ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមីក្រូហិរញ្ញវត្ថុអាចនឹងបាត់ទេ ខណៈមានចរន្តទិញយកពីធនាគារធំៗ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា ការ​ទិញ​លក់​ភាគហ៊ុន​របស់​ស្ថាប័ន ហិរញ្ញវត្ថុ​នានា កន្លង​មក​វា​មិនមែន​ជា​រឿង​ថ្មី ហើយ​នៅ​ក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​កំពុង​ងើបឡើង និង​មានការ​ប្រកួតប្រជែង​ខ្លាំង​រវាង​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ និង​ធនាគារ​នៅ​ក្នុងស្រុក នោះ​…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា ការ​ទិញ​លក់​ភាគហ៊ុន​របស់​ស្ថាប័ន ហិរញ្ញវត្ថុ​នានា កន្លង​មក​វា​មិនមែន​ជា​រឿង​ថ្មី ហើយ​នៅ​ក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​កំពុង​ងើបឡើង និង​មានការ​ប្រកួតប្រជែង​ខ្លាំង​រវាង​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ និង​ធនាគារ​នៅ​ក្នុងស្រុក នោះ​ គឺជា​ចរន្ត​ដែល​នាំ​ឱ្យ​មានការ​ផ្ទេ​ភាគហ៊ុន និង​ការ​គ្រប់គ្រង​បែប​នេះ ។

តើ​ចរន្ត​នៃ​ការ​ទិញ​នេះ​នឹង​ឈាន​ដល់​ការ​បាត់​មីក្រូហិរញ្ញវត្ថុ​ពី​កម្ពុជាឬទេ ? ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បានឱ្យ​កម្មវិធី​លុយនៃ​សារព័ត៌មានកោះសន្តិភាពដឹង​ថា វិស័យ​មីក្រូ​ហិ​រញ្ញា​វត្ថុ មាន​ប្រវត្តិ​ជាប់​ទាក់ទង​និង​បរទេស​តាំងពី​ដើម​មក​ហើយ ពោល​គឺ តាំងពី​ការ​ចាប់ផ្តើម​ក្នុង​ទស្សវត្សរ៍​ឆ្នាំ១៩៩០មក​ម្ល៉េះ ដែល​វា​ជា​ទម្រង់​អភិវឌ្ឍ​របស់​ម្ចាស់​ជំនួយ​របស់​អង្គការ​ធំ​ៗ​ដែល​បាន​ចូលរួម​ជួយ​កម្ពុជា ។

លោក​បាន​សង្កត់ធ្ងន់​ថា «​ក្រោយ​ពេល​ដែល​កម្មវិធី​អភិវឌ្ឍ​ទាំងអស់​ដក​ចេញពី​កម្ពុជា​យើង​ទៅ ក្រុមការងារ​ដែល​មាន​ក៏​បាន​វិវត្តន៍​គម្រោង​នានា ទៅ​ជា​ក្រុមហ៊ុន​ឯកជន ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​បន្ត​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​» ។ លោក កាំ​ង តុង​ងី បន្ត​ថា ចាប់តាំងពី​ឆ្នាំ ២០០០ មក គម្រោង​ទាំងអស់​បាន​វិវត្តន៍​មក​ជា​ក្រុមហ៊ុន​ឯកជន ហើយ​មួយ​ចំនួន​មាន​ភាគហ៊ុន​បរទេស​តាំង​តែ​ពី​ដើម ដែល​មួយ​ចំនួន​ទៀត​ជា​ភាគហ៊ុន​របស់​ខ្មែរ ដូច​ជា​ធនាគារ​មួយ​ចំនួន ។ នៅ​ពេល​ដែល​វិស័យ​មីក្រូ​ហិ​រញ្ញា​វត្ថុ​កើនឡើង​ខ្ពស់​ផ្សំ​ជាមួយ​សេ្ថ​រ​ភាព​នយោបាយ ហើយ​ចាប់ពី​ឆ្នាំ ២០១០ មក យើង​ឃើញ​មាន​ធនាគារឯកជន​លើ​ពិភពលោក​ចាប់ផ្តើម​ចូល​មក​ទិញ​ភាគហ៊ុន ទិញ​ទាំងស្រុង ឬ​ចូលរួមវិនិយោគ​បន្ថែម​លើ​វិស័យ​មួយ​នេះ ។

លោក កាំ​ង តុង​ងី បន្ថែម​ថា «​យើង​ឃើញ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ស្ថាបនា ក្រោយមក​ត្រូវ​បាន​ធនាគារ​ទិញ គ្រឹះស្ថាន​ក្រេ​ឌី​ត ត្រូវ​បាន​ធនាគារ​ហ្វី​លី​ព​ទិញ ក៏​ដូច​ជា​គ្រឹះស្ថាន​មីក្រូ ហិ​រញ្ញា​វត្ថុ​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​ទិញ ដូច​ជា​ក្រុមហ៊ុន​មក​ពី​ចិន កូរ៉េ សឹ​ង្ហ​បុរី ជប៉ុន អី​ជាដើម​ទិញ​ដោយសារ​តែ​គាត់​មើលឃើញ​ពី​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​» ។

លោក កាំ​ង តុង​ងី បន្ត​ថា នេះ​ជា​និ​នា្ន​ការ​ធម្មតា​ដូច​តែ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ ដែល​នៅ ពេល​ប្រទេស​កំពុង​អភិវឌ្ឍ​តួរ​អង្គ​ក្នុងស្រុក​ខិតខំ​កសាង​ទីផ្សារ ហើយ​នៅ​ពេល​ដែល​ទីផ្សារ​រឹង​មាំ​ហើយ នឹង​ចាប់ផ្តើម​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ កម្ពុជា​ក៏​ងាក​ទៅ​រក​និន្នាការ​នេះ​ដូច​គ្នា​ដែរ ។ បន្ថែម​ថា «​ខ្ញុំ​មើលឃើញ​ថា នេះ​ជា​ការ​វិវត្តន៍​ល្អ​ទេ​សម្រាប់​ទីផ្សារ នៅ​ពេល​ដែល​អ្នក​ផ្តល់​សេវា​ច្រើន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង អ្នក​ដែល​ចំណេញ​គឺ​អតិថិជន​ទេ ហើយ​អ្នក​ដែល​ប្រកួតប្រជែង​លើ​ទីផ្សារ​គាត់​ត្រូវ​ផ្តល់​ទៅ​លើ​គុណភាព​នៃ​សេវា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​របស់​គាត់​» ។

លោក​បន្ថែម​ថា គ្រឹះស្ថាន​ក្នុងស្រុក​គាត់​ចាប់ដៃ​គូរ​ជាមួយ​និង​គ្រឹះស្ថាន​អន្តរជាតិទី១ គាត់​មាន​លទ្ធភាព​ទទួល​បាន​ទុន​វិនិយោគ​ពី​ប្រទេស​អភិវឌ្ឍ​ដែល​ជា​ទូទៅ​មាន​អត្រា​ការ​ប្រាក់​ថោក​ជាង​ទុន ដែល​ប្រមូល​ពី​ទីផ្សារ​អន្តរជាតិ ឬ​ទុន​ដែល​ប្រមូល​ពី​ទីផ្សារ​ក្នុងស្រុក ។ ទី ២​គ្រឹះស្ថាន​អន្តរជាតិ​ទាំងនោះ គេ​មាន​បច្ចេកវិទ្យា​ខ្ពស់​ដែល​អាចយ​កមក​ចែករំលែក​ជាមួយ​គ្រឹះស្ថាន​នៅ​ក្នុងស្រុក​ពេល​ដែល​គេ​ទិញ​យក ។ ទី ៣ គេ​មាន​បច្ចេកទេស​ល្អ​ៗ​ជា​ច្រើន​ដែល​គេ​យក​មក​ជួយ​ពង្រឹង​នូវ​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​របស់​គ្រឹះស្ថាន​នៅ​ក្នុងស្រុក​ដែល​គេ​ទិញ​យក ។ ការ​ចូល​ប្រឡូក​របស់​គ្រឹះស្ថាន​អន្តរជាតិ​ទាំង​អស់នេះ វា​នឹង​រឹតតែ​ធ្វើ​ឱ្យ​ទីផ្សារ​របស់​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ ការ​ប្រកួតប្រជែង​កាន់តែ​ល្អនាំ​ឱ្យ​មាន​ប្រសិទ្ធភាព​ប្រតិបត្តិការកាន់តែ​ខ្ពស់​តម្លៃ​សេវា​កាន់តែ​មាន​ភាព​ថយ​ចុះ ។

ជាមួយនឹង​ស្ថានភាព​បែប​នេះ វា​ទំនងជា​នឹង​អាច​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្សេង​ទៀត នឹង​ត្រូវ​ទិញ​ដោយ​ធនាគារ​ធំ​ៗ​មក​ពី​ក្រៅប្រទេស ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ វា​នឹង​មិន​អាច​បំបាត់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​បាន​ឡើយ ។ មីក្រូហិរញ្ញវត្ថុ​នៅ​តែ​មាន​ទីផ្សារ​ដោយឡែក​ពី​ធនាគារ ហើយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​មានការ​គ្រប់គ្រង​បាន​ល្អ​នឹង​អាច​នៅ​តែ​បម្រើ​ទីផ្សារ​ដែល​តូច​ជាង​ពី​ទីផ្សារ​ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ