ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងគប់លុយដាក់មុខ បុរសថៃម្នាក់ទាត់ភ្ញៀវទេសចរកូរ៉េបណ្តាលឱ្យបាក់ធ្មេញ

4 ខែ មុន

(ថៃ)៖ អ្នកទេសចរកូរ៉េខាងត្បូងម្នាក់ បានរាយការណ៍ទៅប៉ូលិសប៉ាតាយ៉ា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤​ ដោយអះអាងថាគាត់ត្រូវបានគេទាត់ចំមុខពីរដង។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Pattaya News  បានឱ្យដឹងថាកាលពីយប់ថ្ងៃទី៣០…

(ថៃ)៖ អ្នកទេសចរកូរ៉េខាងត្បូងម្នាក់ បានរាយការណ៍ទៅប៉ូលិសប៉ាតាយ៉ា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤​ ដោយអះអាងថាគាត់ត្រូវបានគេទាត់ចំមុខពីរដង។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Pattaya News  បានឱ្យដឹងថាកាលពីយប់ថ្ងៃទី៣០ ខែឧសភា ភ្ញៀវទេសចរកូរ៉េខាងត្បូងម្នាក់ឈ្មោះ Park Munsu អាយុ៣៨ឆ្នាំ បានដើរលេងជាមួយមិត្តស្រីរបស់គាត់នៅផ្សាររាត្រី Runway ផ្លូវ Pattaya Second Street ក្រុង Pattaya ប្រទេសថៃ។

នៅក្នុងផ្សាររាត្រីនោះក៏មានការតាំងពិពណ៌ ពួកគេបានឈប់មើលការលេងសៀក ជាមួយសត្វជាច្រើនដូចជា ពស់ថ្លាន់ និងសត្វទីទុយ បន្ទាប់មកអ្នកទេសចរកូរ៉េខាងត្បូងម្នាក់នោះក៏បានប្រើទូរស័ព្ទរបស់គាត់ដើម្បីថតរូប និងវីដេអូនៃការសម្តែងរបស់សត្វ។

ទោះជាយ៉ាងណាក៏ដោយម្ចាស់​កម្មវិធី​បង្ហាញ​សត្វដែលមានឈ្មោះថា Bas​  បានស្នើឱ្យគាត់ឈប់ថតរូប និងថតវីដេអូ នេះបើយោងតាម ​​Pattayamail ហើយការ​ឈ្លោះប្រកែក​គ្នា​កាន់តែ​តានតឹង​នាំឱ្យ បុរសកូរ៉េខាងត្បូងម្នាក់នោះ បង្ហាញកាយវិការមិនសមរម្យដោយ បោះ​ក្រដាសប្រាក់​១០០​បាត​ដាក់​មុខបុរសថៃនោះហើយ​ចាកចេញ​ទៅ​។

កាយវិការនេះហាក់ដូចជាបង្ហាញការប្រមាថទើបធ្វើឱ្យបុរសថៃខឹង ក៏ទាត់អ្នកទេសចរកូរ៉េចំមុខចំនួនពីរដង បណ្តាលឱ្យ Park ដួលថយក្រោយ និងហូរឈាមពេញមាត់។ ការ​វាយតប់​គ្នា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍​កូរ៉េម្នាក់​នេះ​បាក់​ធ្មេញ​មុខ និងធ្មេញជាច្រើនទៀត ព្រមទាំងហូរឈាម។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​កោះហៅ​បុរសថៃនោះ​មក​ភ្លាម​ៗ ។បុរសថៃឈ្មោះBasនេះ​បាន​និយាយ​ថា គាត់​ខឹង​ខ្លាំង​ណាស់​សកម្មភាព​គប់​លុយ​របស់ភ្ញៀវទេសចរកូរ៉េរូបនេះ គឺ​ជា​ការ​ប្រមាថដោយសារ​លុយ​នៅ​ប្រទេស​ថៃ​មាន​រូបស្តេច​ដែល​ជំរុញ​ឲ្យ​លោក​ផ្ទុះ​អំពើ​ហិង្សា តែគាត់ក៏​បាន​ទទួល​ស្គាល់​អំពើ​ខុស​ឆ្គង​របស់​គាត់ ហើយ​បាន​សម្តែង​នូវ​វិប្បដិសារី។

ទាក់ទិននឹងរឿងរ៉ាវនេះបុរសថៃខាងលើក៏បាននិយាយថា គាត់បានដាក់ផ្លាកជូនដំណឹងជាភាសាអង់គ្លេស សុំកុំឱ្យអ្នកទស្សនាថត ឬថតរូបពេលសត្វកំពុងសំដែង។

ហេតុការណ៍​នេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត គេ​មិន​ទាន់​ដឹង​ថា​តើ​បុរសថៃរូបនេះ​បាន​ផ្តល់​សំណង​សម្រាប់​ការ​ខូចខាត​ដល់​ភ្ញៀវ​ទេសចរ​កូរ៉េ​នោះ​ឬ​យ៉ាង​ណា​នោះ​ទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ