ទីក្រុងម៉ានីឡា៖ មានហេតុការណ៍ផ្ទុះទូកមួយគ្រឿង និងឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៦នាក់ សុទ្ធតែជាអ្នកនេសាទ។ សំណាងល្អ អ្នកនេសាទ៦នាក់ទៀតត្រូវគេជួយសង្គ្រោះ។ ហេតុការណ៍នេះកើតឡើងទៅលើទូកឈើ១គ្រៀងនៅពេលយប់ងងឹត។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីទីភ្នាក់ងារល្បាតនៅតាមតំបន់មាត់សមុទ្រ។
អ្នកដែលអាចរួចផុតពីសេចក្ដីស្លាប់ទាំងប៉ុន្មាននាក់នោះរហូតមកដល់ពេលនេះមិនទាន់ជាសះស្បើយនៅឡើយទេ។ ពួកគេត្រូវសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ។ អ្នកខ្លះទៀតមានអារម្មណ៍តក់ស្លុតរន្ធត់ខ្លាំងពេកនិយាយអ្វីក៏មិនចេញ។ ម៉្លោះហើយមិនអាចផ្ដល់បទសម្ភាស ឬរៀបរាប់ឡើងវិញនូវហេតុការណ៍ដែលបានកើតឡើងប្រាប់ក្រុមអ្នកស៊ើបអង្កេតបានឡើយ។
គ្រោះអកុសលលើកនេះកើតឡើងចម្ងាយ៨គីឡូម៉ែត្រពីទីក្រុងណាហ្កា (Naga) ខេត្តសេប៊ូ (Cebu)។ អ្នករួចផុតជីវិតម្នាក់ថ្វីដ្បិតមិនគ្រោះថ្នាក់ដល់ស្លាប់ ប៉ុន្តែគាត់ក៏រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ វីឌីអូដែលផ្សព្វផ្សាយដោយក្រុមល្បាតបានបង្ហាញថានៅពេលហេតុការណ៍មានភ្លើង និងផ្សែងហោះហើរចេញពីទូកនេសាទទៅលើអាកាស។ វីឌីអូនោះបង្ហាញថាក្រុមល្បាតដែនសមុទ្រខិតខំស្វែងរកមើលនៅលើផ្ទៃសមុទ្រ។ បុគ្គលិកដែលត្រូវរបួសរលាកស្បែកត្រូវគេដឹកយកទៅកន្លែងសុវត្ថិភាព។
ទូកធ្វើពីឈើ១គ្រឿងនោះផ្នែកខាងក្នុងធ្វើពីបន្ទះឫស្សីទំនងជាមានបញ្ហាម៉ាស៊ីន ហើយក៏ផ្ទុះចេញជាអណ្ដាតភ្លើងឆេះហ៊ុមព័ទ្ធទូកនេះមួយរំពេច។ អ្នកដែលរងគ្រោះមុនគេគឺអ្នកបើកទូក។ ចំណែកអ្នកដទៃទៀតមើលក្រឡាមិនស្រួលក៏ហក់ចូលក្នុងទឹកព្រោងៗតែម្ដង។ ចៃដន្យមានទូកមួយគ្រឿងបើកបរកាត់ទីនោះ ហើយបានជួយបាញ់ទឹកពន្លត់ភ្លើង។ ក្រោយមក ឆ្មាំល្បាតតាមសមុទ្រក៏ចាត់កម្លាំងស្វែងរក និងជួយសង្គ្រោះ។ នេះបើយោងតាមមន្ត្រីដែលធ្វើការផ្នែកល្បាតតាមសមុទ្រ។
ករណីឆេះទូក ឬលិចទូកមិនមែនជារឿងថ្មីទេនៅហ្វ៊ីលីពីន។ មូលហេតុដោយសារប្រទេសនេះសម្បូរកោះ និងឧស្សាហ៍កើតមានខ្យល់កន្ត្រាក់នៅលើផ្ទៃសមុទ្រ។ មិនតែប៉ុណ្ណោះ កូនទូកតូចៗដែលមិនសូវបំពាក់បច្ចេកវិទ្យាទំនើបគឺជាបញ្ហា។ ជួនកាលទូកតូចហើយឆ្លៀតដាក់លើសចំណុះថែមទៀត ខណៈដែលច្បាប់ស្ដីពីសុវត្ថិភាពក៏មិនសូវអនុវត្តឱ្យបានត្រឹមត្រូវនោះដែរ។
កាលពីខែធ្នូ ឆ្នាំ១៩៨៧មានឧបទ្ទវហេតុដ៏ធំមួយនៅលើផ្ទៃសមុទ្រហ្វ៊ីលីពីន។ កាលនោះ នាវាចម្លង១គ្រឿងដែលដាក់មនុស្ស និងឡានម៉ូតូលើសចំណុះបានបើកទៅប៉ះនាវាដឹកប្រេងបណ្ដាលឱ្យមនុស្ស៤៣៨៥នាក់ស្លាប់។ នេះជាសោកនាដកម្មលិចនាវាដែលស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកខ្លះចាត់ទុកថានេះជាព្រឹត្តិការណ៍លិចនាវាថាយថានិចនៅទ្វីបអាស៊ី (Asia’s Titanic)។ តាមពិត នាវានេះអាចដាក់មនុស្ស១៥០០នាក់។ ប៉ុន្តែជាក់ស្ដែងដាក់លើសចំណុះរហូតដល់ទៅបីដង៕
ចែករំលែកព័តមាននេះ