(ឥណ្ឌា)៖ ប្រជាជនឥណ្ឌាជាច្រើនបានខឹងសម្បារយ៉ាងខ្លាំងដែលយុវជនម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ប៉ុន្តែក្រោយមកទទួលពិន័យត្រឹមឱ្យសរសេរអត្ថបទអំពីច្បាប់ចរាចរណ៍ ហើយក្រោយពីរឿងរ៉ាវនេះបានលេចឮចេញមក មនុស្សជាច្រើនទាមទារឱ្យមានការពិន័យធ្ងន់ធ្ងរ និងចោទប្រកាន់តុលាការថាមានភាពធូររលុង។ នេះបើយោងតាមសារព័ត៌មាន CNN ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថានៅថ្ងៃទី១៩ ខែឧសភាកន្លងទៅ យុវជនខាងលើមានអាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានបើកបរក្នុងល្បឿនលឿនទាំងមានជាតិស្រវឹងក្នុងរថយន្ត Porsche ហើយបុកម៉ូតូ ក្នុងទីក្រុង Pune ប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។
យុវជននេះត្រូវបានចាប់ខ្លួនទៅឃុំឃាំង ហើយក្រោយមកត្រូវបានបង្ហាញខ្លួនទៅក្រុមប្រឹក្សាយុត្តិធម៌អនីតិជន ជាកន្លែងដែលគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ទទួលពិន័យត្រឹមតែបម្រើសហគមន៍រយៈពេល ១៥ថ្ងៃ និងសរសេរអត្ថបទអំពីសុវត្ថិភាពចរាចរណ៍តែប៉ុណ្ណោះ។
ការពិន័យដ៏ធូររលុងនេះ មតិសាធារណៈទាមទារឱ្យមានការពិន័យកាន់តែធ្ងន់ធ្ងរ ដោយមានការលើកឡើងនូវការផ្លាស់ប្តូរឆ្នាំ២០១៥ចំពោះច្បាប់អនីតិជនរបស់ប្រទេសឥណ្ឌា ដែលកុមារអាយុលើសពី១៦ឆ្នាំ ទទួលបានកាត់ទោសដូចមនុស្សពេញវ័យ ប្រសិនបើប្រព្រឹត្តបទឧក្រិដ្ឋសាហាវ។ ក្នុងនោះអាជ្ញាធរក៏បានបន្តស៊ើបអង្កេតនិងស្នើឱ្យតុលាការអនីតិជនពិចារណាឡើងវិញនូវដីកានៅក្រៅឃុំ។
យោងតាមលោក Amitesh Kumar ដែលជាស្នងការប៉ូលីសក្រុង Pune ឪពុករបស់ក្មេងប្រុសនេះត្រូវបានចាប់ខ្លួនពីបទអនុញ្ញាតឱ្យកូនប្រុសរបស់គាត់បើកបរក្នុងនាមជាអនីតិជន។ អាយុបើកបរស្របច្បាប់នៅក្នុងប្រទេសឥណ្ឌាគឺ ១៨ឆ្នាំ។
លោកស្នងការបាននិយាយថា «យើងបានអនុវត្តវិធីសាស្រ្តដ៏តឹងរ៉ឹងបំផុតដែលអាចធ្វើទៅបាន ហើយនឹងធ្វើអ្វីៗតាមបញ្ជា ដើម្បីធានាឱ្យជនរងគ្រោះពីរនាក់ដែលបានបាត់បង់ជីវិតរបស់ពួកគេទទួលបានយុត្តិធម៌ ហើយជនជាប់ចោទត្រូវបានផ្តន្ទាទោសតាមនោះ»៕
ចែករំលែកព័តមាននេះ