ទីក្រុងហាណូយ៖ តើប្រទេសវៀតណាមចង់ងាកទៅរកសម្ព័ន្ធមិត្តចាស់របស់ខ្លួនឡើងវិញ ហើយរលាស់ដៃចេញពីប្រទេសអាមេរិក ឬយ៉ាងណា? នៅសប្ដាហ៍នេះ ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា វៀតណាមត្រៀមស្វាគមន៍ដៃពីរដើម្បីទទួលវត្តមានរបស់លោកពូទីនដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយតបតាមការអញ្ជើញពីថ្នាក់ដឹកនាំវៀតណាម។ ទីក្រុងហាណូយចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់ និងពង្រឹងសន្តិសុខជាបណ្ដើរៗហើយនៅតាមទីតាំងសំខាន់ៗ។

លោកពូទីនមិនសូវធ្វើដំណើរចេញទៅក្រៅប្រទេសទេចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិចេញនិវេទន៍ក្រហមតាមចាប់ខ្លួនលោកពូទីនកាលពីខែមីនា ឆ្នាំ២០២៣។ លុះត្រាតែប្រទេសដែលគួរឱ្យជឿទុកចិត្តទើបលោកហ៊ានទៅ។ កាលពីពេលកិច្ចប្រជុំប្រ៊ីក (BRICS) នៅអាហ្វ្រិកខាងត្បូងក៏លោកអវត្តមាន ក្រោយមកទៀត កិច្ចប្រជុំជីម្ភៃនៅញូដេលី ក៏លោកអវត្តមានទៀត។

គេសង្កេតឃើញចំណុច២ដែលមានទំនាក់ទំនងគ្នានឹងដំណើរទស្សនកិច្ចនេះ។ ទី១-នៅឯកិច្ចប្រជុំប្រ៊ីកនៅប្រទេសរុស្ស៊ីកាលពីសប្ដាហ៍មុន វៀតណាមបញ្ជូនគណៈប្រតិភូទៅចូលរួម។ ទី២-សម្រាប់កិច្ចប្រជុំកំពូលស្ដីពីបញ្ហាអ៊ុយក្រែនដែលរៀបចំនៅប្រទេសស្វីស វៀតណាមមិនបញ្ជូនគណៈប្រតិភូទៅចូលរួមទេ។ ការដែលវៀតណាមអញ្ជើញលោកពូទីនទៅទីក្រុងហាណូយដូច្នេះធ្វើឱ្យប្រទេសអាមេរិកមានកំហឹងយ៉ាងខ្លាំង។

ប្រទេសអាមេរិកដែលជាសម្ព័ន្ធមិត្តមិនច្បាស់លាស់របស់វៀតណាមដោយសារធ្លាប់ហែលឆ្លងសង្គ្រាមដ៏ជូរចត់ជាមួយគ្នា ក្រោយមកចាប់ដៃគ្នាវិញ អាមេរិកមិនសប្បាយចិត្តទាល់តែសោះនៅពេលវៀតណាមអញ្ជើញលោកពូទីនបែបនេះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយនិយាយបែបដៀមដាមឱ្យវៀតណាមថាប្រទេសនានាទូទាំងពិភពលោកមិនគួរលើកមុខលើកមាត់លោកពូទីនដែលជាអ្នកបង្កសង្គ្រាមឈ្លានពាននោះទេ ហើយក៏មិនគួរលើកមុខលើកមាត់ឱ្យគាត់ប្រព្រឹត្តអំពើឃោរឃៅដោយសេរីនោះដែរ។ បើគាត់ (លោកពូទីន) អាចធ្វើដំណើរដោយសេរីបាន មានន័យថារុស្ស៊ីអាចរំលោភច្បាប់អន្តរជាតិដោយសេរី។ ក្រសួងការបរទេសវៀតណាមមិនទាន់បញ្ចេញប្រតិកម្មតបនឹងសារនយោបាយនេះទេ។

ថ្វីដ្បិតអាយស៊ីស៊ីចេញដីកាចាប់ខ្លួនលោកពូទីន និងស្នើសុំឱ្យប្រទេសដទៃជួយសហការចាប់លោកពូទីន ប៉ុន្តែមិនអាចទៅរួចទេព្រោះប្រទេសខ្លះដូចជាអាមេរិក រុស្ស៊ី និងវៀតណាមមិនមែនជាសមាជិកអាយស៊ីស៊ី។ សហភាពអឺរ៉ុបមិនទាន់ធ្វើអត្ថាធិប្បាយទៅលើគម្រោងទស្សនកិច្ចរបស់លោកពូទីនទេ។ ប៉ុន្តែអឺរ៉ុបខកចិត្តកាលពីខែឧសភានៅពេលទីក្រុងហាណូយពន្យារពេលជួបគណៈប្រតិភូអឺរ៉ុបដែលចង់ពិភាក្សាជាមួយវៀតណាមអំពីផែនការដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី។ អឺរ៉ុបយល់ថាវៀតណាមពន្យារពេលព្រោះចង់ទទួលដំណើរទស្សនកិច្ចរបស់លោកពូទីនជាមុនសិន។

ជាគោលជំហររបស់វៀតណាម វៀតណាមចង់បង្ហាញសហគមន៍អន្តរជាតិថាខ្លួនមិនត្រូវការធ្វើនយោបាយតាមខ្សែញាក់របស់ប្រទេសណា ឬខ្លាចប្រទេសណាអាក់អន់ស្រពន់ចិត្តទេ។ វៀតណាមចង់បង្ហាញថានយោបាយការបរទេសរបស់ខ្លួនគឺឯករាជ្យ អព្យាក្រឹត្យ-ឥតលម្អៀង មិនត្រូវការឱ្យប្រទេសមហាអំណាចត្រួតត្រាបង្គាប់បញ្ជា ឬយកធ្វើជាកូនអុករបស់ខ្លួនឡើយ។ ខាងលើនេះជាការលើកឡើងរបស់លោកអៀនស្ទ័ររេ (Ian Storey) ជាអ្នកសិក្សាជាន់ខ្ពស់នៅសិង្ហបុរីដែលពិនិត្យមើលឥរិយាបថនយោបាយរបស់វៀតណាមនៅពេលទទួលលោកបៃដិន និងលោកស៊ីជីនពីងកាលពីប៉ុន្មានខែមុននេះ៕

ចែករំលែកព័តមាននេះ