ទីក្រុងហ្សឺណែវ៖ ថ្នាក់ដឹកនាំនៅប៉ែកអឺរ៉ុប និងនៅតំបន់ដទៃទៀតដែលជាអ្នកតំណាងឱ្យប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍបានធ្វើដំណើរទៅដល់ប្រទេសស្វីសជាបណ្ដើរៗហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីការស្វែងរកសន្តិភាពសម្រាប់នៅអ៊ុយក្រែន។ កិច្ចប្រជុំនេះមានគោលដៅសម្រេចឱ្យបានសន្តិភាពជាស្ថាពរ និងជាអចិន្ត្រៃយ៍នៅអ៊ុយក្រែន។ គ្រាន់តែថារុស្ស៊ី និងចិនគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនេះទេដោយសារគេមិនអញ្ជើញឱ្យចូលរួម ឬដោយសារការសម្រេចចិត្តមិនចូលរួម។
អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាកិច្ចប្រជុំនេះគ្មានន័យទេ ហើយលទ្ធផលនៃកិច្ចប្រជុំមិនអាចយកជាការបានឡើយ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូនិយាយតាំងពីមុននេះមកម៉្លេះថាខ្លួនមិនអាចទទួលបានជាដាច់ខាតនូវការទាមទារ ឬការដាក់លក្ខខណ្ឌជាឯកតោភាគីចេញពីកិច្ចប្រជុំនេះ។ សម្រាប់អ៊ុយក្រែន កិច្ចប្រជុំនេះសំខាន់ណាស់ព្រោះកងទ័ពរុស្ស៊ីកំពុងវាយប្រហារកាន់តែខ្លាំង។ លោកហ្សេឡិនស្គីខិតខំធ្វើនយោបាយការទូតដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសដទៃទៀតបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួម។
រដ្ឋាភិបាលស្វីសឯកភាពជាមួយលោកហ្សេឡិនស្គីតាំងពីដើមឆ្នាំ២០២៤ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។ ស្វីសបានអញ្ជើញប្រទេស និងអង្គការអន្តរជាតិ១៦០ក្រុមមកចូលរួមប្រជុំ ឬចូលរួមសង្កេតការណ៍។ ទោះបីលោកហ្សេឡិនស្គីស្នើសុំយ៉ាងទទូចឱ្យលោកបៃដិនចូលរួមនៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែលោកមិនអាចចូលរួមបានទេ។ អាចដោយសារហេតុផលជាច្រើន។
គ្រាន់តែចេញពីកិច្ចប្រជុំជីប្រាំពីរនៅប្រទេសអ៊ីតាលីភ្លាម លោកបៃដិនក៏ហោះវឹងទៅទីក្រុងឡូសអេនជើឡេស រដ្ឋកាលីហ្វ័រញ៉ាដើម្បីចូលរួមកម្មវិធីប្រមូលថវិកាចូលទៅក្នុងមូលនិធិឃោសនាបោះឆ្នោត។ ដូច្នេះ លោកបានចាត់លោកស្រីហារីសដែលជាអនុប្រធានាធិបតី និងលោកជេក ស៊ូលីវេន ដែលជាទីប្រឹក្សាសន្តិសុខជាតិដើម្បីចូលរួម។ នៅក្នុងចំណោមប្រទេសមហាអំណាចធំៗ គ្មានចិន និងរុស្ស៊ីចូលរួមទេ។ លោកហ្សេឡិនស្គីថ្លែងថាប្រទេសទាំង២គាបសង្កត់ប្រទេសតូចៗមិនឱ្យចូលរួមទេ។
រុស្ស៊ីយល់ថានេះជាកិច្ចប្រជុំដែលឥតន័យព្រោះគ្មានការចូលរួមចំណែកពីភាគីរុស្ស៊ី។ ចំណែកប្រទេសចិនបន្តដើរតួនាទីជាអ្នកអព្យាក្រឹត្យដែលស្ថិតនៅកណ្ដាលនៃជម្លោះនេះ។ រដ្ឋាភិបាលស្វីសនិយាយបន្លប់សភាពការណ៍ដើម្បីកុំឱ្យប្រទេសដែលមិនបានចូលរួមអាក់អន់ស្រពន់ចិត្ត។ ស្វីសថ្លែងថានេះគ្រាន់តែជាការចាប់ផ្ដើមលើកទី១តែប៉ុណ្ណោះ។ នៅមានកិច្ចប្រជុំជាច្រើនទៀត។ ស្វីសយល់ថាបើចង់ឱ្យមានកិច្ចព្រមព្រៀងជាដុំកំភួនលុះត្រាតែមានវត្តមានរបស់ប្រទេសរុស្ស៊ីចូលរួមដែរ។
នៅពេលបើកកិច្ចប្រជុំដំបូងៗ អ្នកចូលរួមច្រើនពិភាក្សាអំពីផែនការសន្តិភាព១០ចំណុចតាមសំណើរបស់អ៊ុយក្រែន។ លោកហ្សឺលែនស្គីបានដាក់ជូនសំណើនេះទៅក្រុមប្រទេសជីម្ភៃដែលចូលរួមប្រជុំនៅឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងចំណោមនោះ លោកចង់ផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពនុយក្លេអ៊ែរ, ធានាសន្តិសុខស្បៀង, ដោះលែងឈ្លើយសឹក និងដោះលែងកុមារជនជាតិអ៊ុយក្រែនដែលរុស្ស៊ីចាប់ពង្រត់តាំងពីពេលដែលសង្គ្រាមទើបតែចាប់ផ្ដើមថ្មីៗ៕
ចែករំលែកព័តមាននេះ