ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចង់​យក និង​ដំឡើង​ពន្ធ​ខ្ពស់​លើ​គ្រឿង​ស្រវឹ.ង និង​ភេសជ្ជៈ​ផ្អែម ដើម្បី​សុខភាព​ប្រជាជន

1 អាទិត្យ មុន

ប្រទេស​វៀតណាម ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ផ្តល់​អនុសាសន៍​

ប្រទេស​វៀតណាម ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​វៀតណាម គួរតែ​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក៏​ដូច​ជា​ការ​យកពន្ធ​លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ជាតិ​ផ្អែម​ទាំងអស់ ដើម្បី​កាត់​បន្ថយ​ការ​ទទួលទាន​ច្រើន​លើស​កម្រិត​ពី​សំណាក់​ប្រជាជន​វៀតណាម​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ក្រសួង​ហិរញ្ញវត្ថុ​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល គួរតែ​ចាប់ផ្តើម​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​ជា​បណ្តើរ​ៗ​រហូត​ដល់​១០០% នៅ​ឆ្នាំ ២០៣០​។ អត្រាពន្ធ​បច្ចុប្បន្ន​លើ​គ្រឿង​ស្រវឹង​នៅ​វៀតណាម​មាន​ចំនួន ៦៥% សម្រាប់​ស្រា​បៀរ និង ៣៥ ទៅ ៦៥% សម្រាប់​ស្រា ដោយ​អាស្រ័យ​លើ​បរិមាណ​ជាតិ​អាល់កុល និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​មាន​សារជាតិ Fermented ពី​ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​។ ការ​ដំឡើង​ពន្ធ​មាន​គោលបំណង​ជំរុញ​ការ​បង្កើន​តម្លៃ​លក់​គ្រឿង​ស្រវឹង ឆ្លើយ​តប​តាម​ការ​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

ក្រសួង​បាន​ជំរុញ​ការ​ដំឡើង​អត្រាពន្ធ​ដល់ ៨០% នៅ​ឆ្នាំ ២០២៦ និង​បន្តិច​ម្តង​ៗ​រហូត​ដល់ ១០០% នៅ​ឆ្នាំ ២០៣០ សម្រាប់​គ្រឿង​ស្រវឹង​មាន​ជាតិ​អាល់កុល​លើស​ពី ២០%​។ សម្រាប់​គ្រឿង​ស្រវឹង​ជាតិ​អាល់កុល​ទាប គួរ​គិត​អត្រា​ពី ៥០ ទៅ ៧០%​។ ក្រសួង​បាន​លើក​ឡើង​ថា គ្រឿង​ស្រវឹង​គឺជា​ការ​ញៀន និង​បង្ក​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលទាន និង​ជះ​ផល​អវិជ្ជមាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ចរាចរណ៍​។ ការ​អនុវត្ត​អត្រាពន្ធ​ខ្ពស់​គឺ​ចាំបាច់ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់ ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត ដ៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ការ​ទទួលទាន​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ បណ្តា​អាជីវកម្ម​លក់​គ្រឿង​ស្រវឹង​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត និង​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​កុំឱ្យ​ដំឡើង​ពន្ធ ដោយ​អះអាង​ថា​នឹង​បំផ្លាញ​អាជីវកម្ម ឧស្សាហកម្ម​ផលិត និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ពន្ធ​ផង​ដែរ​។ ការ​ដំឡើង​ពន្ធ​ដើម្បី​បង្កើន​តម្លៃ​លក់​មិនមែន​ជា​កត្តា​ជំរុញ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​អ្នក​ទទួលទាន​នោះ​ទេ ហើយ​ជំនួស​មក​វិញ គួរតែ​មាន​គោលនយោបាយ​លើកទឹកចិត្ត​ឧស្សាហកម្ម​ក្នុង​ការ​ច្នៃប្រឌិត និង​បង្កើត​ផលិតផល​សមរម្យ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ទទួលទាន និង​សេដ្ឋកិច្ចជាតិ​។

ក្រៅពី​នោះ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ក៏​បាន​អំពាវនាវ​ឱ្យ​ដាក់​ពន្ធ​ចំនួន ១០% លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ផ្អែម​គ្រប់​ប្រភេទ ដើម្បី​កាត់​បន្ថយ​ការ​ទទួលទាន​លើស​កម្រិត​។ ដូច្នេះ​បើ​ពន្ធ​ដល់ ១០% អ្នក​ទទួលទាន​អាច​ប្តូរ​ទៅ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​តិច ឬ​គ្មាន​តែ​ម្តង ដែល​នឹង​ជួយ​ពួក​គេ​កាត់​បន្ថយ​ការ​ធាត់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេង​ៗ​ទៀត ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​ជួយ​សម្រាល​សម្ពាធ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ជាតិ​។

ក្រសួង​បាន​អះអាង​ថា ការ​យកពន្ធ​លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ផ្អែម នឹង​នាំ​ចំណូល ២.៤ ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង ៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ដំបូង មុន​ពេល​ធ្លាក់​ចុះ​មក​វិញ នៅ​ពេល​អ្នក​ទទួលទាន​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ទៅ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​តិច ឬ​គ្មាន​ជាតិ​ស្ករ​តែ​ម្តង​។

របាយការណ៍​ពី​វិទ្យាស្ថាន​ជាតិ​អាហារូបត្ថម្ភ​វៀតណាម បាន​បង្ហាញ​អំពី​ក្តី​បារម្ភ​ជុំវិញ​ការ​កើនឡើង​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម សម្រាប់​មនុស្ស​ម្នាក់​ៗ​ប្រចាំឆ្នាំ​។ សមាមាត្រ​នៃ​ចំនួន​កុមារ និង​ក្មេង​ជំទង់​ដែល​លើស​ទម្ងន់ និង​ធាត់ ដែល​មាន​អាយុ​ពី ៥ ទៅ ១៩​ឆ្នាំ បាន​កើនឡើង​ទ្វេ​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ រហូត​ដល់ ១៩% បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែល​ខ្ពស់​ជាង​មធ្យមភាគ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ត្រឹមតែ ១៧.៣% ប៉ុណ្ណោះ​។

ក្រសួង​បញ្ជាក់​ថា ការ​យកពន្ធ​លើ​ភេសជ្ជៈ​ផ្អែម គឺជា​និន្នាការ​សកល ហើយ​ប្រទេស​ចំនួន ៨៥ នៅ​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ដូច្នេះ​រួច​មក​ហើយ​។ ទោះ​យ៉ាងណា​ក៏​ដោយ បណ្តា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​កាលពី​ឆ្នាំ​មុន បាន​បញ្ចុះបញ្ចូល​ប្រឆាំង​នឹង​ការ​យកពន្ធ​ដោយ​អះអាង​ថា ពួក​គេ​មិន​បាន​រួមចំណែក​ដល់​បញ្ហា​សុខភាព​របស់​អ្នក​ទទួលទាន​នោះ​ទេ​។

បន្ថែម​លើស​ពី​នេះ​ទៀត សំណើ​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​ទៅ​កាន់​រដ្ឋាភិបាល ក៏​បាន​រួម​បញ្ចូល​ផង​ដែរ នូវ​ពន្ធ​អាករ​ថ្មី ឬ​ខ្ពស់​លើ​ផលិតផល​ផ្សេង​ទៀត​មួយ​ចំនួន រួម​ទាំង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ផង​ដែរ​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ