ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​ម្នាក់​ប្រាប់​មិត្តភក្ដិ​ថា កុំ​មើល​មុខ​គេ​នៅ​ភ្នំពេញ​ប្រយ័ត្ន​គេ​វ៉ៃ មានអីអ្នកលេង​៤​នាក់កា.ប់​ខ្ទេច​ម៉ូតូ​១​គ្រឿង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជាងសំណង់​៤​នាក់ ខណៈ​អង្គុយ​ផឹកស៊ី ស្រាប់តែ​មាន​យុវជន ដែល​ជា​អ្នកលេង​ម្នាក់ នៅ​ក្បែរ​នោះ​ដែរ សម្លឹង​មើល​មុខ មិន​ដាក់​ភ្នែក​សោះ ហើយ​ក្រុម​ជាងសំណង់…

រាជធានី​ភ្នំពេញ ៖ ជាងសំណង់​៤​នាក់ ខណៈ​អង្គុយ​ផឹកស៊ី ស្រាប់តែ​មាន​យុវជន ដែល​ជា​អ្នកលេង​ម្នាក់ នៅ​ក្បែរ​នោះ​ដែរ សម្លឹង​មើល​មុខ មិន​ដាក់​ភ្នែក​សោះ ហើយ​ក្រុម​ជាងសំណង់ ក៏​មើលទៅ​វិញ ប៉ុន្តែ​មាន​ម្នាក់ ក្នុង​ចំណោម​៤​នាក់ បាន​និយាយ​ប្រាប់​មិត្តភក្ដិ​ថា «​កុំ​មើល​មុខ​គេ នៅ​ភ្នំពេញ ប្រយ័ត្ន​គេ​វ៉ៃ​» គ្រាន់តែ​ឮ​បែប​នេះ​ភ្លាម យុវជន​អ្នកលេង​ម្នាក់​នោះ ក៏​ក្រោក​ឡើង ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ លុះ​១​ម៉ោង​កន្លះ​ក្រោយមក ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​មក​វិញ ដោយ​នាំ​បក្ខពួក​ចំនួន​៣​នាក់​ទៀត មក​ជាមួយ ប្រដាប់​ដោយ​កាំបិតប៉័ងតោ និង​កាំបិត​ផ្គាក់​ផង​ដែរ ។

បន្ទាប់​មក បាន​ស្ទុះ​ទៅ​កាប់​ក្រុម​ជាងសំណង់​ទាំង​កំរោល ប៉ុន្តែ​កាប់​មិន​បាន​ឡើយ ដោយ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត រួច​ផុត​ពី​ផ្លែកាំបិត​ពិឃាត ហើយដោយ​ខឹង​កាប់​មនុស្ស​មិន​បាន ក្រុម​អ្នកលេង​៤​នាក់​នោះ បាន​កាប់​បំផ្លាញ​ម៉ូតូ ១​គ្រឿង​ខ្ទេច រួច​គេចខ្លួន​បាត់​អស់​តែ​ម្ដង ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ ដោយ​មាន​បញ្ជា​ពី​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ កម្លាំង​នគរបាល​ប៉ុស្តិ៍​ជើងឯក បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​១​ថ្ងៃ​ក្រោយមក ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ទាំង​៤​នាក់​នោះ​បាន ។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ នៅ​ត្រង់​ចំណុច​ខាង​មុខ​រោង​កម្មករ​សំណង់​ស្នាក់​នៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រុម​អ្នកលេង​កាំបិត​បុ័ងតោ និង​កាំបិត​ផ្គាក់ ៤​នាក់​នោះ រួម​មាន ៖
១-​ឈ្មោះ សុង សា​យ័ន អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​អនាម័យ
២-​ឈ្មោះ រ៉ា ភា​រិ​ន អាយុ​២៨​ឆ្នាំ
៣-​ឈ្មោះ​រ៉ា ចំរើន អាយុ ២០​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ។
៤-​ឈ្មោះ ពន្លក ពន្លឺ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

ចំណែក​ក្រុម​ជាងសំណង់​រង​គ្រោះ រួម​មាន ៖
១-​ឈ្មោះ ប៉ាត វាន់​ណា​ក់ អាយុ​២១​ឆ្នាំ ខូចខាត​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ​1S-1138 ។
២-​ឈ្មោះ ផាត ផា​ន់​ណា អាយុ​១៩​ឆ្នាំ
៣-​ឈ្មោះ ជ្រី គឹ​ម​ហ៊ា​ង អាយុ​១៦​ឆ្នាំ
៤-​ឈ្មោះ អ៊ា​ង ផា​ន់​ណា អាយុ​១៤​ឆ្នាំ ។
ក្រុម​ជន​រង​គ្រោះ​ស្នាក់​នៅ​រោង​កម្មករ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ ។

នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជន​រង​គ្រោះ​បាន​នាំ​គ្នា​អង្គុយ​ផឹកស៊ី នៅ​ខាង​មុខ​រោង​កម្មករ ដែល​ជា​កន្លែង​ពួក​ខ្លួន​ស្នាក់​នៅ ចំណែក​អ្នកលេង​ម្នាក់​ឈ្មោះ រ៉ា ភា​រិ​ន ហៅ រ័​ត្ន ក៏​កំពុង​អង្គុយ​នៅ​ក្បែរ​នោះ​ដែរ និង​បាន​សម្លឹង​មើល​មុខ​ក្រុម​ជាងសំណង់​មិន​ដាក់​ភ្នែក​។ ចំណែក​ក្រុម​ជាងសំណង់ ក៏​មើលទៅ​វិញ​ដែរ ហើយ​ភ្លាម​ៗ​នោះ យុវជន​ឈ្មោះ ប៉ាត វាន់​ណា​ក់ បាន​និយាយ​ប្រាប់​មិត្តភក្ដិ​របស់​ខ្លួន​ថា «​កុំ​មើល​មុខ​គេ នៅ​ភ្នំពេញ ប្រយ័ត្ន​គេ​វ៉ៃ​» ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា គ្រាន់តែ​ឮ​បែប​នេះ​ភ្លាម អ្នកលេង​ឈ្មោះ រ៉ា ភា​រិ​ន ហៅ រ័​ត្ន នោះ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ លុះ​១​ម៉ោង​កន្លះ​ក្រោយមក គឺ​នៅ​វេលា​ម៉ោង​២១​និង​៣០​យប់​ថ្ងៃ​ដដែល ជន​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​មក​វិញ ដោយ​នាំ​បក្ខពួក​ចំនួន​៣​នាក់​ទៀត មក​ជាមួយ​ហើយ ប្រដាប់​ដោយ​កាំបិតប៉័ងតោ និង​កាំបិត​ផ្គាក់​គ្រប់​ដៃ​ផង​ដែរ ។ បន្ទាប់​មក បាន​ស្ទុះ​ទៅ​កាប់​ក្រុម​ជាងសំណង់​ប៉ុនប៉ង​ផ្ដាច់ជីវិត ប៉ុន្តែ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ផុត​ពី​ផ្លែកាំបិត​ពិឃាត​របស់​ក្រុម​អ្នកលេង ។ ដោយសារ​តែ​ខឹង​កាប់​មនុស្ស​មិន​បាន​ក្រុម​អ្នកលេង​ទាំងនេះ​បាន​កាប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​១​គ្រឿង បណ្តាល​ឲ្យ​បែក​កុង​ទ័​រ​, អាវ​ម៉ូតូ​ខាងឆ្វេង និង​កាប់​យក​ផ្លា​ក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​បោះចោល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត​រួច​គេចខ្លួន​បាត់ ។

នគរបាល បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ​មិន​ត្រឹមតែ​ក្រុម​ជន​រង​គ្រោះ​ភិតភ័យ​រត់​បាតជើង​ស​ព្រាត​ប៉ុណ្ណោះ​ទេ ប្រជាពលរដ្ឋ ដែល​នៅ​ជិត​នោះ​ក៏​ភិតភ័យ​ដែរ ខ្លាច​ក្រុម​អ្នកលេង​កាប់​ច្រ​លំ ហើយ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ ក៏​បាន​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជើងឯក ។ ពេល​នោះ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជើងឯក ចុះ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​១​ថ្ងៃ​ក្រោយមក គឺ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ទាំង​៤​នាក់​នោះ បានជា​បន្តបន្ទាប់ នៅ​ត្រង់​ចំណុច​វត្ត​ព្រែក​ថ្លឹង ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង ស​ងា្ក​ត់​ជើងឯក ខណ្ឌដង្កោ ។

នគរបាល​បាន​បញ្ជាក់​ថា បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាល​ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។ នៅ​ក្នុង​ពេល​នគរបាល​សួរនាំ ក្រុម​ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​មែន ។ មិនតែប៉ុណ្ណោះ បានកា​ប់យក​ស្លាក​លេខ​ម៉ូតូ​នោះ យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត ព្រោះ​ខឹង​ក្រុម​ជន​រង​គ្រោះ​មើល​មុខ និង​និយាយ​ឌឺដង​ខ្លាំង​ពេក ៕

អត្ថបទសរសេរ ដោយ