ទីក្រុងហាណូយ៖ សេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញរបស់វៀតណាមដែលតុលាការកាត់ទោសប្រហារជីវិតពីបទឆបោកលុយរាប់សិបពាន់លានដុល្លារនោះឥឡូវនេះគាត់ប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីទៀត។ ស្ត្រីឈ្មោះទ្រឿងមីឡានបានបញ្ជូនលុយ៤៥០០លានដុល្លារទៅក្រៅប្រទេសវៀតណាមនៅក្នុងរយៈពេលដប់ឆ្នាំ និងធ្លាប់បានលាងសម្អាតសាច់ប្រាក់ (ឬលាងលុយកខ្វក់) ៤៤៥ទ្រីលានដុង ឬស្មើនឹង១៧៥០លានដុល្លារ។ នេះបើយោងតាមលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច។
ស្ត្រីឈ្មោះឡានជាប្រធានក្រុមហ៊ុនអចលនទ្រព្យឈ្មោះវ៉ាន់ធិញហ្វាត។ ក្រសួងសន្តិសុខសាធារណៈស្នើចោទប្រកាន់ស្ត្រីរូបនេះជាច្រើនករណីទៀតដែលមានជាអាទិ៍៖ ការបង្វិលទ្រព្យសម្បត្តិខុសច្បាប់១ករណី, ការសម្អាតសាច់ប្រាក់១ករណី និងការរត់ពន្ធលុយឆ្លងដែនខុសច្បាប់១ករណី។ នេះជាបទចោទប្រកាន់ដ៏ថ្មីសន្លាងសម្រាប់ស្ត្រីឈ្មោះទ្រឿងមីឡានដែលទើបតែត្រូវតុលាការកាត់ទោសប្រហារជីវិតកាលពីខែឧសភាពីបទធ្វើឱ្យធនាគារពាណិជ្ជកម្មសៃហ្កនបាត់បង់ប្រាក់២៧ពាន់លានដុល្លារ។
សមត្ថកិច្ចស្រាវជ្រាវឃើញថាចាប់ពីឆ្នាំ២០១២-២០២២ ក្រុមហ៊ុនតូចៗដែលជាកូនកញ្ច្រែងរបស់ក្រុមហ៊ុនវ៉ាន់ធិញហ្វាតបានវេរលុយ១៥០០លានដុល្លារទៅក្រៅប្រទេសដោយជ្រកក្រោមផ្លាកប្រតិបត្តិការអាជីវកម្ម៧៨ដង។ ក្រោយមក ក្រុមហ៊ុនកូនកញ្ច្រែងទាំងនេះត្រូវគេវេរលុយត្រឡប់មកវិញបីពាន់លានដុល្លារក្រោមផ្លាកប្រតិបត្តិការអាជីវកម្មចំនួន១៥២ដង។ ការចរាចរសាច់ប្រាក់ទាំងនេះគឺសុទ្ធតែជាទង្វើខុសច្បាប់រវាងក្រុមហ៊ុនកូនកញ្ច្រែងជាមួយក្រុមហ៊ុនជាដៃគូនៅក្រៅប្រទេស។
ដូច្នេះ អាជ្ញាធរស្នើចោទប្រកាន់ស្ត្រីឈ្មោះឡាន និងបក្សពួកពីបទរត់ពន្ធលុយឆ្លងដែនខុសច្បាប់ និងពីបទសម្អាតប្រាក់៤៤៥ទ្រីលានដុងដែលឆបោកពីធនាគារពាណិជ្ជសៃហ្កន និងពីអ្នកទិញមូលប័ត្របំណុល។ ចាប់ពីឆ្នាំ២០១៨-២០២២ ស្ត្រីឈ្មោះឡាន និងបក្សពួកបានដកលុយ៤១៥ទ្រីលានដុងចេញពីធនាគារពាណិជ្ជសៃហ្កនចូលទៅក្នុងគណនីរបស់បុគ្គលចំនួន៤៨៣រូប និង៤៥០ក្រុមហ៊ុនដើម្បីបំបាត់ដានមិនឱ្យសមត្ថកិច្ចអាចស៊ើបអង្កេតដឹង។
ស្ត្រីឈ្មោះឡាន និងបក្សពួកក៏បានចេញប័ណ្ណមូលប័ត្របំណុល២៥ដងទៅឱ្យក្រុមហ៊ុនកូនកញ្ច្រែងរបស់ខ្លួនដើម្បីលក់ និងប្រមូលលុយពីអ្នកវិនិយោគជាង៣៥០០០នាក់។ ពួកគេ (បក្សពួក) ដកយកសាច់ប្រាក់សុទ្ធចេញពីកុង ហើយយកទៅបែងចែកទៅតាមសាខាផ្សេងៗរបស់ខ្លួនទៅតាមការចង្អុលបង្ហាញពីស្ត្រីឈ្មោះឡាន។ ឥឡូវនេះ សមត្ថកិច្ចរកឃើញបក្សពួក៣៤នាក់ដែលត្រូវចោទប្រកាន់។
នៅក្នុងចំណោមអ្នកសមគំនិតទាំងនេះមានទី១-ឈ្មោះង្វៀនហ្វឿងអាញ់ (Nguyen Phuong Anh) ជានាយករងសាជីវកម្មសៃហ្កន, ទី២-ឈ្មោះជិញកងកុង (Trinh Quang Cong) ជាអគ្គនាយកសាជីវកម្មគ្រប់គ្រងអឹឃ្យូមឹន (Acumen) និងទី៣-ឈ្មោះជឿងខាញ់ហង្ស (Truong Khanh Hoang) ជាអតីតនាយកស្ដីទីធនាគារពាណិជ្ជសៃហ្កនដែលត្រូវគេបារលុយអស់ពីឃ្លាំងក្រោមរូបភាពកម្ចីអាជីវកម្ម។ អាជ្ញាធរស្នើចោទប្រកាន់អ្នកទាំងនេះចំនួនបីករណីដូចស្ត្រីឈ្មោះឡានដែរ។
នៅក្នុងសំណុំរឿងលាងសម្អាតប្រាក់ សមត្ថកិច្ចស៊ើបដឹងថាមានមនុស្សជាច្រើនទៀតដែលសមគំនិត។ ក្នុងនោះមានលោកអេរិច ឈូ (Eric Chu) ដែលត្រូវជាស្វាមីរបស់ស្ត្រីឈ្មោះឡាន, លោកបួយវ៉ាន់ដុង (Bùi Văn Dũng), លេខារបស់ស្ត្រីឈ្មោះឡាន និងលេខារបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវ៉ាន់ធិញហ្វាត។ ឈ្មោះតូធីអាញ់ដាវ (To Thi Anh Dao) ដែលជាអគ្គនាយករងក្រុមហ៊ុនវ៉ាន់ធិញហ្វាតត្រូវសមត្ថកិច្ចស្នើចោទប្រកាន់ពីបទរត់ពន្ធលុយឆ្លងដែនខុសច្បាប់។
នេះជាលើកទី២ដែលសមត្ថកិច្ចស៊ើបអង្កេតទៅលើស្ត្រីឈ្មោះឡាន និងបក្សពួករបស់គាត់ពីបទប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងក្រុមហ៊ុនអចលនទ្រព្យវ៉ាន់ធិញហ្វាតរបស់គាត់ និងធនាគារពាណិជ្ជសៃហ្កន។ ការស៊ើបអង្កេតលើកទី១នាំទៅដល់ការកាត់ទោសប្រហារជីវិតទៅលើស្ត្រីរូបនេះ។ ឥឡូវនេះ គាត់បានដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ជាបន្តទៀត៕
ចែករំលែកព័តមាននេះ