អាកាសយានដ្ឋានបាត់ដំបង ដែលជាអាកាសយានដ្ឋានចំណាស់មួយនឹងធ្លាប់បានប្រើប្រាស់ខ្លះៗរហូតដល់ឆ្នាំ១៩៩១ នៅពេលនេះបានក្លាយជាកន្លែងលំហែនាពេលល្ងាច ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចែករំលែកតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ថា ទីធ្លារអាកាសយាន្តដ្ឋានបាត់ដំបងបច្ចុប្បន្ន បានក្លាយជាកន្លែងដែលប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលេងកម្សាន្ត ពិសេសពេលល្ងាច ដើម្បីស្រូបខ្យល់អាកាសជួបជុំញុំាអាហារ និងលេងកីឡាជាដើម ។
ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋទៅលេងទីនោះភាគច្រើនជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេងញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នាដោយសារទីតាំងនេះមានទីធ្លាធំទូលាយ និងខ្លះលេងកីឡា ដើរ រត់ និងជិះកង់ជាដើម ។
គួររំលឹកថា អាកាសយានដ្ឋានបាត់ដំបង បានបើកដំណើរការដំបូងកាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច ។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូតមកដល់បច្ចុប្បន្ន ។
កន្លងមករាជរដ្ឋាភិបាលក៏មានគម្រោងស្តារអាកាសយានដ្ឋាននេះឡើងវិញផងដែរ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នក៏ស្ងាត់ទៅវិញ ។ តាមផែនការដែលបង្ហើបដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានគម្រោងពង្រីក និងប្រែក្លាយទៅជាអាកាសយានដ្ឋានលំដាប់ថ្នាក់ ៤C បន្ទាប់ពីអាកាសយានដ្ឋាននេះមិនបានដំណើរការអស់រយៈពេលរាប់សិបឆ្នាំកន្លងមក ។ អាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណជា៣គីឡូម៉ែត្រប៉ុណ្ណោះពីកណ្តាលក្រុងនៃខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ