ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិតច្រើនប្រភេទមានហាងឆេង​ល្អ​ ខណៈផ្សិតដំបូក ឬផ្សិតខ្មៅ តម្លៃកប់ពពក ឈ្មួញសម្រុកប្រមូលទិញ​

5 ខែ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ ខណៈដល់រដូវប្រជាពលរដ្ឋចាស់ក្មេង​នាំគ្នាដើរចូលក្នុងព្រៃរុករកអនុផលព្រៃឈើ

0:00
0:00

ខេត្ត​ឧត្តរមានជ័យ ៖ ខណៈដល់រដូវប្រជាពលរដ្ឋចាស់ក្មេង​នាំគ្នាដើរចូលក្នុងព្រៃរុករកអនុផលព្រៃឈើ ដូចជាដកផ្សិតប៉ក់ ផ្សិតកែវ ផ្សិតរងា ផ្សិតការចូ ផ្សិត​ក្ងោក ផ្សិតស្មាច់ ផ្សិតយូខា និងផ្សិតដំបូក ឬ​គេតែងតែហៅផ្សិតខ្មៅ ដែលមានតម្លៃជាងគេក្នុងចំណោមផ្សិតទាំងនេះ ​កំពុង​មានហាងឆេងល្អប្រសើរ ត្រូវបានក្រុមឈ្មួញខ្មែរដើរប្រមូលទិញពីប្រជាពលរដ្ឋគ្រប់ទិសទី រួចដឹកជញ្ជូន​មកចាក់​គរនៅទីតាំង​មួយកន្លែង ស្ថិតក្នុងភូមិស្រះឈូក ​ដើម្បី​រៀបចំដាក់​ឡើងរថយន្តដឹកជញ្ជូនបន្តទៅលក់ឲ្យក្រុមឈ្មួញថៃ តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​កាលពី​ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ។

លោកសាស់ ហុជ មេភូមិអូរគ្រញួង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបរាប់ឲ្យកោះសន្តិភាពដឹងថា ភូមិអូរគ្រញួងបានបង្កើតឡើងស្ថិតលើកំពូលភ្នំដងរ៉ែកតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃកាលពីកន្លងទៅ បច្ចប្បន្ននេះ​​ប្រជាពលរដ្ឋ​ចាស់ក្មេងបាននាំគ្នា​ដើរចូលព្រៃរុករកអនុផលព្រៃឈើ ដកផ្សិតយកមកលក់ឲ្យក្រុមឈ្មួញខ្មែរបានកម្រៃលុយកាក់បន្តិចបន្ទួចសម្រាប់ដោះស្រាយជីវភាពចិញ្ចឹមជីវិត ។

ដោយឡែកគេបានសង្កេតឃើញស្រ្តីម្នាក់មានទឹកមុខញញឹម ញញេមកំពុង​តែមានសកម្មភាពញាប់ដៃញាប់ជើងរ៉ែងផ្សិតឲ្យជ្រះដី និងច្រកផ្សិតទៅក្នុងថង់ ក្នុងចំណោមមនុស្សក្មេងចាស់ប្រុសស្រីជាច្រើននាក់បានរៀបរាប់ឲ្យដឹងថា ក្រុមឈ្មួញខ្មែរបានដើរប្រមូលទិញផ្សិតគ្រប់ទីកន្លែង ហើយដឹកជញ្ជូនយកមកចាក់គរជារៀងរាល់ថ្ងៃនៅក្នុងភូមិស្រះឈូក ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដើម្បីរៀបចំច្រកដាក់ចូល​ទៅក្នុងថង់ ក្នុងមួយថង់​មានទម្ងន់​១០គីឡូក្រាម ។ បន្ទាប់មកក្រុមឈ្មួញដឹក
ជញ្ជូនទៅលក់ឲ្យក្រុមឈ្មួញថៃ ហើយពួកគាត់អាចរកចំណូលបានមួយព្រឹកៗចំនួន៣ម៉ឺនរៀលផងដែរ។

ទាក់ទងនឹងព័ត៌មានផ្សិតនេះដែរ កោះសន្តិភាពបានជួបស្រ្តីម្នាក់ដែលជា​ក្រុមឈ្មួញដើរប្រមូលទិញផ្សិតឈ្មោះម៉ន នីតា ហៅចែចិន អាយុ៤៥ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើបទសម្ភាសន៍​ជាមួយអ្នកយកព័តមានកោះសន្តិភាព​កាលពី​រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ​នេះថា រូបគាត់បានដើរប្រមូលទិញផ្សិត​ពីតាមបណ្តាខេត្តផ្សេងៗ ដូចជានៅខេត្តមណ្ឌុលគីរី ខេត្តរតនៈគីរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។

ស្ត្រីជា​ឈ្មួញខាងលើបានបន្ត​ថា ខណៈនេះដែរក្នុងការប្រមូលទិញដូចជាផ្សិតប៉ក់ ក្នុង១គីឡូតម្លៃ៥ពាន់រៀល លក់ទៅឲ្យក្រុមឈ្មួញ​ថៃក្នុងមួយគីឡូតម្លៃ​៦០បាត ផ្សិតកែវទិញក្នុងតម្លៃ៥ពាន់រៀល លក់ទៅឱ្យ​ឈ្មួញថៃក្នុង១គីឡូតម្លៃ​៦០បាត ផ្សិតស្មាច់ទិញក្នុងតម្លៃ១ម៉ឺនរៀល លក់ទៅឲ្យឈ្មួញថៃក្នុង១គីឡូតម្លៃ​១២០បាត ផ្សិតយូខាក្នុងមួយគីឡូតម្លៃ២ម៉ឺនរៀល លក់ឲ្យឈ្មួញថៃក្នុង១គីឡូតម្លៃ២២០បាត ផ្សិតកាចូ មួយគីឡូតម្លៃ៨ម៉ឺនរៀល លក់ឲ្យឈ្មួញថៃក្នុង១គីឡូតម្លៃ​៩០០បាត ផ្សិតក្ងោក​ក្នុងមួយគីឡូតម្លៃ២ម៉ឺន៥ពាន់រៀល លក់ឲ្យឈ្មួញថៃក្នុង១គីឡូ​តម្លៃ៣០០បាត ​។ ចំណែក​ផ្សិតដែលមានតម្លៃថ្លៃ​ជាងគេក្នុងចំណោមផ្សិតនានា គឺផ្សិតដំបូក ឬ​គេហៅថាផ្សិតខ្មៅ ដែល​ប្រជាពលរដ្ឋតែងតែយកមកប្រើជាថ្នាំឱសថបូរាណស័ក្តិ​សិទ្ធ ទិញក្នុងមួយគីឡូក្នុងតម្លៃ៥០ម៉ឺនរៀល​លក់ទៅ​ឱ្យក្រុមឈ្មួញថៃក្នុង១គីឡូតម្លៃ៦ពាន់បាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ