ខេត្តស្វាយរៀង ៖ ក្រសួងសុខាភិបាលបានប្រកាសបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺទូទៅ២កន្លែង ដែលបានផ្តល់សេវាហួសវិសាលភាពដែលអាជ្ញាធរកំណត់ និងលួចប្រើប្រាស់ឱសថគ្មានចុះបញ្ចីកាពីក្រសួងសុខាភិបាល ព្រមទាំងប្រើប្រាស់បុគ្គលិកបម្រើការគ្មានអាជ្ញាបណ្ណគណៈវិជ្ជាជីវៈ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤ ។

ក្រសួងបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយជំនាញពាក់ព័ន្ធចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺទូទៅចំនួន២កន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ពេទ្យឯកជនដែលត្រូវបិទទាំងពីរនោះ រួមមាន៖ ទី១-បន្ទប់ពិគ្រោះព្យាបាលជំងឺស៊ីហឺ របស់លោកវេជ្ជបណ្ឌិត ឡី វិបុល និងទី២-បន្ទប់ពិគ្រោះព្យាបាលជំងឺ សាន់ សាញ របស់លោកគ្រូពេទ្យ នួន រិទ្ធី។ ក្រសួងបានបន្ថែមថា ចំពោះមូលហេតុនៃការបិទទីតាំងទាំងនោះ គឺដោយមូលហេតុប្រើប្រាស់បុគ្គលិកពុំមានអាជ្ញាបណ្ណគណៈវិជ្ជាជីវៈត្រឹមត្រូវ ប្រើប្រាស់ឱសថដោយគ្មានចុះបញ្ជិកា និងអនុវត្តផ្ទុយពីលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម-សុខាភិបាល ដែលចេញដោយរដ្ឋបាលក្រុងបាវិត។

សូមជម្រាបថា ទន្ទឹមនឹងការបិទទីតាំងទាំងពីរនោះ ក្រសួងសុខាភិបាលក៏បានប្រកាសហាមឃាត់ លោកគ្រូពេទ្យ នួន រិទ្ធី និងលោកវេជ្ជបណ្ឌិត ឡី វិបុល មិនឱ្យធ្វើសកម្មភាពផ្តល់សេវាចាប់ពីពេលនេះតទៅ រហូតដល់មានការអនុញ្ញាតជាថ្មី ករណីនៅតែបន្តសកម្មភាពត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។


ចែករំលែកព័តមាននេះ