ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង​ក្រៅពី​ទន្លេ​៤ គឺ​មាន​ភ្នំ​ច្រើន​ដែល​មាន​សក្តានុពល

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយ​មើលឃើញ​ពីសម្រស់​ព្រៃ​ភ្នំ និង​សក្តានុពល​ជា​ច្រើន​នៅ​ក្នុង​ខេត្តស្ទឹង​ត្រែង ភ្នំ​

ខេត្តស្ទឹងត្រែង ៖ ដោយ​មើលឃើញ​ពីសម្រស់​ព្រៃ​ភ្នំ និង​សក្តានុពល​ជា​ច្រើន​នៅ​ក្នុង​ខេត្តស្ទឹង​ត្រែង ភ្នំ​មួយ​ចំនួន​គឺជា​ផ្នែក​មួយ​ទាក់ទាញ​ទេសចរ​ដូច​ជាភ្នំ​ឈ្ងោក ភ្នំ​ធំ ឬ​ភ្នំ​ន​រី ភ្នំ​គោ​រូ ភ្នំ​ក្ងោកមាស ស្ថិត​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ភ្នំ​អាចារ្យ​ភ្លើង ឬ​ភ្នំ​នាគ​ខៀវ ស្ថិត​នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ភ្នំ​ម្លូ ភ្នំ​កង់ ភ្នំ​សេក​ស ភ្នំ​ខ្ចា ស្ថិត​នៅ​ភូមិ​អន្លង់​ព្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។
ភ្នំ​ប្រា​សា ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។
ភ្នំ​ពោង ឬ​ភ្នំស្រុក ស្ថិត​នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ភ្នំ​ទាំង​អស់នេះ កាលពី​អតីតកាល​សុទ្ធ​សឹង​ជា​ភ្នំ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ព្រោះ​មាន​ដើមឈើ​ដុះ​ត្រឈឹងត្រឈៃ​ខៀវស្រងាត់ និង​ទាក់ទាញ​បំផុត បច្ចុប្បន្ន​ភ្នំ​មួយ​ចំនួន​បាន​រេចរឹល​បាត់បង់​សោភ័ណ​ភាព​ដោយ​ការ​កាប់​បំផ្លាញ តែ​មួយ​ចំនួន​ទៀត​នៅ​មាន​សោភ័ណ​ភាព​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ផង​ដែរ ។

ដោយឡែក នៅ​ក្រុង​ស្ទឹង​ត្រែង មាន​ភ្នំមួយ​ឈ្មោះ​ថា​ភ្នំ​ព្រះ​ធាតុ ។ ភ្នំ​មួយ​នេះ​មាន ប្រាសាទ​បាក់បែក​មួយ​ចំនួន​នៅ​សេសសល់ ដែល​បច្ចុប្បន្ន ភ្នំ​នេះ​ក្លាយទៅជា​កន្លែង​ទី​សក្ការបូជានិង​បន់ស្រន់​ពី​អ្នកមាន​ជំនឿ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ភ្នំ​មួយ​ចំនួន​ក៏​ត្រូវ​បាន​រៀបចំ​ជា​វត្ត​អារាម​ផង​ដែរ ។

ភ្នំ​ឈ្ងោក តូច​ពិតតែ​សម្បូរ​កន្លែង​ទេសចរណ៍គ្រប់​គ្នា​ធ្លាប់តែ​ឮ​ពី​ឈ្មោះ​ភ្នំ​ឈ្ងោក នៅ​ខេត្តកំពត តែ​នៅ​ឯ​ខេត្តស្ទឹងត្រែង​វិញ ក៏​មានឈ្មោះ​ភ្នំ​ឈ្ងោក​មួយ​ដែរ ដែល​សណ្ឋាន​រូបរាង​គឺ​ប្រហាក់ប្រហែល​គ្នា ពោល​គឺជា​ភ្នំ​ក្រោម​ទឹកសមុទ្រ​កាលពី​អតីត​ដូច​គ្នា ។ ប៉ុន្តែ​ភ្នំ​ឈ្ងោក នៅ​ខេត្តស្ទឹងត្រែង សម្បូរ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ច្រើន​គួរសម ដែល​សុទ្ធតែ​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ ឬ​អាច​និយាយ​បាន​ថា ដើរ​លេង​១​ថ្ងៃ ២​ថ្ងៃ សឹងតែ​មិន​សព្វ​ផង ។

បើ​តាម​ក្រសួងទេសចរណ៍ ភ្នំ​ឈ្ងោក​នេះ ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​សហគមន៍​អេកូ​ទេសចរណ៍ ។
ភ្នំ​ជម្រក​សត្វ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆ្វាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ (​ធា​រាប​វ៌្វ​ត​) ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​។

ពេល​មក​ដល់​ភ្នំ​ឈ្ងោក​នេះ ដំបូង​គេ​អាច​ចូល​ទៅ​មើល​ល្អាង​ប្រចៀវ​ដ៏​ធំ​សម្បើម​មួយ នៅ​ក្នុង​ព្រៃ​ក្រោម​ជើងភ្នំ ដែល​នៅ​មិន​ឆ្ងាយ​ពី​បរិវេណ​ជើងភ្នំ​នោះ​ឡើយ ។ ដើរ​ក្រោម​ព្រៃឈើ​ចូល​ទៅ​ដល់​ជិត​មាត់​រូង ក្លិន​លាមក​ប្រចៀវ​ឆ្អាប​ឆួល ។ នៅ​ពេល​ទៅ​ដល់​ល្អាង​នេះ ឮ​តែ​សំឡេង​ប្រចៀវ​ខ្ញៀវខ្ញារ​ពី​ក្នុង​រូង ឯ​នៅ​មាត់​ល្អាង​មាន​ថ្មច្រូងច្រាង​សំយុង​ពីលើ​ជាប់​នឹង​ភ្នំ ដែល​សឹក​ច្រោះ​ដោយសារ​កម្លាំង​ទឹកសមុទ្រ​បោកបក់កាលពី​អតីតកាល ។

ចេញពី​ល្អាង​ប្រចៀវ​នេះ គេ​អាច​បន្ត​ទៅ​ទស្សនា​ល្អាង​បង​-​ល្អាង​អូន ដោយ​ឡើង​តាម​ជណ្ដើរ​ឈើ​រាង​ចោត ប្រប​តាម​ចង្កេះ​ថ្មភ្នំ មុន​ចូល​ទៅ​ដល់​មាត់​ល្អាង ។ ល្អាង​ទាំង​ពីរ​នេះ​នៅ​ដាច់​ពី​គ្នា តែ​នៅ​ជិត​គ្នា ។ នៅ​ពេល​ចូល​ទៅ​ដល់​ខាងក្នុង គឺ​សីតុណ្ហភាព​ត្រជាក់​ស្រេ​ប ។ កំណក​ដំណក់ទឹក​លាយ​ថ្មកំបោរ​នៅ​ក្នុង​ល្អាង បាន​បង្កើត​ជា​មាន​រូប​អវយវៈ​មនុស្ស​ស្រី ដោយនៅ​ល្អាង​បង រូប​នោះ​មាន​លក្ខណៈ​ដូច​រូប​ត្រឹម​ចង្កេះមនុស្ស​ប្រុស​អង្គុយ​សំយុងជើង ។ ឯ​នៅ​ក្បែរ​នោះ ក្នុង​ល្អាង​បង​ដូច​គ្នា ក៏​មាន​បាតុភូត​កំណក​ដូច​គ្នា ហើយ​បង្កើត​បានជា​រូប​ក្បាលដំរី​តូច​ល្មម ។

ចំណែក​នៅ​ល្អាង​អូន មាន​រូប​អវយវៈ​ភេទ​ស្រី មាន​សីតុណ្ហភាព​ត្រជាក់​ហើយ​សើម ដោយមាន​ទឹក​ជ្រាប​ច្រើន​ជាង​ល្អាង​បង ។ បើ​តាម​ចាស់ទុំ​នៅ​ស្រុក​នោះ​និយាយ​ថា ដោយសារ​រូបរាង និង​លក្ខណៈ​ពិសេស​ទាំងនេះ​ហើយ ទើប​អ្នកស្រុក​សន្មត​ហៅ​ឈ្មោះ​ថា «​ល្អាង​បង​-​ល្អាង​អូន​» ។

តំបន់​ភ្នំ​ក្រឡា​ពស់​ឬ​ក្រឡា​ពុះខេត្តស្ទឹងត្រែង ត្រូវ​បាន​ក្រសួងបរិស្ថាន ត្រៀម​បង្កើត​ជា​តំបន់​ការ
ពារ​ធម្មជាតិស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន និង​ស្រុកសៀម​ប៉ា​ង ភ្នំ​ក្រឡា​ពស់​ត្រូវ​បាន​ក្រសួងបរិស្ថាន​កាលពី​ឆ្នាំ​២០២២ រៀបចំ​ដាក់​ជា​តំបន់​ការពារធម្មជាតិ ដោយសារ​តំបន់​នេះ​មាន​សក្តានុពល​ធនធានធម្មជាតិ​ជីវចម្រុះ សត្វ​កម្រ​ងាយ​រង​គ្រោះ និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់ ។

ការ​សិក្សា​បង្កើត​តំបន់ការពារធម្មជាតិ​ភ្នំ​ក្រឡា​ពស់​នេះ ដោយសារ​មើលឃើញ​ពី​សក្តានុពល​ធនធានធម្មជាតិ​ជីវចម្រុះ​ដ៏​ច្រើន​សម្បូរ​បែប និង​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម សាយ សំ​អាល់ ដែល​កាល​ណោះ​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​មានការ​គាំទ្រ​ពី​សំណាក់ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ។

តាម​រយៈ​ការ​សិក្សា តំបន់​ភ្នំ​ក្រឡា​ពស់​ជា​តំបន់​មួយ​ដែល​ត្រូវ​ការពារ​ជា​ចាំបាច់ ដោយសារ​តំបន់​នេះ​មាន​ប្រភព​ទឹក មាន​ប្រភេទ​ជីវចម្រុះ​ជា​ច្រើន និង​មាន​ស្រទាប់​ព្រៃឈើ​ក្រាស់ ។

ចំពោះ​ការ​ត្រៀម​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​ក្រឡា​ពស់​នេះ ត្រូវ​បាន​លើក​ឡើង​ថា តំបន់​ភ្នំ​ក្រឡា​ពស់​នេះ​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដែល​គួ​តែ​អភិរក្ស ថែរក្សា​ការពារ ដើម្បី​ការពារ​ធម្មជាតិ​ជីវចម្រុះ និង​ដើម្បី​ជា​សក្តានុពល​ទេសចរណ៍ធម្មជាតិ ។ ប្រសិនបើ​យើង​មិន​ការពារ​តំបន់​នេះ​ទេ េ​យើង​នឹង​ជួប​បញ្ហា​ប្រឈម​ដោយ​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ ការ​បរបាញ់​សត្វ ការ​បាត់បង់​ធនធានធម្មជាតិ និង​បាត់បង់​សក្តានុពល​ទេសចរណ៍ ជា​ពិសេស​តំបន់​ក្រឡា​ពស់​ជា​ប្រភព​ទឹក​ដ៏​សំខាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ