សម្តេចតេជោ ទម្លាយរឿងលោក អាត់ ធន់ ជាអ្នកណាពិតប្រាកដ? ក្រោយស្នើសម្តេចជួយករណីចាញ់ការបោះឆ្នោត
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានទម្លាយរឿងលោក អាត់…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានទម្លាយរឿងលោក អាត់…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានទម្លាយរឿងលោក អាត់ ធន់ដែលជាមេសហជីព មួយរូប តែងតែប្រឆាំងនឹងរាជរដ្ឋាភិបាលជាអ្នកណាពិតប្រាកដ ? ក្រោយស្នើ សម្តេចជួយករណីចាញ់ក្នុងការបោះឆ្នោតជ្រើសប្រធានសហជីព ។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចបានសរសេរសារយ៉ាងដូច្នេះថា ៖ «ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោក អាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីព បន្ទាប់ទៅ ក៏មានពាក្យការគំរាម ឬការ លូកដៃពីខាងក្រៅ» ។
សម្តេចតេជោ បានទម្លាយរឿងមេសហជីព ដែលតែងតែចេញមុខប្រឆាំង នឹងរាជរដ្ឋាភិបាល នាពេលកន្លងមកយ៉ាងដូច្នេះថា ៖ «តាមពិតទៅ លោក អាត់ ធន់ មានទំនាក់ទំនងជាមួយខ្ញុំជិត២០ឆ្នាំហើយ តែ អាត់ ធន់ តែងបង្ហាញឥរិយាបទ ជាអ្នកប្រឆាំង ដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេស ដែលផ្តល់លុយ ។ សូម្បីតែថ្ងៃ ១ឧសភា ២០២៤ កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំ ទិវាពលកម្មអន្តរជាតិ ដើម្បីបង្ហាញថា ខ្លួនជាអ្នកប្រឆាំង» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងទៀតថា ៖ ថ្ងៃទី ៣ឧសភា ២០២៤ ខ្ញុំមានការភ្ញាក់ផ្អើល ក្រោយមើលសាររបស់លោក សយ សុភាព ដែលលោក អាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូង និងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីព ក្នុងករណីចាញ់ឆ្នោត ។
សម្តេចគូសបញ្ជាក់ថា «ការភ្ញាក់ផ្អើលរបស់ខ្ញុំ នៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំ អស់មួយរយៈមកហើយ ដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិត ឬក្លែងក្លាយខ្ញុំមិនច្បាស់ ។ រឿងបានផ្លាស់ប្តូរ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ១ឧសភា ដល់ថ្ងៃ ៣ឧសភា ២០២៤ បន្ទាប់ពីលោក
អាត់ ធន់ ពិនិត្យឃើញថា អាចចាញ់ការបោះឆ្នោតជ្រើសរើស មេសហជីពថ្មី ទើប អាត់ ធន់ រត់រក ហ៊ុន សែន ជួយ» ។
សម្តេចតេជោ បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានសារពីលោក សយ សុភាព ខ្ញុំក៏បានសាកសួររកព័ត៌មានទាក់ទងលើរឿងនេះ ទើបដឹងថាការបោះឆ្នោត ត្រូវធ្វើថ្ងៃ ១៩ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែម ដោយការប៉ុនប៉ងធ្វើឲ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត ។ ខ្ញុំប្រាប់ទៅលោក សយ សុភាព ឲ្យប្រាប់ទៅលោក អាត់ ធន់ ថា គួរតែបោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោត ដែលមានស្រាប់ ដែលនេះជាដំណើការធម្មតា នៃប្រជាធិបតេយ្យ សម្រាប់អង្គការចាត់តាំងមួយ ដែលមនុស្សចាស់ដូចរូបខ្ញុំ គួរតែប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព ។
សូមស្តាប់ការពន្យល់របស់លោក សយ សុភាព ជាមួយសារដំបូង ដែលលោក សយ សុភាព ផ្ញើមកខ្ញុំ ។ សង្ឃឹមថា លោក អាត់ ធន់ មិនបកស្រាយឲ្យខុសពីការពិត ដែលលោកទាក់ទងជាមួយខ្ញុំ និងក្រុមប្រឆាំង ក៏គួរដឹងថា អាត់ ធន់ ពិតប្រាកដជាអ្នកណា ? ៕
ចែករំលែកព័តមាននេះ