ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប កីឡាករ និង គ្រូបង្វឹក Real Madrid បង្កើនកំណត់ត្រាឈ្នះ UCL ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

6 ខែ មុន

ចក្រភពអង់គ្លេស ៖ អបអរសាទរ ក្លិបស្តេចស Real Madrid បង្កើនកំណត់ត្រាឈ្នះជើងឯកពានរ

ចក្រភពអង់គ្លេស ៖ អបអរសាទរ ក្លិបស្តេចស Real Madrid បង្កើនកំណត់ត្រាឈ្នះជើងឯកពានរង្វាន់ UEFA Champions League (UCL) ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអឺរ៉ុប ក្រោយបំបាក់ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ការប្រកួតផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley ចក្រភពអង់គ្លេស បញ្ចប់ទៅដោយ Real Madrid យកឈ្នះ Dortmund នៅក្នុងលទ្ធផល ២-០ ដែលជាការសម្រេចបានដោយខ្សែការពារស្តាំ Dani Carvajal និងខ្សែប្រយុទ្ធ Vinícius Júnior ជួយក្រុមរបស់លោក Carlo Ancelotti គ្រងជើងឯកពានរង្វាន់ Champions League រដូវកាល ២០២៣-២៤។

តាមរយៈជ័យជម្នះនៅឯកីឡដ្ឋានជាតិ Wembley ដែលមានន័យថា Real Madrid បានបង្កើនកំណត់ត្រាឈ្នះជើងឯក Champions League ចំនួន ១៥ សម័យកាល ពោលរដូវកាល ១៩៥៥-៥៦, ១៩៥៦-៥៧, ១៩៥៧-៥៨, ១៩៥៨-៥៩, ១៩៥៩-៦០, ១៩៦៥-៦៦, ១៩៩៧-៩៨, ១៩៩៩-២០០០, ២០០១-០២, ២០១៣-១៤, ២០១៥-១៦, ២០១៦-១៧, ២០១៧-១៨, ២០២១-២២ និង ២០២៣-២៤ បន្តកាន់កាប់កំណត់ត្រាក្លិបឈ្នះពានធំបំផុតរបស់អឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។

ដោយឡែក លោក Carlo Ancelotti បានបង្កើន និងបន្តកាន់កាប់កំណត់ត្រាគ្រូបង្វឹកឈ្នះពានរង្វាន់ Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន ៥ ដង។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះ បានឈ្នះ ២ ដងជាមួយនឹងក្លិប AC Milan រដូវកាល ២០០២-០៣ និង ២០០៦-០៧ ហើយបន្តឈ្នះ ៣ ដងបន្ថែមទៀតជាមួយនឹងក្លិប Real Madrid រដូវកាល ២០១៣-១៤, ២០២១-២២ និង ២០២៣-២៤។

ចំណែក​ខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Toni Kroos ខ្សែការពារស្តាំអេស្ប៉ាញ Dani Carvajal និងខ្សែការពារកណ្តាលអេស្ប៉ាញ Nacho ក៏បានបង្កើន និងបន្តកាន់កាប់កំណត់ត្រាជាកីឡាករឈ្នះពាន Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន ៦ ដងដូចគ្នា ជាមួយក្លិប Real Madrid៕ (ប្រភព និង រូបភាព ៖ ESPN និង Champions League)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ