ទីក្រុងវ៉ាស៊ីនតោន៖ មិននឹកស្មានថាសូម្បីតែកូនប្រុសបង្កើតក៏លោកបៃដិនសុខចិត្តឱ្យកូនជាប់គុកដែរដើម្បីធានាភាពស្អាតស្អំ និងយុត្តិធម៌សង្គម។ គេដឹងថាកូនប្រុសរបស់លោកបៃដិនឈ្មោះហាន់ថឺ បៃដិនកំពុងជាប់បណ្ដឹងនៅតុលាការពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់មួយករណី និងការលាក់ទុកការពិតដែលថាខ្លួនឯងប្រើប្រាស់គ្រឿងញៀន ហើយចង់ប្រើប្រាស់កាំភ្លើងដោយមិនជម្រាបជូនសមត្ថកិច្ច។ បញ្ហាផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីប្អូនថ្លៃស្រីរបស់ហាន់ថឺទម្លាយអាថ៌កំបាំងប្រាប់តុលាការ។ ប្អូនថ្លៃរូបនេះត្រូវជាអតីតភរិយារបស់បងប្រុសហាន់ថឺ ហើយដែលបងប្រុសរបស់ហាន់ថឺបានស្លាប់ដោយជំងឺមហារីកកាលពីឆ្នាំ២០១៥។

នៅក្នុងបទសម្ភាសពិសេសមួយជាមួយទូរទស្សន៍អេប៊ីស៊ី (ABC) កាលពីយប់មិញពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់ដែលកំពុងត្រូវតុលាការបើកសវនាការកាត់ទោសនោះ លោកបៃដិនថ្លែងថាលោកមិនត្រូវការរវីរវល់ជួយឈឺឆ្អាលនៅក្នុងរឿងនេះទេ។ ជាការពិតណាស់ក្នុងនាមជាប្រមុខរដ្ឋម្នាក់ លោកមានសិទ្ធិលើកលែងទោសឱ្យនរណាក៏បានដែរ។ ប៉ុន្តែចំពោះករណីកូនប្រុសរូបនេះ លោកនឹងមិនលើកលែងទោសឲ្យគាត់ជាដាច់ខាត សុខចិត្តបណ្ដោយឱ្យសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធីច្បាប់។

នេះជាការនិយាយដ៏កម្រពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់។ ចុះបើលោកហាន់ថឺមានទោសដូចការចោទមែន ហើយតុលាការសម្រេចផ្ដន្ទាទោសគាត់បែបណាមួយ តើលោកបៃដិននឹងទទួលយកសាលក្រមនេះទេ? លោកបៃដិនឆ្លើយតបថាលោកនឹងទទួលយក។ គេនៅចាំបានថាថ្មីៗនេះ លោកត្រាំក៏ត្រូវក្រុមប្រឹក្សាតុលាការ (jury) រកឃើញថាមានទោសព្រហ្មទណ្ឌ៣៤ករណី។ កាលនោះ លោកបៃដិនថ្លែងថាការកាត់ទោសលោកត្រាំបង្ហាញថាគ្មាននរណាអាចស្ថិតនៅពីលើច្បាប់បានឡើយ។

នៅសប្ដាហ៍នេះ ក្រុមប្រឹក្សាតុលាការបានស្ដាប់ការផ្ដល់សក្ខីកម្មពីសំណាក់ប្អូនថ្លៃស្រីរបស់លោកហាន់ថឺ។ អ្នកស្រីឧស្សាហ៍លាងសម្អាតឡានរបស់លោកហាន់ថឺ និងរើកកាយរកមើលគ្រឿងញៀន។ ធ្វើបែបនេះនៅក្នុងបំណងល្អដើម្បីធ្វើឱ្យជីវិតលោកហាន់ថឺបានប្រសើរឡើងវិញ។ ប៉ុន្តែចៃដន្យអ្វីនៅថ្ងៃ១នោះ អ្នកស្រីរកឃើញគ្រឿងញៀនកូកាអ៊ីនម្សៅ និងកាំភ្លើងខ្លី។

រហូតមកដល់ពេលនេះ ហាន់ថឺ បៃដិន និងក្រុមមេធាវីរបស់គាត់មិនទាន់បានបញ្ជាក់ឱ្យបានច្បាស់ថាតើគាត់នឹងឡើងផ្ដល់សក្ខីកម្មដើម្បីការពារខ្លួននៅក្នុងតុលាការដែរឬទេ។ នេះជារឿងគ្រោះថ្នាក់ណាស់សម្រាប់ជនជាប់ចោទ។ នៅអំឡុងពេលផ្ដល់សក្ខីកម្មស្រួលមិនស្រួលមានរឿងកាន់តែធំ ជាប់ទោសកាន់តែខ្លាំង ព្រោះរដ្ឋអាជ្ញាធរមានសិទ្ធិជជីកសួរដេញដោល។

លោកហាន់ថឺបានចូលបង្ហាញខ្លួននៅក្នុងតុលាការដើម្បីស្ដាប់ការចោទប្រកាន់គាត់ជាច្រើនករណីដូចជាទី១-នៅពេលទិញកាំភ្លើងខ្លីកាលពីឆ្នាំ២០១៨ គាត់មិនបានបញ្ជាក់ប្រាប់អាជ្ញាធរថាគាត់ជាអ្នកប្រើប្រាស់គ្រឿងញៀនទេ។ ទី២-គាត់កាន់កាប់កាំភ្លើងដោយខុសច្បាប់រយៈពេល១១ថ្ងៃ។ បើតុលាការរកឃើញថាកូនប្រុសលោកបៃដិនរូបនេះមានទោសដូចការចោទប្រកាន់មែន គាត់អាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២៥ឆ្នាំជាទោសអតិបរមា។

ទោះជាយ៉ាងណាក្ដី ជនជាប់ចោទប្រភេទនេះកាលពីពេលកន្លងមកមិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយូរដល់ថ្នាក់ហ្នឹងទេ។ នេះបើយោងតាមក្រសួងយុត្តិធម៌នៅប្រទេសអាមេរិក។ សូមជម្រាបថាច្បាប់នៅប្រទេសអាមេរិកអនុញ្ញាតឱ្យប្រធានាធិបតីមានសិទ្ធិលើកលែងទោសឱ្យអ្នកដទៃ។ ប៉ុន្តែប្រធានាធិបតីអាមេរិកមិនអាចលើកលែងទោសឱ្យខ្លួនឯងបានឡើយ៕

ចែករំលែកព័តមាននេះ