ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវសម្រុកទៅលេងនិងទិញផ្លែទុរេន​សំឡូត ឡើង​​ស្ទះ​ផ្លូវ បែរម្ចាស់ទុរេនរអ៊ូរ​ត្អូញត្អែរទៅ​វិញ

1 អាទិត្យ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ ស្របពេលរដូវកាលនេះ ជាពេលវេលាដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» គេសង្កេតឃើញស្ទើររៀងរាល់ថ្ងៃចុងសប្ដាហ៍«សៅរ៍-អាទិត្យ» មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនមានខ្លះមកពីតាមបណ្ដាខេត្តឆ្ងាយៗផង បានធ្វើដំណើរសម្រុកទៅកម្សាន្ត និងរកទិញផ្លែទុរេននៅស្រុកសំឡូតភ្លូកទឹកភ្លូកដី រហូតយានយន្តត្រូវកកស្ទះតាមដងផ្លូវទៀតផង…

0:00
0:00

​ខេត្តបាត់ដំបង ៖ ស្របពេលរដូវកាលនេះ ជាពេលវេលាដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» គេសង្កេតឃើញស្ទើររៀងរាល់ថ្ងៃចុងសប្ដាហ៍«សៅរ៍-អាទិត្យ» មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនមានខ្លះមកពីតាមបណ្ដាខេត្តឆ្ងាយៗផង បានធ្វើដំណើរសម្រុកទៅកម្សាន្ត និងរកទិញផ្លែទុរេននៅស្រុកសំឡូតភ្លូកទឹកភ្លូកដី រហូតយានយន្តត្រូវកកស្ទះតាមដងផ្លូវទៀតផង តែបែរជាអ្នកស្រុកសំឡូត ដែលមានចម្ការទុរេនពោលថា ឆ្នាំនេះតម្លៃទុរេនធ្លាក់ថ្លៃជាងឆ្នាំមុនៗទៅវិញ?

ជាក់ស្ដែង នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៦ មិថុនា គេឃើញមានភ្ញៀវទេសចរក្នុងស្រុក អ្នកខ្លះមកពីតាម​បណ្ដាខេត្តនានាផងបានធ្វើដំណើរភ្លូកទឹកភ្លូកដី តាមរយៈយានយន្តគ្រប់ប្រភេទឆ្ពោះទៅកាន់ស្រុកសំឡូត ដែលជាស្រុកមួយល្បីល្បាញថា សម្បូរចម្ការទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងសម្បូររមណីយដ្ឋានធម្មជាតិ ។ ការធ្វើដំណើរកម្សាន្តដ៏ច្រើនកកកុញនាចុងសប្ដាហ៍បែបនេះ រហូតធ្វើឱ្យកំណាត់ផ្លូវឆ្ពោះទៅកាន់ស្រុកសំឡូតមានការកកស្ទះចរាចរណ៍ដោយអន្លើៗ ។

យើងក្រឡេកទៅមើលតាមដងផ្លូវនានានៅក្នុងស្រុកសំឡូតឯណោះវិញ ជាពិសេសតាមដងផ្លូវនានា ក្នុងឃុំសំឡូត (សំឡូតចាស់) និងឃុំស៊ុង ដែលគេល្បីគ្រប់គ្នាថា ជាទឹកដីដែលសម្បូរទៅដោយដំណាំទុរេនច្រើនស្អេកស្កះជាគេនៅក្នុងស្រុកសំឡូត ។ លើដងផ្លូវលំនានា ដែលធ្លាប់តែស្ងប់ស្ងាត់ បែរជាមមាញឹកទៅដោយយានយន្តគ្រប់ប្រភេទឡើងហុយដីសំពោងនាថ្ងៃអាទិត្យចុងសប្ដាហ៍ ។ នោះគឺជាយានយន្តរបស់ភ្ញៀវទេសចរក្នុងស្រុកដែលស្វែងរកកន្លែងកម្សាន្តផង និងស្វែងរកភ្លក្សរសជាតិ«ផ្លែទុរេន» ។

លោកញឹម សុភាត់ ដែលស្ថិតក្នុងចំណោមភ្ញៀវចំនួនជាង២០នាក់មកពីស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ បានផ្ដល់បទសម្ភាសជាមួយកោះសន្តិភាពថា «ជារៀងរាល់ឆ្នាំ ឱ្យតែពេលដល់ខែទុរេនសំឡូតទុំអ្នកភូមិខ្ញុំ តែប្រកេណ្ឌគ្នាម៉ៅរថយន្តទេសចរណ៍២៥កៅអីជិះមកលេងស្រុកសំឡូត» ។

លោកសុភាត់ ដែលជា «អាយដល»ទុរេនសំឡូតរូបនេះ បានបញ្ជាក់ដូច្នេះថា «ពួកខ្ញុំមករកទិញ​ទុរេនហូបផង និងមកលេងផង។ ពួកខ្ញុំមកលេងស្រុកសំឡូតរាល់ឆ្នាំ ពេលដល់រដូវទុរេនទុំ» ។ ពិតមែនតែភ្ញៀវគ្រប់ទិសទីបានសម្រុកទៅកាន់ស្រុកសំឡូត រៀងរាល់ថ្ងៃចុងសប្ដាហ៍នាពេលនេះ ក្នុងគោលដៅទៅកម្សាន្តតាមរមណីយដ្ឋាននានាផង និងទៅភ្លក្សរសជាតិផ្លែទុរេនដ៏ល្បីល្បាញផង ។

ប៉ុន្តែអ្នកស្រុកសំឡូត ជាពិសេស ម្ចាស់ចម្ការទុរេនភាគច្រើនសុទ្ធតែបានត្អូញត្អែរប្រហាក់ប្រហែលគ្នាថា «តម្លៃទុរេនឆ្នាំនេះធ្លាក់ចុះខ្លាំងជាងឆ្នាំមុនៗ បើទោះជាសម្បូរភ្ញៀវ បើករថយន្តស្វែងរកទិញផ្លែទុរេនខ្វាត់ខ្វែងពាសពេញស្រុកសំឡូតក្ដី» តែពុំមានម្ចាស់ចម្ការទុរេនណាម្នាក់បានបង្ហាញពីមូលហេតុជាក់លាក់ទេ ។ «ដោយសារតែឆ្នាំនេះ អាកាសធាតុក្ដៅហូតហែង ខ្វះទឹកស្រោចស្រប ធ្វើឱ្យទិន្នផលទុរេន ស្ទើរគ្រប់ចម្ការមានការថយចុះជាងឆ្នាំមុនៗ លុះដល់រដូវប្រមូលផល បែរជាទីផ្សារទុរេនធ្លាក់ចុះជាងឆ្នាំមុនៗទៀត» ។ នេះជាការលើកឡើងស្ទើរគ្រប់កសិករដាំទុរេននៅស្រុកសំឡូត ។

អ្នកលក់ទុរេនបានលើកជាចម្ងល់ថា ឆ្នាំនេះ ផលទុរេនស្ទើរគ្រប់ចម្ការបានថយចុះ ម្នាក់ៗមិនសូវមានទុរេនលក់ទេ ប៉ុន្តែដល់រដូវប្រមូលផល បែរជាទុរេនធ្លាក់ថ្លៃចាប់តាំងពីដើមដៃរហូតមកដល់ពេលនេះទៅវិញ ? ប៉ុន្តែចម្ងល់នេះហាក់ពុំមានម្ចាស់ចម្ការ ឬឈ្មួញកណ្ដាលណាម្នាក់ផ្ដល់មូល​ហេតុជាក់លាក់ដែលនាំឱ្យទីផ្សារទុរេនស្រុកសំឡូតធ្លាក់ថ្លៃខុសប្រក្រតីបែបនេះឡើយ ។

អ្នកស្រីហោ សុម៉ាលី នៅភូមិស៊ុង២ ឃុំស៊ុង ដែលកំពុងឈរលក់ទុរេននៅក្នុងរោងខាងមុខផ្ទះ ដែលចោមរោមទៅដោយភ្ញៀវចូលទិញហូរហែមិនដាច់ បានថ្លែងប្រាប់កោះសន្តិភាពថា គាត់លក់ទុរេនដាច់ខ្លាំង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រោះសម្បូរភ្ញៀវមកលេង ។ គាត់បានប្រាប់ដូច្នេះថា «មួយព្រឹកនេះ ខ្ញុំលក់ទុរេនអស់ចន្លោះពី២០០ទៅ៣០០គីឡូក្រាមហើយ» ។ ចំពោះតម្លៃទុរេនវិញ អ្នកស្រី សុម៉ាលី បានប្រាប់ថា ឆ្នាំនេះទុរេនធ្លាក់ថ្លៃខ្លាំងជាងឆ្នាំមុនៗ ។ តម្លៃទុរេនដែលកំពុងលក់នៅចម្ការផ្ទាល់នាពេលនេះ ចន្លោះពី១១,០០០រៀល ដល់១៥,០០០រៀលក្នុងមួយគីឡូ ទៅតាមគុណភាព និងប្រភេទទុរេន ។ អ្នកលក់ទុរេនរូបនេះ ហាក់មិនបានបង្ហាញមូលហេតុជាក់លាក់នៃការធ្លាក់ថ្លៃនេះទេ ។

ប៉ុន្តែគាត់បានបង្ហាញហេតុផលស្មានៗខ្លះដែរថា «បើតាមខ្ញុំដឹង មូលហេតុដែលនាំឱ្យទុរេននៅសំឡូត ឆ្នាំនេះធ្លាក់ថ្លៃអាចមកពីឈ្មួញក្រឡុកទីផ្សារ ។ ជាពិសេស ពួកឈ្មួញថៃ ដែលចូលទិញទុរេន នៅសំឡូតនេះតាំងពីដើមដៃរហូតមក ។

​ការសន្និដ្ឋានបែបនេះ របស់អ្នកស្រី ហោ សុម៉ាលី ក៏ប្រហាក់ប្រហែលនឹងការសន្និដ្ឋានរបស់ម្ចាស់ចម្ការទុរេនដទៃទៀតដែរ ។ អ្នកលក់ទុរេន និងម្ចាស់ចម្ការទុរេននានាបានលើកឡើងថា ឆ្នាំនេះ ពួកឈ្មួញថៃ បានចូលមកស្វែងរកទិញទុរេនខ្មែរនៅស្រុកសំឡូត តាំងពីដើមដៃក្នុងតម្លៃទាបបំផុត ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញថៃបានចុះទិញតាមចម្ការពាសពេញស្រុកសំឡូត ។ ឈ្មួញថៃដើរពិនិត្យផ្លែទុរេន គ្រាន់តែផ្លែទុរេនដាក់ម្សៅប្រហែល៧០% ឬផ្លែទុរេនទាំងឡាយណា ដែលកាត់យកទៅទុកក្នុងចន្លោះពេលមួយសប្ដាហ៍អាចទុំ គឺពួកគេកាត់យកហើយ ។

ដោយយោងលើភាពរាំងស្ងួត ទិន្នផលទាប ផ្លែទុរេនមិនសូវមានគុណភាពល្អ ខណៈម្ចាស់ចម្ការខ្លះត្រូវការប្រាក់សងបំណុលធនាគារផង ទើបពួកគេបង្ខំកាត់លក់ឱ្យឈ្មួញថៃ ក្នុងតម្លៃខ្ពស់បំផុត១៥,០០០រៀលក្នុងមួយគីឡូក្រាម ។ លុះដល់រដូវប្រមូលផលពេញលិញដូចសព្វថ្ងៃនេះ តម្លៃទុរេនសំឡូតកាន់តែធ្លាក់ចុះខុសពីឆ្នាំមុនៗ ។ ទោះយ៉ាងណា បច្ចុប្បន្ន ស្រុកសំឡូត បាននិងកំពុងទាក់ទាញភ្ញៀវទេសចរខ្លាំងជាងគេ ក្នុងចំណោម១៤ស្រុក និងក្រុងនៃខេត្តបាត់ដំបង ។

​គេកត់សម្គាល់ថា អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍បំផុតទៅលើស្រុកតំបន់ព្រៃភ្នំមួយនេះ ក៏ព្រោះតែស្រុកមួយនេះសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិច្រើនរមណីយដ្ឋានកែច្នៃបែប​ធម្ម​ជាតិ ។ ជាពិសេស តំបន់ទឹកធ្លាក់ និងរសជាតិទុរេនផ្អែមឈ្ងុយឆ្ងាញ់ ដែលមិនអាចបំភ្លេចបាននេះឯង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ