ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត២០យ៉ាងពីព្រែកជីកហ្វូណនតេជោ ដែលរាស្រ្តខ្មែរគួរដឹង !

1 ឆ្នាំ មុន

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជា​គម្រោង​យក្ស​មួយ​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ហើយ​ក៏​ជា គម្រោង​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ដែល​ជួយ​កាត់​បន្ថយ​រយៈពេល​ចម្ងាយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​បង្កើត​តំបន់​ពាណិជ្ជកម្ម អភិ​ឌ្ឍ​កំពង់​ផែ​រណប​ថ្មី​ៗ​អភិវឌ្ឍ​កសិកម្ម ធារាសាស្ត្រ ចិញ្ចឹមសត្វ ។ គម្រោង​មួយ​នេះ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាជន​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​សំណង់​នគរ​រូប​នី​យ​កម្ម…

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជា​គម្រោង​យក្ស​មួយ​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ហើយ​ក៏​ជា គម្រោង​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ដែល​ជួយ​កាត់​បន្ថយ​រយៈពេល​ចម្ងាយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​បង្កើត​តំបន់​ពាណិជ្ជកម្ម អភិ​ឌ្ឍ​កំពង់​ផែ​រណប​ថ្មី​ៗ​អភិវឌ្ឍ​កសិកម្ម ធារាសាស្ត្រ ចិញ្ចឹមសត្វ ។

គម្រោង​មួយ​នេះ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាជន​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​សំណង់​នគរ​រូប​នី​យ​កម្ម ជំរុញ​កំណើន​ទេសចរណ៍ និង​ជំរុញ​កំណើន​អចលនទ្រព្យ ។

កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​នាំ​មក​ជូន​នូវ​ការ​ពិត​ទាំង​២៦​យ៉ាង​របស់ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជូន​សារ​ធារ​ណៈ ។

១. រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍ​ជាតិ​មួយ​ហើយ​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​អោយ​ប្រសើរ ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ទាំង​ផ្លូវគោក ផ្លូវអាកាស ផ្លូវ​ទឹកសាប និង​ផ្លូវ​សមុទ្រ ។ ក្នុង​ផែនការ​នោះ​មាន​ផ្លូវ​១០២​ខ្សែ គម្រោង​ផ្លូវដែក គម្រោង​ព្រែកជីក គម្រោង​ដឹក ជញ្ជូន​ផ្លូវ សមុទ្រ និង​គម្រោង​អាកាសចរណ៍ ហើយ​ក្នុង​គម្រោង​ទាំងនេះ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មាន​សារៈសំខាន់​ជាងគេ ។
២ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​មាន​ទទឹង​ខាងលើ​១០០​ម៉ែត្រ ទទឹង​ខាងក្រោម​៨០​ម៉ែត្រ និង​ជម្រៅ​៥,៤​ម៉ែត្រ ដែល​អាច​អោយ​កប៉ាល់​ផ្ទុក​កុង​ទី​ន័​រ​ទម្ងន់​៣០០០​តោន​ធ្វើ​នាវាចរណ៍​បាន ។

៣. គម្រោង​ព្រែកជីក​ប្រវែង​១៨០​គីឡូម៉ែត្រ​នេះ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ គឺ​ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ។ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​នឹង​ភ្ជាប់​កំពង់​ផែ​ភ្នំពេញ ទៅ​កំពង់​ផែ សមុទ្រ​ខេត្ត​កែប ដែល​បង្កើត​ជា​ចរន្ត​ការ​ដឹក​ជញ្ជូន​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ។

៤. ការ​កសាង​ព្រែកជីក​ដ៏​ធំ​បែប​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដែល​ត្រូវការ​ទឹកប្រាក់ ចំនួន​១.៧០០​លាន​ដុល្លារ ហើយ​ត្រូវ​កសាង​ផ្លូវ​សន្ទះ​នាវាចរ​ចំនួន​៣ ស្ពាន​ឆ្លង​១១​ស្ពាន ប្រើ​រយៈពេល​៤​ឆ្នាំ​អោយ​រួចរាល់ ។
៥. ដើម្បី​អោយ​គម្រោង​យក្ស​មួយ​នេះ អាច​សម្រេច​ទៅ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​ផ្តល់​ការងារ​នេះ​ដល់​ក្រុមហ៊ុន​ចិន ដើម្បី​ប្រតិបត្តិការ​កសាង ។ កាលពី​ខែតុលា ឆ្នាំ​២០២៣ នាយក​រដ្ឋមន្ត្រី​បាន​ចូលរួម​គម្រោង​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ ដែល​ធ្វើ​នៅ​ប្រទេស​ចិន ហើយ ឈាន​ទៅ​រក​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ដំណើរ​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក្នុង​ទំហំ​ទឹកប្រាក់​១៧០០​លាន​ដុល្លារ ។
៦. នៅ​ពេល​ព្រែកជីក​រួចរាល់​ជា​ស្ថាពរ ព្រែកជីក​នេះ​នឹង​ធ្វើ​អោយ​កម្ពុជា​អាច​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​ពី​វៀតណាម​បាន ព្រោះ​កម្ពុជា​អាច​ដឹក​ជញ្ជូន​ទំនិញ​នានា​ទៅ​សមុទ្រ​ដោយ​ខ្លួនឯង​បាន ។

៧. យោង​លើ​របាយការណ៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ស្ថាបនា​រួចរាល់ និង​ដំណើរការ​ពេញ លេញ ព្រែកជីក​នេះ​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​សមុទ្រ​ទៅ​កំពត បើក​អោយ​ការ​ដឹក​ជញ្ជូន​ផ្លូវ ទឹកទន្លេ​មេគង្គ និង​ផ្លូវ​សមុទ្រ​កម្ពុជា ។ ព្រែកជីក​នេះ​ជួយ​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ប្រមាណ​១៦​ភាគរយ និង​បន្ថយ​រយៈពេល​ដឹក​ជញ្ជូន​ទំនិញ​ផង ។
៨. ព្រែកជីក​នេះ​នឹង​ជួយ​លើក​ស្ទួយ​កសិកម្ម ធារាសាស្ត្រ​នៅ​តាម​ដងព្រែក​ជីក​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ប្រមាណ​១,៦​លាន​នាក់ ដែល​អាច​ទាញ​យក​ប្រយោជន៍​ផ្ទាល់ ឬ​មិន​ផ្ទាល់​ពី​គម្រោង ។

៩. អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​លើក​ឡើង​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​នឹង​ជួយ​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​តាម​តំបន់​ទាំងនោះ ហើយ​ថែម​ទាំង​បង្កើត គម្រោង​អចលនទ្រព្យ​ថ្មី​ៗ សម្រាប់​ប្រជាជន និង​អ្នក​វិនិយោគ ។
១០. អ្នកជំនាញ​ផ្នែក​ទេសច​ណ៍​វិញ បាន​និយាយ​ថា គម្រោង​ព្រែកជីក​នេះ​ក៏​នឹង​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​ចូល​មក​តាម​ផ្លូវទឹក​រហូត​ដល់​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។
១១. លទ្ធផល​ការ​សិក្សា ផល​ប៉ះពាល់ និង​ទិដ្ឋភាព​ច្បាប់​ឃើញ​ថា មិន​បាន​ធ្វើ​អោយ​ល្មើស​លើ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​នោះ​ទេ ។ យោង​តាម​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង បាន​ចែង​ពី​ការ​ប្រើប្រាស់​ទឹក​ដោយ​សម​ហេតុផល ដោយ​កម្ពុជា​មាន​កាតព្វកិច្ច ធ្វើការ​ជូនដំណឹង​ទៅ​គណៈកម្មការ​រួម​អោយ​បាន​ជ្រាប​ជា​មុន ពេល​អនុវត្ត​ការងារ​សាងសង់ និង​មិន​ជាប់​កាតព្វកិច្ច​ធ្វើការ​ពិគ្រោះ​យោបល់​ជា​មុន ឬ​ត្រូវ​មាន​កិច្ចព្រមព្រៀង​ជាក់លាក់​ពី​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​នោះ​ទេ ។

១២. គម្រោង​ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ​ជា​គម្រោង​មួយ​ដែល​បង្វែរ​ទឹក​ចេញពី​ព្រែក​តា​ហ៊ីង ដែល​ជា​ដៃ​ទន្លេបាសាក់ ហើយ​ទន្លេបាសាក់​ជា​ដៃ​មួយ​របស់​ទន្លេមេគង្គ មិនមែន​បង្វែរ​ចេញពី​ទន្លេមេគង្គ​ដែល​ជា​ទន្លេ​មេនោះ​ទេ ។ ដូច្នេះ​កម្ពុជា​មិន​ចាំបាច់​ស្នើ​ទៅ​កាន់​គណៈកម្មការ​ទន្លេមេគង្គ​អន្តរជាតិ ដើម្បី​សុំ​អនុវត្ត​គម្រោង​នេះ​ឡើយ​គ្រាន់តែ​ជូនដំណឹង​ជា​មុន​ប៉ុណ្ណោះ ។
១៣. ក្រុមហ៊ុន​សិក្សា គឺ​ក្រុមហ៊ុន​CCCC Water Transportation Consultants Co., Ltd. និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) រួម និង​ដៃគូ​អន្តរជាតិ​លើ​ផ្នែក​បច្ចេកទេស ជំនាញការ​របស់ JICA ADB និង MIRCS ជំនាញការ​អន្តរជាតិ​ផ្នែក​កំពង់​ផែ និង​ផ្លូវទឹក​មេធាវី​អន្តរជាតិ​ជំនាញ​កិច្ចការ​ច្បាប់​ទឹក និង​កិច្ចព្រមព្រៀង​មេគង្គ​១៩៩៥ ។

១៤. គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​របស់​ចិន​នោះ​ទេ ទោះបីជា​គម្រោង​នេះ​ទទួល​ការ​សាងសង​ក្រោម​រូបភាព​វិនិយោគ​បែប BOT ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ។
១៥. ទោះបីជា​គម្រោង​ព្រែកជីក​នេះ​ទើបតែ​បាន​សិក្សា និង​ត្រៀម​បើក​ការដ្ឋាន​សាងសង់​ក្តី​ក៏​មិនមែន​មាន​ន័យ​ថា គម្រោង​ព្រែកជីក​នេះ​ថ្មី​ដែរ​ដោយសារ​វា​សិ្ថ​ត​នៅ​លើ​ដាន​ព្រែកជីក​ចាស់ របស់​ខ្មែរ​តាំងពី​សម័យ​មុន​អង្គរ​មក​ម្ល៉េះ គឺ​សម័យ​ហ្វូ​ណ​ន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មាន ព្រែកជីក​ចំនួន​៣ គឺ​ព្រែកជីក​អូ​កែវ ព្រែកជីក​វេន​តេ និង​ព្រែកជីក​ហ្វូ​ណ​ន តែ​ឆ្លងកាត់​សង្គ្រាម ក្នុង​ប្រវត្តិសាស្ត្រ​ព្រែកជីក​ចំនួន​២ គឺ​អូ​កែវ និង​វេន​តេ ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម ។

១៦. បច្ចុប្បន្ន​ទំនិញ​របស់​កម្ពុជា​ចេញពី​កំពង់​ផែ​ភ្នំពេញ​៦៧% ត្រូវ​ដឹក​ទៅ​កាន់​កំពង់​ផែ ក្រុងព្រះសីហនុ និង​៣៣% ត្រូវ​ដឹក​តាម​ប្រទេស​វៀតណាម តាម​ការ​រំពឹង​ទុក​នៅ​ពេល​ព្រែកជីក នេះ​បញ្ចប់​ការ​សាងសង់ និង​ប្រើប្រាស់​ជា​ផ្លូវការ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទៅ​កំពង់​ផែ​ក្រុង ព្រះ​សីហ​នុ នឹង​កើន​៩០% រីឯ​ទៅ​តាម​វៀតណាម​នៅ​សល់​ត្រឹមតែ​១០%​ប៉ុណ្ណោះ​សម្រាប់ តែ​ទំនិញ​ណា​ដែល​ចាំបាច់​ទៅ​តាម​ផ្លូវ​នេះ ។
១៧. តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​ក្រុម ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក​ស៊ុន ចាន់​ថុ​ល គម្រោង​នេះ​ប្រើប្រាស់​ថវិកា​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ឯកជន ។
១៨. លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​លើក ឡើង​ថា ការ​ប្រើប្រាស់​ព្រែកជីក​នេះ​នឹង​ផ្តល់​ដល់​ឧត្តមភាព​ផ្នែក​ប្រកួតប្រជែង​របស់​កម្ពុជា ព្រោះ​កម្ពុជា​ចំណេញ​លើ​ថ្លៃ​ដឹក​ជញ្ជូន​ជាង​៣០០​ដុល្លារ​ក្នុង​មួយ​ទូ​កុង​ទី​ន័​រ បើ​ធៀប​នឹង​ការ​ដឹក​ជញ្ជូន​តាម​វៀតណាម ។

១៩. គម្រោង​ព្រែកជីក​នេះ ទទួល​បានការ​អបអរសាទរ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​មួយ​រយៈពេល ចុង​ក្រោយ​នេះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ប្តូរ​profile បង្ហាញ​ពី​ការ​គាំទ្រ លើ​គម្រោង​នេះ ។
២០. បច្ចុប្បន្ន​កម្ពុជា​មាន​ទន្លេ​ឆ្លងកាត់​ប្រវែង​១.៧៥០​គីឡូម៉ែត្រ តែ​ផ្លូវទឹក​ដែល​អាច បើកបរ កប៉ាល់​បាន​មាន​ត្រឹមតែ​៧៨០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​ផ្លូវទឹក​ដឹក​ជញ្ជូន​បាន ទាំងនេះ​មាន​ទន្លេមេគង្គ​៣០​ភាគរយ ហើយ​វា​បាន​ក្លាយជា​ទន្លេ​សំខាន់​ជាងគេ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ។ ទន្លេសាប​១៥​ភាគរយ ទន្លេបាសាក់​៥​ភាគរយ តែ​វា​មិន​ដូច​ជា ទន្លេមេគង្គ​នោះ​ទេ ក្នុង​នោះ​មានការ​ហូរ​ភ្ជាប់​តិចតួច និង​ទិស​ដៅ​លំហូរ​ទឹក​ផ្សេង​គ្នា​ដូច្នេះ​ទន្លេមេគង្គ​ជា​សរសៃឈាម​សេដ្ឋកិច្ច​សំខាន់​បំផុត​សម្រាប់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ