រាជធានីភ្នំពេញ ៖ ដោយមានទិសដៅច្បាស់លាស់ ត្រឹមត្រូវនៅឆ្នាំ២០៥០ប្រទេសកម្ពុជានឹងដកខ្លួនចេញពីប្រទេសក្រីក្រ ក្លាយជាប្រទេសអ្នកមាន ហើយអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន ។ នេះបើតាម សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ថ្លែងក្នុងពិធីអញ្ជើញជាអធិបតី «ប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុងវីង» នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា ៖« អត់ទេយើងមិនត្រូវការរស់ដោយសារការគេចពិន័យនោះទេ យើងត្រូវការរស់ដោយខ្លួនឯង ទើបមានចីរភាព និងខ្លាំងបើយើងរស់ដោយសារគេអនុគ្រោះត្រឹមតែកម្ចីប្រាក់ថោក ឬអ្វីៗនោះ យើងមិនអភិវឌ្ឍន៍ខ្លួនយើងនៅតែពឹងគេមួយជីវិត តែបើយើងពង្រឹងខ្លួន និងដាក់ទិសដៅ ដើម្បីក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០ កម្ពុជាមិនត្រឹមតែចាកចេញពីប្រទេសដែលក្រក្រី ប្រទេសដែលអភិវឌ្ឍន៍នោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ហើយហ៊ានប្រកួតជាមួយប្រទេសគេបាន» ។
ក្នុងឱកាសនោះដែរ សម្តេចធិបតីបានលើកឡើងទៀតថា ការដាក់ទិសដៅច្បាស់លាស់ គឺដើម្បីធានានូវឯកភាពខ្លួនឯង ។ ពាក្យថា ចង់ឯករាជ្យ គឺត្រូវតែធ្វើ ត្រូវតែប្រឹងខ្លួនឯងងើបខ្លួនឯង មិនត្រូវពឹងប្រទេសណាមួយទេ ដើម្បីប្រកួតស្មើភាពជាមួយគ្រប់ប្រទេសទាំងអស់ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖« គេសួរថា ហេតុបានចាំបាច់យើងចេញ បើនៅហ្នឹងស្រួល ? អត់ទេ គឺត្រូវតែចេញមក ដើម្បីខ្លួនឯងពង្រឹងខ្លួនឯង ពឹងគេរហូតមិនកើតទេ យើងពឹងគេនៅពេលទន់ខ្សោយ តែយើងពឹងក្នុងទិសដៅ ដែលយើងត្រូវយកមកពង្រឹងខ្លួនក្នុងរយៈពេលវែង» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា នៅពេលប្រទេសយើងចេញពីសង្គ្រាមយើងមិនអាចក្លាយជាប្រទេសអ្នកមាននោះទេ ។ ដូច្នេះយើងពឹងគេ ប៉ុន្តែយើងមិនអាចពឹងគ្រប់រហូតដល់គ្មានធនធានមនុស្សធ្វើជាម្ចាស់ការខ្លួនឯងនោះទេ ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានលើកឡើងថា តាមការសង្កេតមកដល់ពេលនេះ មានប្រទេសខ្លះមានការពឹងគេដែលខុសពីកម្ពុជាបានពឹងគេ កាលពីទស្សវត្ស៨០ មកពឹងខ្លួនឯងវិញ ដែលជាចំណុចមួយជាម្ចាស់ការខ្លួនឯងវិញ ។ ក្នុងរយៈពេលជំងឺកូវីដ បើសិនជាកម្ពុជាគ្មានពេទ្យខ្លួនឯង ហើយពឹងគេប្រហែលជាលំបាក ។
សម្តេចបានបន្ថែម នៅពេលផ្ទុះកូវីដ បើកម្ពុជាពឹងពេទ្យបរទេសមកជួយនឹងពិបាក ព្រោះថា នៅពេលនោះនៅពេលគេជួយហើយ គេនឹងត្រឡប់ទៅស្រុកវិញ ហើយកម្ពុជាមិនទាន់ចប់នោះទេ ។ ផ្ទុយទៅវិញកម្ពុជាយើងបានបណ្តុះបណ្តាលពេទ្យអាចជួយព្យាបាលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ