រាជធានីភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (ACU) បានបង្ហាញកិច្ចអាទិភាព ផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព ទៅកាន់គណៈប្រតិភូគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នៃបក្សកុម្មុយនិស្តចិន ។
ការបង្ហាញការងាងអាទិភាពនេះ ធ្វើឡើងក្នុងជំនួបការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយគណៈប្រតិភូ គណៈអធិការកិច្ចវិន័យ និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នៃបក្សកុម្មុយនិស្តចិន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណាន ដឹកនាំដោយ ឯកឧត្តម Feng Zhili សមាជិកអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន លេខាគណៈអធិការវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន អមដំណើរដោយប្រតិភូ ៥រូប មកបំពេញទស្សនកិច្ចនៅ អ.ប.ព.។
ក្នុងជំនួបការងារនេះ ទេសរដ្ឋមន្ត្រីប្រធានអង្គភាព បានជម្រាបជូនគណៈប្រតិភូ អំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា ដែលជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយបន្តមករាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដោយបានចាត់ទុកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រីប្រធានអង្គភាព ក៏បានលើកឡើង អំពីស្ថាប័នប្រឆាំងអំពើពុករលួយ អំពីភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗ នែច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព. ។
ជាការឆ្លើយតប ឯកឧត្តម Feng Zhili បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ទេសរដ្ឋមន្ត្រី និងការទទួលស្វាគមន៍ដ៏កក់ក្តៅ ព្រមទាំងសម្តែង នូវសេចក្តីរីករាយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានាពេលនេះ ។
ឯកឧត្តម ក៏បានលើកឡើង អំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ ហើយមកទប់ពេលនេះ បានឈានដល់ការកសាងសហគមន៍ជោគវាសនារួម និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ។
ឯកឧត្តម បានលើកឡើងអំពីការងារប្រឆាំងអំពើពុករលួយ នៅសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ហ្ស៊ី ជិនពីង បានប្រកាន់យកគោលការណ៍តឹងរឹង នៃការអនុវត្តច្បាប់ និងវិន័យ ជាពិសេសពាក់ព័ន្ធនឹងអំពើពុករលួយ ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមក និងសន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ ចិននិងកម្ពុជា ព្រមទាំងសម្តែងនូវសេចក្តីរីករាយ ក្នុងការចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ