស្ពឺ និងខេត្តកោះកុង ។ ខេត្តនេះមានសក្ដានុពលសំខាន់ៗច្រើន ពិសេសលើវិស័យធនធាន
ទឹក វិស័យទេសចរណ៍ វិស័យថាមពល និងវិស័យឧស្សាហកម្ម ។ ជាខេត្តដែលសម្បូរទៅដោយភ្នំ ប៉ុន្តែសព្វថ្ងៃនេះភ្នំមួយចំនួនធំដែលធ្លាប់តែមានសម្រស់ធម្មជាតិស្រស់បំព្រងដ៏ត្រកុំត្រកាលនោះ ត្រូវជនអគតិកាប់ទន្ទ្រាន កោរត្រងោល ស្ទើរគ្មានសល់ ។
ទោះបីខេត្តពោធិ៍សាត់សម្បូរភ្នំច្រើនមែន ប៉ុន្តែអ្នកខេត្តពោធិ៍សាត់ ពុំមានអ្នកណាបានស្គាល់ឈ្មោះភ្នំអស់ទេ រាប់ទាំងអាជ្ញាធរនិងមន្ត្រីជំនាញផងដែរ ។
តាមការស្រាវជ្រាវរបស់កោះសន្តិភាពបានឲ្យដឹងថា នៅខេត្តពោធិ៍សាត់មានភ្នំរហូតដល់ជាង១០០ឯណោះ និងមានឈ្មោះផ្សេងៗគ្នាគួរឲ្យចាប់អារម្មណ៍ ដែលមាននៅក្រុងពោធិ៍សាត់ ស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ក្នុងចំណោមក្រុង-ស្រុកទាំង៧ ។
នៅក្រុងពោធិ៍សាត់មានភ្នំចំនួន៦គឺ ភ្នំទ្រព្យ ភ្នំថ្មបីដុំ ភ្នំរលាប ភ្នំបរវង្ស ភ្នំសូទិន និងភ្នំ
ចន្ទល់កូន ។
នៅស្រុកតាលោសែនជ័យមានភ្នំចំនួន៥គឺ ភ្នំបាក់ ភ្នំពិន ភ្នំកែវ ភ្នំរកាចោល និងភ្នំឈ្នាន់រនាស់ ។
នៅស្រុកក្រគរមានភ្នំចំនួន២៣គឺ ភ្នំលាំងត្រាច ភ្នំកាច់ចង្កូត ភ្នំប្រីយ៍ ភ្នំគុក ភ្នំខ្នងដំរី ភ្នំទទឹងថ្ងៃ ភ្នំបាយឃ្លះ ភ្នំហែផ្កា ភ្នំក្បាលទាហាន ភ្នំខ្នងជាស ភ្នំថ្មសំលៀង ភ្នំតាប៉ាង ភ្នំថ្មក្រហម ភ្នំផ្នូក ភ្នំដាក់ព្រះ ភ្នំរំសាយសក់ ភ្នំច្រកល្អៀង ភ្នំនាគស ភ្នំយ៉ោក ភ្នំឱរ៉ាល់ ភ្នំត្រងិល ភ្នំពេជ្រ និងភ្នំក្បាលសៀម ។
នៅស្រុកភ្នំក្រវាញមានភ្នំចំនួន៥០គឺ ភ្នំក្រវាញ ភ្នំបាក់ត្រា ភ្នំសន្ទ្រែ ភ្នំរកាត ភ្នំល្បាក់កំរោញ ភ្នំព្រៃខ្លុង ភ្នំដំណាក់ឈើក្រំ ភ្នំដំណាក់ត្រប់ ភ្នំអ្នកតាក្រហមក ភ្នំរវៀង ភ្នំយាមនង្គ័ល ភ្នំទ្វារក្នុង ភ្នំឡាយភេទ ភ្នំកែវ ភ្នំកន្ទ្រុម ភ្នំត្រប់ ភ្នំអារ៉ៃ ភ្នំរាំងខ្វាវ ភ្នំស្លាស់ ភ្នំស្ពុង ភ្នំតាភោគ ភ្នំយ៉ន ភ្នំស្រួច ភ្នំច្បាំង ភ្នំវែនសែន ភ្នំបញ្ចុះព្រះ ភ្នំប្រាក់ ភ្នំឥសីប្រោសសត្វ ភ្នំតាម៉ាច ភ្នំកោះស្រូល ភ្នំល្អាងទឹកស្រក់ ភ្នំលោក ភ្នំដាហ្លួង ភ្នំអន្លង់កន្ធាយ ភ្នំសំឡិត ភ្នំអាងម្នាស់ ភ្នំតាងរ៉ាង ភ្នំគោបៅមេ ភ្នំសូត្រ ភ្នំអំពុះ ភ្នំទឹក ភ្នំខ្នងស្រែលាច ភ្នំសំឡាញ ភ្នំដំណាក់ត្រយឹង ភ្នំកម្រង ភ្នំផ្ទៃមេឃ ភ្នំស័ង្កសី ភ្នំខ្នងព្រះអង្គ ភ្នំពេជ្រស្លា និងភ្នំថ្មដែកកេះ ។
នៅស្រុកវាលវែងមានភ្នំចំនួន៥៤គឺ ភ្នំ១៥០០ ភ្នំសំកុស ភ្នំឱរ៉ាល់ ភ្នំខ្មោច ភ្នំតាគ្រី ភ្នំចិនយំ ភ្នំទំព័រ ភ្នំស្វារអិល ភ្នំម្ទេស ភ្នំប្រមួង ភ្នំអង្គត់ ភ្នំព្រះធាតុ ភ្នំកន្ទុងរឹម ភ្នំនាងខ្មៅ ភ្នំរូង ភ្នំដោះក្រមុំ ភ្នំលោកតាអើត ភ្នំអំបែងថ្ងៃ ភ្នំថ្មអង្គប់ ភ្នំសំរោង ភ្នំកណ្ដាល ភ្នំក្រាំងរងៀង ភ្នំត្រពងពុង ភ្នំអូដេកា ភ្នំព្រហស្បតិ៍ក្បាល ភ្នំខ្ចៅ ភ្នំផ្សារ ភ្នំពុងមាស ភ្នំគ្រញូង ភ្នំតាកូយ ភ្នំដំរីផុង ភ្នំទង់ជាតិ ភ្នំព្រាល ភ្នំក្រវាញ ភ្នំស្រល់ ភ្នំល្អាង១២ ភ្នំយាយម៉ៅ ភ្នំអន្លង់រាប ភ្នំស្ទឹងក្បាលបី ភ្នំចម្ការរួម ភ្នំឆ្កែតោង ភ្នំព្រះអាទិត្យ ភ្នំកំប៉ុងត្រីខ ភ្នំស៊ីង ភ្នំស្មែត ភ្នំពង្រូល ភ្នំដាឡៃ ភ្នំផ្លិត ភ្នំថ្មចាំង ភ្នំតេអូ ភ្នំមាន់ ភ្នំ១៦ ភ្នំសំពៅ និងភ្នំកញ្ចក់ ។
សូមបញ្ជាក់ថា ឈ្មោះភ្នំតាមស្រុកនីមួយៗក្នុងខេត្តពោធិ៍សាត់ ដែលបានរៀបរាប់ខាងលើនេះ មិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ ហើយក៏ប្រហែលជាមិនទាន់អស់នៅឡើយដែរ ។
កោះសន្តិភាពស្រាវជ្រាវបានមកនេះ តាមរយៈបងប្អូនអតីតទាហានខ្មែរក្រហម តាមរយៈចាស់ព្រឹទ្ធាចារ្យរស់នៅក្នុងតំបន់ជនបទ និងតាមអ្នករកស៊ីចូលព្រៃឡើងភ្នំប៉ុណ្ណោះ គឺពុំមានឯកសារផ្លូវការណាចងក្រងបញ្ជាក់ច្បាស់លាស់នោះទេ។ អាជ្ញាធរដែនដីអត់ស្គាល់ភ្នំក្នុងអាណាចក្ររបស់ខ្លួនអស់ឡើយ ។
ភ្នំ១៥០០ ដែលមានសក្តានុពលបំផុតអ្វីដែលមានការដឹងឮគ្រប់ៗគ្នានោះគឺ ភ្នំ១៥០០ នៅស្រុកវាលវែង បន្ទាប់ពីការកសាងផ្លូវឆ្លងកាត់ជ្រលងភ្នំ និងផ្លូវអន្ទង់អាំង ដែលក្លាយជាផ្លូវទេសចរណ៍ធម្មជាតិមួយឆ្លងកាត់ភ្នំ១៥០០ ដ៏ល្បីល្បាញ ។
រវាងឈ្មោះភ្នំ១០០៥ និងភ្នំ១៥០០ មួយណាជាឈ្មោះផ្លូវការទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាត ប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់ភ្ញៀវទេសចរជិតឆ្ងាយ ។
ប្រសិនបើភ្ញៀវទេសចរ ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រមោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង ។ ជម្រើសទី១ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើ២ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ ។
ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើភ្នំផង ។ ប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបានឃើញទេសភាពជាច្រើនសម្បូរបែប ។
ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតហើយនោះ មានមនុស្សជាច្រើននៅតែមានមន្ទិលទាក់ទងនឹងឈ្មោះភ្នំដ៏ល្បីនៅស្រុកវាលវែង ដោយពលរដ្ឋមួយចំនួនហៅថា ភ្នំ១០០៥ និងខ្លះទៀតហៅភ្នំ១៥០០ ។
តើឈ្មោះទាំង២នេះមួយណាជាឈ្មោះផ្លូវការ ?
ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្ត្ររបស់កងទ័ពដែលធ្វើសង្គ្រាមជាមួយខ្មែរក្រហម ។ ដោយឡែក ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់ពីកម្ពស់់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំណុចផ្លូវអន្ទង់អាំងមានកម្ពស់ប្រមាណ៩០០ម៉ែត្រ ។ ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រនៅតាមផ្លួវ ជាតិលេខ៥៥ ។
សូមបញ្ជាក់ថា ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅតាមផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ ដែលត្រូវបានសម្ពោធកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ។ ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់(ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ១៩១) ទៅដល់វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានសម្ពោធបើកឱ្យ
ប្រើប្រាស់ជាផ្លូវការហើយ ។
ស្របជាមួយនឹងការបើកការដ្ឋានកសាងផ្លូវជាតិលេខ១០ ប្រវែងសរុប១៩៨,៧១គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបង (សំឡូត)កាត់តាមខេត្តពោធិ៍សាត់(វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ