ទីក្រុងហាណូយ៖ ថ្មីៗនេះនៅប្រទេសវៀតណាម នារីជាភរិយារបស់បុរសដាំគ្រឿងញៀនម្នាក់បានលួចរាយការណ៍ប្រាប់សមត្ថកិច្ចអំពីសកម្មភាពទុច្ចរិតរបស់ស្វាមីដែលអ្នកស្រីយល់ថាជាទង្វើខុសឆ្គង។ បុរសដែលជាស្វាមីរូបនេះរស់នៅខេត្តយ៉ាឡាយ (Gia Lai) នៃភូមិភាគកណ្ដាលត្រូវសមត្ថកិច្ចចាប់ខ្លួនព្រឹបៗដាក់បញ្ចូលទៅក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំការនាំខ្លួនឡើងតុលាការ។

សាក្សីនិយាយថាភរិយារបស់គាត់ដឹងអាថ៌កំបាំងនៃការលួចដាំគ្រឿងញៀនប្រភេទអាភៀនជិត៥រយដើមនៅក្នុងបរិវេណផ្ទះរបស់គាត់។ ឃើញដូច្នេះ ភរិយារបស់គាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗឱ្យដឹងអំពីរឿងនេះ។ នគរបាលស្រុកក្បាំង (Kbang) ប្រាប់ថាបុរសឈ្មោះធីវវ៉ាន់ធូ (Trieu Van Thu) អាយុ៥៣ឆ្នាំនឹងត្រូវជាប់ចោទពីបទផលិតគ្រឿងញៀនខុសច្បាប់។

សូមជម្រាបថាបុរសរូបនេះអាចនឹងប្រឈមនឹងទោសធ្ងន់ធ្ងរណាស់។ នៅវៀតណាម កុំថាឡើយដាំអាភៀនដល់រាប់រយដើម សូម្បីតែកាន់កាប់អាភៀនប៉ុន្មានគីឡូក្រាមប៉ុណ្ណោះក៏ត្រូវជាប់ទោសប្រហារជីវិតដែរ។ ពោលគឺច្បាប់គ្រឿងញៀននៅវៀតណាម និងសិង្ហបុរីតឹងរ៉ឹងដូចគ្នា។ សមត្ថកិច្ចប្រាប់ថាខ្លួនទទួលរបាយការណ៍ពីស្ត្រីឈ្មោះបួយធីវិញ (Bùi Thị Oanh) ដែលត្រូវជាភរិយា។ អ្នកស្រីប្រាប់ថាស្វាមីរបស់ខ្លួនដាំរុក្ខជាតិចម្លែកមួយប្រភេទ។ មិនដឹងថាជាដើមអ្វីទេហាក់ដូចជាដើមអាភៀន។

នៅពេលចុះទៅដល់ផ្ទះរបស់បុរសឈ្មោះធីវវ៉ាន់ធូនោះ សមត្ថកិច្ចរកឃើញដើមអាភៀនដែលបុរសនោះដាំនៅជុំវិញផ្ទះខ្លះ និងដាំនៅក្នុងបន្ទប់គេងខ្លះ។ ក្រៅពីនេះ រកឃើញប៊ីដុងជ័រចំនួន២ និងថូព័រសឺឡែនដាក់សារធាតុម៉្យាងពណ៌ខ្មៅក្រិប។ បុរសរូបនេះឆ្លើយសារភាពថាខ្លួនទិញគ្រាប់អាភៀនពីខេត្តឡាងសឺន (Lang Son) ដើម្បីយកមកដាំ។ នៅពេលដើមអាភៀនធំពេញរូបពេញរាង គាត់នឹងបរិភោគស្លឹកអាភៀនឆៅតែម្ដង។ ចំណែកជ័រអាភៀនគាត់ប្រុងចម្រាញ់ចេញពីផ្លែរបស់វាដើម្បីទុកជក់៕



ចែករំលែកព័តមាននេះ