ទីក្រុងបាងកក៖ តុលាការធម្មនុញ្ញថៃប្រកាសនៅថ្ងៃនេះថាខ្លួននឹងបើកសវនាការពាក់ព័ន្ធនឹងការដាក់ញត្តិស្នើសុំដកហូតតំណែងនាយករដ្ឋមន្ត្រីសេដ្ឋា ថាក់វិស៊ីន។ ចំណាត់ការនេះធ្វើឡើងតបតាមពាក្យបណ្ដឹងរបស់សមាជិកព្រឹទ្ធសភា៤០រូបដែលគាំទ្រពួកយោធា។ ពួកគេលើកទឡ្ហីករណ៍ថាលោកសេដ្ឋាបានធ្វើខុសធ្ងន់ណាស់នឹងរដ្ឋធម្មនុញ្ញព្រោះបានតែងតាំងមនុស្សដែលធ្លាប់ជាប់ពន្ធនាគារជាសមាជិកគណៈរដ្ឋមន្ត្រី។ ដូច្នេះ តុលាការកំណត់យកថ្ងៃទី១៨ ខែមិថុនាដើម្បីស្ដាប់ការផ្ដល់សក្ខីកម្ម។
គេចាំបានថាញត្តិតវ៉ានោះស្នើសុំឱ្យតុលាការព្យួរតំណែងលោកសេដ្ឋានៅអំឡុងពេលស៊ើបអង្កេត និងជំនុំជម្រះទោស។ ប៉ុន្តែតុលាការចង់សរុបសេចក្ដីនៅក្នុងកញ្ចប់តែមួយតែម្ដង។ មានន័យថារង់ចាំសេចក្ដីសម្រេចចុងក្រោយថាលោកសេដ្ឋាពិតជាមានទោសដែរឬទេ។ តុលាការបានបង្គាប់ឱ្យលោកសេដ្ឋារៀបចំសរសេរសារណាដើម្បីឡើងការពារខ្លួនទល់នឹងការចោទប្រកាន់។
នៅថ្ងៃដដែលនេះផងដែរ ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញបានចេញសេចក្ដីបង្គាប់ឱ្យគណៈកម្មការរៀបចំការបោះឆ្នោតបញ្ជូនឈ្មោះសាក្សី និងភស្តុតាងថ្មីៗបន្ថែមទៀតដែលស្នើសុំរំលាយគណបក្សឆ្ពោះទៅមុខពីបទប៉ុនប៉ងផ្ដួលរំលំរបបរាជានិយម។ សំណុំរឿងនេះក៏ត្រូវតុលាការកំណត់យកថ្ងៃទី១៨ ខែមិថុនាដើម្បីបើកសវនាការសាកសួរ និងផ្ដល់សក្ខីកម្មផងដែរ។
នៅក្នុងករណីលោកសេដ្ឋា ថាក់វិស៊ីន លោកត្រូវសមាជិកព្រឹទ្ធសភាទាំងនោះស្ដីបន្ទោសពីបទធ្វើខុសនឹងក្រឹត្យក្រមសីលធម៌នៃការជ្រើសរើសឧត្ដមមន្ត្រីឱ្យចូលបម្រើការនៅក្នុងស្ថាប័នរបស់រដ្ឋាភិបាល។ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងមក លោកតែងតាំងលោកពិចិត្រ ឈឺនបាន (Pichit Chuenban) ដែលធ្លាប់ធ្វើជាមេធាវី និងធ្លាប់ការពារក្ដីឱ្យលោកថាក់ស៊ីន និងលោកស្រីយីងឡាក់។ ដោយសារលោកពិចិត្រធ្លាប់ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៦ខែកាលពីឆ្នាំ២០០៨ពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការ។
លោកពិចិត្រសម្រេចចិត្តលាលែងពីតំណែងដើម្បីកុំឱ្យលោកសេដ្ឋារងទុក្ខដោយសារខ្លួន។ លោកពិចិត្រក៏អាចជៀសផុតពីបញ្ហាចាប់ពីពេលនោះមក។ គេក៏លែងចាប់ទោសអូសដំណើរលោកតទៅទៀត។ ប៉ុន្តែគេមិនទាន់បណ្ដោយឱ្យលោកសេដ្ឋាកាន់អំណាចដោយសុខស្រួលទេ។ សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយក្រុមយោធាទាំង៤០រូបស្នើសុំដកហូតតំណែងលោកសេដ្ឋា និងដាក់ញត្តិតវ៉ាទៅតុលាការធម្មនុញ្ញ។
ហេតុនេះ តុលាការសម្រេចចិត្តចាត់ការតាមពាក្យបណ្ដឹង និងកំណត់ពេលបើកសវនាការ។ មានន័យថាតំណែងរបស់លោកសេដ្ឋានៅតែស្ថិតនៅក្នុងផុយស្រួយ។ អ្នកខ្លះយល់ថាពិចិត្រ និងលោកសេដ្ឋាគ្រាន់តែជាអ្នករងថ្មបាក់ជំនួសគេតែប៉ុណ្ណោះ។ មូលហេតុដោយសារក្រុមអ្នកកាច់កុងនយោបាយគ្នាចង់ចាត់ការលោកថាក់ស៊ីនឯណោះទៅវិញទេ។ ពួកគេសម្លឹងឃើញថាលោកថាក់ស៊ីនចាប់ផ្ដើមចូលសង្វៀននយោបាយឡើងវិញ។ ដូច្នេះ ពួកគេមិនចង់ឱ្យលោកវិលមកកាន់អំណាចសាជាថ្មីទេ៕
ចែករំលែកព័តមាននេះ