ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបករណីឆ្លងដែនខុសច្បាប់ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុងថេប ប្រទេសថៃ ។
ក្នុងប្រតិបត្តិការនោះ កម្លាំងចាប់យកវត្ថុតាង រួមមាន ៖
-គ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម
-ទូរសព្ទដៃចំនួន០២គ្រឿង (ម៉ាកIPhone 13Pro Max ពណ៌ផ្ទៃមេឃ, IPhone 7Plus ពណ៌ខ្មៅ)
-ប្រាក់ថៃ ចំនួន១០,០០០បាត (មួយម៉ឺនបាត)
-សៀវភៅលិខិតឆ្លងដែន ចំនួន០១ក្បាល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក
-ប័ណ្ណបើកបរ (ថៃ) ចំនួន០១សន្លឹក ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាត តាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតដល់ចំណុចរោងតាព្រហ្ម កម្លាំងបានប្រទះឃើញជនសង្ស័យ ស្ពាយកាបូបពណ៌ខ្មៅ ចំនួន០១ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួន ហើយធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួន ឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម (ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ)។ បន្ទាប់មក កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនខុសច្បាប់ ព្រមទាំងដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែក លើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ