ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជា​ជីវ​:​លើក​ទី​៧ បើក​ជា​ផ្លូវការ​ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​»

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​» ដែល​ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពស់​ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០២៤​នេះ ជា​ទិវា​លើក​ទី​៧​ហើយ ដែល​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវ​បាន​ប្រារ​ព្វ​ធ្វើ​ឡើង​ថ្នាក់់​ជាតិ​នៅ​រាជធានី​ភ្នំពេញ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​គ្រប់​ខេត្ត​ទូ​ទាំង​ប្រទេស​។

ទិវា​នេះ​ក៏​មានការ​ដាក់​តាំង​បង្ហាញ​នូវ​ពិព័រណ៍​មុខ​ជំនាញ សមិទ្ធផល ស្នាដៃ ខ្សែ​សង្វា​ក់​ផលិតកម្ម និង​ការ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មហាជន​ចូលរួម​អនុវត្ត ក្នុង​ការ​វាយតម្លៃ​ទទួលស្គាល់​សមត្ថភាព តាម​រយៈ​ប្រព័ន្ធ​វាយតម្លៃ​ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពី​មុន​ព្រមទាំង​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ ព័ត៌មាន​អំពី​ការ​សិក្សា និង​តម្រូវការ​ទីផ្សារ​ការងារ​ពី​សំណាក់​វាគ្មិន​សំខាន់​ៗ បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ស្រប​តាម​ក្រប​ខណ្ឌ​គុណវុឌ្ឍិ​ជាតិ
​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​ស្ពាន​ចម្លង ដែល​មាន​ភាព​បត់បែន​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់​ជា​រយៈពេល​ខ្លី មធ្យម និង​វែង​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ហើយ​អាច​ធ្វើ​ឡើង​នៅ​តាម​គ្រឹះស្ថានសិក្សា សហគ្រាស សហ​គមន៍ និង​ដោយ​ចល័ត ដែល​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស​ឆ្ពោះទៅ​រក​ការងារ និង​ជា​ផ្លូវ​ដែល​អាច​ឱ្យ​សិស្ស​បន្ត​ការ​សិក្សា​បាន និង​អាច​បំពេញការងារ​បាន​ក្នុង​ពេល​តែ​មួយ ដើម្បី​ស្វែងរក​ចំណូល​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច​គ្រួសារ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ គឺជា​ព្រឹត្តិការណ៍ និង​ចលនា​ជាតិ​មួយ​យ៉ាង​សំខាន់​ក្នុង​លើកកម្ពស់​រវាង​រដ្ឋ និង​ឯកជន និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ជំរុញ​ផ្សព្វផ្សាយ លើកកម្ពស់​ការ​យល់​ដឹង និង​ការ​លើកទឹកចិត្ត​ដល់​យុវជន សិស្ស មាតា បិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំង​សាធារណជន​ទូទៅ ឱ្យ​ចូលរួម​កាន់តែ​ច្រើន និង​សកម្ម លើ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រំពឹង​ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវ​:​លើក​ទី​៧ នឹង​ក្លាយជា​កាលានុវត្តន៍​ភាព​យ៉ាង​សំខាន់​ថ្មី​មួយទៀត​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល ការ​បង្កើត​ការ​ងារ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហា​និភ័យ​១,៥ លាន​នាក់​។ ក្នុង​នោះ​ដែរ ការ​បណ្តុះបណ្តាល​ជំនាញ​ទៅ​ដល់​យុវជន​នេះ​ត្រូវ​ស្រប​តាម​អភិក្រម​របស់​សម្តេច​ធិ​បតី​គឺ រៀន​ឱ្យ​ចប់ ឲ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​។ ការ​បណ្តុះបណ្តាល​នេះ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​កម្ពុជា យុវជន យ៉ាង​ហោច​ណាស់​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៧​នេះ មានការ​រៀបចំ​ការ​តាំង​បង្ហាញ​ស្នាដៃ ឱកាស​សិក្សា​ជំនាញ ឱកាស​ការងារ ការ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព និង​មាន​ស្តង់​ពិព័រណ៍​ចំនួន ១២៥ ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​ចំនួន ១០៤ ក្នុង​នោះ​មាន ក្រសួង ស្ថាប័ន គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន​៣៤ និង​ក្រុមហ៊ុន គ្រឹះស្ថាន​ឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៧០ ព្រមទាំង​មាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​អប់រំ និង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផ្សព្វផ្សាយ និង​ណែនាំ​អំពី​វិស័យ និង​មុខ​ជំនាញ​អាទិភាព​ដែល​ទីផ្សារ​កំពុង​មាន​តម្រូវការ​ខ្ពស់ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កំពុងធ្វើការ​បណ្តុះបណ្តាល​។

សូម​ជម្រាប​ជូន​ថា សាធារណជន អាច​ចូលរួម​ទស្សនា​ស្តង់​ពិព័រណ៍​ដោយ​សេរី នៅ​មជ្ឈមណ្ឌល​ពិ​ពរ​ណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ៨:០០​នាទី ដល់​ម៉ោង ២០:០០​នាទី​៕ អត្ថបទ៖សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ