ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ស្នេហ៍​ជន​ជាតិ​អាមេរិក​ស្ទូច​បាន​ហិប​ដែក​ពី​បាត​ទន្លេ​មាន​លុយ​១​សែន​ដុល្លារ​នៅ​ក្នុង​នោះ

1 អាទិត្យ មុន

ទីក្រុង​វ៉ាស៊ីនតោន៖ គិត​ទៅ​សំណាង​របស់​មនុស្ស​មើល​មិន​ឃើញ​មែន។ ថ្មី​ៗ​នេះ គូ​ស្នេហ៍​​​ជន​ជាតិ​អា​មេ​រិក​​​​នៅ​រដ្ឋ​ញូយ៉ក​ទម្លាក់​យោង​​​ស្ទូច​បាន​​ហិប​​ដែក​​​មាន​លុយ​ដប់​ម៉ឺន​ដុល្លារ​នៅ​ក្នុង​នោះ​។ លុយ​នោះ​មិន​ដឹង​បន្សល់​ទុក​តាំង​ជំនាន់​​ណា​មក​ទេ​។ ​ពួកគេ​​ខិត​ខំ​ថែ​រក្សា​គុណ​ភាព​ក្រដាស​ប្រាក់​កុំ​ឱ្យ​​រហែក ឬ​ដាច់​ចេញ​ពី​គ្នា​។​ ជា​ទូទៅ​​ ធនាគារ​ជាតិ​​​​ដូរ​ជូន​នូវ​​​​ក្រដាស​ប្រាក់​​​រហែក​ ឬ​ខូច​គុណ​ភាព​ខ្លាំង​ដែល​គេ​លែង​ទទួល​យក​សម្រាប់​ទូទាត់​ទំនិ​ញ​​​​​។…

ទីក្រុង​វ៉ាស៊ីនតោន៖ គិត​ទៅ​សំណាង​របស់​មនុស្ស​មើល​មិន​ឃើញ​មែន។ ថ្មី​ៗ​នេះ គូ​ស្នេហ៍​​​ជន​ជាតិ​អា​មេ​រិក​​​​នៅ​រដ្ឋ​ញូយ៉ក​ទម្លាក់​យោង​​​ស្ទូច​បាន​​ហិប​​ដែក​​​មាន​លុយ​ដប់​ម៉ឺន​ដុល្លារ​នៅ​ក្នុង​នោះ​។ លុយ​នោះ​មិន​ដឹង​បន្សល់​ទុក​តាំង​ជំនាន់​​ណា​មក​ទេ​។ ​ពួកគេ​​ខិត​ខំ​ថែ​រក្សា​គុណ​ភាព​ក្រដាស​ប្រាក់​កុំ​ឱ្យ​​រហែក ឬ​ដាច់​ចេញ​ពី​គ្នា​។​ ជា​ទូទៅ​​ ធនាគារ​ជាតិ​​​​ដូរ​ជូន​នូវ​​​​ក្រដាស​ប្រាក់​​​រហែក​ ឬ​ខូច​គុណ​ភាព​ខ្លាំង​ដែល​គេ​លែង​ទទួល​យក​សម្រាប់​ទូទាត់​ទំនិ​ញ​​​​​។ សំខាន់​ឱ្យ​តែ​​​ជា​ក្រដាស​ប្រាក់​ពិត​ប្រាកដ​។​

​កាល​ពី​ដើម​ខែ​មិថុនា លោក​ជេម​ ខេន (James Kane) និង​អ្នក​ស្រី​បាប៊ី​ អាហ្គោស្ទី​នី (Barbie Agostini) ​ចេញ​ទៅ​ទម្លាក់​មេ​ដែក​​នៅ​តាម​មាត់​ទន្លេ​​នៃ​តំបន់​ឃ្វីន (Queens) ដើម្បី​ស្ទូច​យក​របស់​របរ​ដែល​អាច​ប្រើ​ការ​បាន​​។ រំពេច​នោះ ​​ពួក​គេ​​សម្លឹង​មើល​ទៅ​ឃើញ​​​ចុង​ខ្សែ​សន្ទូច​​ទាក់​ជាប់របស់​អ្វី​ម៉្យាង​។ តាម​ពិត ​​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ពួកគេ​​ដើរ​​ស្ទូច​របស់​របរ​ពី​ក្នុង​ទឹក​​ប៉ះ​ចំ​ហិប​ដែក​​បែប​​នេះ​​។ គ្រាន់​តែ​ថា​លើក​នេះ​ប៉ះ​ចំ​លាភ​ធំ​តែ​ម្ដង​ជា​​ប្រភេទ​ហិប​​ដែក​​​ដាក់​លុយ​សុទ្ធ​តែ​ក្រដាស​​១០០​ដុល្លារ។

លោក​ខេន​បង្ហាញ​មេ​ដែក​សម្រាប់​ទម្លាក់​ទៅ​បាត​ទឹក និង​យោង​ឡើង​មក​លើ​គោក

លុយ​ទាំង​នេះ​ត្រូវ​គេ​វេច​ខ្ចប់​នៅ​ក្នុង​ថង់​ផ្លាស្ទិច​។ នៅ​ពេល​គាត់​លា​ថង់​មើល​ក៏​ប្រទះ​ឃើញ​លុយ​ដុល្លារ​ស្ដែង​ៗ​តែ​ម្ដង​​​​។ ស្នង​ការ​ដ្ឋាន​នគរ​បាល​រដ្ឋ​ញូយ៉ក​​ប្រាប់​ពួកគេ​ថា​លុយ​ទាំង​នេះ​ជា​របស់​ពួកគេ​ហើយ​។ រក្សា​ទុក​ឱ្យ​បាន​គង់​វង្ស​ទៅ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​ពិនិត្យ​ចុះ​ពិនិត្យ​ឡើង​ទៅ​ឃើញ​ថា​ហិប​​​ដែក​​​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​នេះ​​មិន​មែន​ជា​របស់​ចោរ​កម្ម ឬ​​​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ទេ​។ ហេង​ស៊យ​អាច​មាន​គេ​យក​ទៅ​ប្លុង​ចោល​ដើម្បី​​​ទុក​​​ជា​កំណប់​សម្រាប់​អ្នក​មាន​សំណាង​​ក៏​អាច​ថា​បាន។

លោក​ខេន​ថ្លែង​ប្រាប់​កាសែត​ដឹ​ញូយ៉ក​ថាម​ថា​នេះ​ជា​មហា​កំណប់​ដ៏​ធំ​បំផុត​មិនធ្លាប់​មាន​ពី​មុន​មក​ដែល​គ្រួសារ​អ្នកក្រី​ក្រ​​​ដូច​ជា​រូប​លោក​​អាចរក​បាន​។ វា​​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​​គាត់​ហើយ​នៅ​ពេល​នេះ​​។​ មិន​​រង់​ចាំ​យូរទេ លោក​ខេន និង​អ្នក​ស្រី​អាហ្គោស្ទី​នី​ក៏​ជិះ​ឡាន​ក្រុង​​​ទៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ឌីស៊ី​​ ​នាំ​​ទាំង​ហិប​ដែក​នេះ​ទៅ​​ជា​មួយ​​ផង​​​ដើម្បី​​ដូរ​យក​លុយ​ថ្មី​ៗ​ពី​រតនា​គារ​ជាតិ​។ ពួកគេ​ប្រាប់​ថា​ក្រដាស​ប្រាក់​ទាំង​នេះ​ទុក​យូរ​មិន​បាន​ទេ​ព្រោះ​វា​ត្រូវ​ទឹក​យូរ​ពេក​ឡើង​ពុក​ផុយ​កាន់​តែ​ខ្លាំង​ឡើង​ៗ។​​

បុគ្គលិក​ម្នាក់​បម្រើ​ការ​នៅ​រតនា​គារ​ជាតិ​អាមេរិក​ប្រាប់​ថា​ក្រដាស​ប្រាក់​ដែល​អាច​នៅ​ស្អាត​ល្អ​យក​ជា​ការ​បាន​មាន​ចន្លោះ​ពី​៥ម៉ឺន​ទៅ​៧​ម៉ឺន​ដុល្លារ​ត្រូវ​​បុរស​-​ស្ត្រី​ជា​សង្សារ​នឹង​គ្នា​នេះ​​​វេច​ខ្ចប់​នៅ​ក្នុង​ស្បោង​ផ្លាស្ទិច​ដើម្បី​យក​ទៅ​ឱ្យ​​​អាជ្ញាធរ​ពិនិត្យ​មើល​។ បុគ្គលិកនៅ​ទី​នោះ​ប្រាប់​លោកខេន និង​លោក​ស្រី​អាហ្គោស្ទី​ថា​ខ្លួន​នឹង​យក​ក្រដាស​ប្រាក់​​ទាំង​នោះ​ទៅរាប់​មើល ហើយ​ដូរ​ជូន​ក្រដាស​ថ្មី​ៗ​ត្រឡប់​ទៅ​ឱ្យ​ពួក​គេ​វិញ​។

ក្រោយ​ពេល​ឆ្លង​កាត់​នីតិ​វិធី​ផ្សេង​ៗ​រយៈ​ពេល​៩​ខែ​ទៅ​មុខ​ទៀត​ រតនា​គារ​ជាតិ​នឹង​ប្រគល់​ជូន​ពួក​គេ​នូវ​​ក្រដាស​ប្រាក់​​ថ្មី​ៗ​​ដែល​មាន​តម្លៃ​ស្មើ​នឹង​​ចំនួន​ទឹក​ប្រាក់​ខូច​គុណ​ភាព​នោះ​។ ពួក​គេ​នឹង​ទទួល​បាន​តម្លៃ​ពេញ​​ដោយ​ឥត​មាន​កាត់​ទឹក ឬ​ដក​ហូត​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​ពួកគេ​​ទេ​។ ​លោក​ខេន​មាន​ចិត្ត​ត្រេក​អរ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​។ លោក​បាន​ពោល​នូវ​​ប្រយោគ​​មួយ​ឃ្លា​ថា​ «ទឹក​ដី​អាមេរិក​ពិត​ជា​ល្អ​មែន​!»

គូ​សង្សារ​ទាំង​២​នាក់​ឡើង​ប៉ុស្តិ៍​វិទ្យុ និង​ទូរ​ទស្សន៍​ដើម្បី​ផ្ដល់​បទ​សម្ភាស។ ដំណឹង​នេះ​ធ្វើ​ឱ្យ​ផ្អើល​ពេញ​ពិភព​លោក​។ សូម្បី​តែ​ទូរទស្សន៍​ស៊ី​អឹន​អឹន​ក៏​ផ្សាយ​ដែរ​។

គូ​សង្សារ​ទាំង​ពីរ​នាក់​នេះ​​​ចាប់​ផ្ដើម​ដើរ​ទម្លាក់​យោង​ដើម្បី​ស្ទូច​យក​របស់​របរ​​នៅ​បាត​ទឹក​​​កាល​ពី​អំឡុង​កូវីដ​១៩​​នៅ​ពេល​ពួក​គេ​ទំនេរ​ពី​ការ​ងារ​។ កាល​ពី​ពេល​កន្លង​មក​ ពួក​គេ​ដើរ​ស្ទូច​បាន​ជួន​ប៉ះ​ចំ​របស់​ល្អ ជួន​ប៉ះ​ចំរបស់​មិន​បាន​ការ​ ជួន​​​ប៉ះ​ចំ​របស់​គ្រោះ​ថ្នាក់​ថែម​ទៀត​។ ឧទាហរណ៍ ជួន​កាល​ស្ទូច​ប៉ះ​ចំ​គ្រាប់​បែក​, ជួន​កាល​ប៉ះ​ចំ​កាំ​ភ្លើង​ខ្លី, ជួន​កាល​ប៉ះ​ចំ​យន្ត​ហោះ​ដ្រូន និង​ជួន​កាល​ប៉ះ​ចំ​ម៉ូតូ​មួយ​គ្រឿង​ក៏​មាន​៕

វីឌីអូ
https://www.youtube.com/watch?v=ZtmEVaYA4ec
https://abcnews.go.com/US/couple-finds-safe-100000-magnet-fishing-queens/story?id=110771629

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ