ទីក្រុងយេរូសាឡឹម៖ ជំនួយការរបស់លោកណឺតាន់យ៉ាហ៊ូអះអាងថារដ្ឋាភិបាលអ៊ីស្រាអែលបានទទួលយកនូវសំណើរបស់លោកបៃដិនដើម្បីដោះស្រាយបញ្ហាសង្គ្រាមនៅតំបន់ហ្កហ្សា។ ប៉ុន្តែលោកណឺតាន់យ៉ាហ៊ូមិនប្រាកដជាពេញចិត្តទាំងស្រុងទេព្រោះសំណើនោះនៅមានចំណុចខ្វះខាត។ លោកអូភៀ ហ្វក (Ophir Flak) ដែលជាទីប្រឹក្សាទទួលបន្ទុកខាងនយោបាយការបរទេសរបស់លោកណឺតាន់យ៉ាហ៊ូថ្លែងថាសំណើរបស់លោកបៃដិនជាអ្វីដែលយើងឯកភាព។ ទីប្រឹក្សារូបនេះថ្លែងថាសំណើនេះមិនល្អណាស់ណាទេ។ ប៉ុន្តែអ៊ីស្រាអែលទទួលយកដើម្បីធ្វើម៉េចដោះលែងចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ។
ទីប្រឹក្សារូបនេះយល់ថាមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ប៉ុន្តែចំណុចសំខាន់២ដែលអ៊ីស្រាអែលរក្សាជំហរដដែលមិនផ្លាស់ប្ដូរទេ។ ទី១-ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងទី២-ការបោសសម្អាតក្រុមហាម៉ាស់ត្រូឱ្យអស់។ កាលពីយប់មិញ ក្រសួងការបរទេសអាមេរិកថ្លែងថាលោកប្លីងខិនបាននិយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និងរដ្ឋមន្ត្រីម្នាក់ទៀត។ លោកប្លីងខិនសង្កត់ធ្ងន់ថាក្រុមហាម៉ាស់គួរណាស់ទទួលយកកិច្ចព្រមព្រៀងនេះដោយឥតពន្យារពេលតទៅទៀត។
លោកប្លីងខិនស្នើសុំឱ្យអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងនេះ។ លោករំលេចឱ្យឃើញថាសំណើនេះនឹងជួយពង្រឹងសន្តិសុខជាតិរបស់អ៊ីស្រាអែលរយៈពេលយូរ។ អ៊ីស្រាអែលក៏អាចមានទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសដទៃនៅក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃសុក្រ លោកបៃដិនបានប្រកាសនូវអ្វីដែលលោកចាត់ទុកថាផែនការបីដំណាក់កាលដែលស្នើឡើងដោយរដ្ឋាភិបាលរបស់លោកណឺតាន់យ៉ាហ៊ូដើម្បីបញ្ចប់សង្គ្រាម។
ដំណាក់កាលទីមួយនិយាយអំពីការឈប់បាញ់គ្នា និងការដោះលែងចំណាប់ខ្មាំងមួយចំនួន។ បន្ទាប់មក ភាគីទាំង២នឹងបន្តការចរចាគ្នាដើម្បីបិទបញ្ចប់អរិភាព។ ដំណាក់កាលទី២និយាយអំពីការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។ នេះបើយោងតាមការអះអាងរបស់លោកបៃដិន។ មានន័យថាមិនអាចផាត់ចោលក្រុមហាម៉ាស់ទេ។ ពួកគេនៅតែមានចំណែកសំខាន់នៅក្នុងការចរចាគ្នា។ ចំណុចនេះហើយដែលបង្កជាការប្រទាំងប្រទើសគ្នាជាមួយគោលជំហររបស់អ៊ីស្រាអែល។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកបៃដិនបានស្នើសុំឱ្យមានបទឈប់បាញ់ជាហូរហែ។ សំណើនីមួយៗមិនខុសគ្នាប៉ុន្មានពីសំណើកាលពីថ្ងៃសុក្រនោះទេ។ ទោះជាយ៉ាងណាក្ដី សំណើទាំងនោះមិនដែលទទួលបានជោគជ័យម្ដងណាទេ។ កាលពីខែកុម្ភៈ លោកបៃដិនថ្លែងថាអ៊ីស្រាអែលយល់ព្រមផ្អាកបាញ់គ្នានៅអំឡុងបុណ្យបួសរបស់សាសនិកឥស្លាម (បុណ្យរ៉ាម៉ាដន -Ramadan)។ ប៉ុន្តែជាក់ស្ដែងពុំដែលអនុវត្តបានត្រឹមត្រូវដូចកិច្ចព្រមព្រៀងទាល់តែសោះ។
ចំណុចដែលនៅទាក់ទើរមិនដាច់ស្រេចនោះគឺអ៊ីស្រាអែលមិនចង់បានទាល់តែសោះការឈប់បាញ់គ្នារយៈពេលយូរ។ អ៊ីស្រាអែលថ្លែងថាខ្លួនអាចនឹងផ្អាកបាញ់គ្នាត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។ ចំណែកក្រុមហាម៉ាស់ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមទាំងស្រុងជាអចិន្ត្រៃយ៍។ លោកបៃដិនថ្លែងថាសំណើចុងក្រោយរបស់គាត់ជាជម្រើសល្អព្រោះមិនឱ្យក្រុមហាម៉ាស់វិលមកកាន់អំណាចវិញទេ។ លោកទទួលស្គាល់ថាមានចំណុចជាច្រើនដែលត្រូវចរចាគ្នាឱ្យបានល្អិតល្អន់ឆ្លងពីដំណាក់កាលទី១ទៅដំណាក់កាលទី២៕
ចែករំលែកព័តមាននេះ