ខេត្តបន្ទាយមានជ័យ ៖ អំពើហិង្សាមួយបានកើតឡើង រហូតដល់ស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថឱ្យចាប់ឃាត់ខ្លួនបុរសជាប្តីបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
លោកស្រូយ ប៉ែន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា បុរសជាប្តីឈ្មោះស៊ឹម បូរ អាយុ៤២ឆ្នាំ បានវាយប្រពន្ធឈ្មោះជា ណារី អាយុ៤១ឆ្នាំ បណ្តាលឱ្យរងរបួសតាំងពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០១១ មកម្ល៉េះ នៅទីកន្លែងពួកគេរស់នៅស្ថិតក្នុងភូមិដីថ្មី ឃុំគោករមៀត ស្រុកថ្មពួក ។ មុនពេលកើតហេតុគឺកាលពីថ្ងៃទី៣ មិថុនា ២០១១ ប្តីប្រពន្ធគេទាំង២នាក់ បានរៀបចំពិធីឡើងផ្ទះ ប៉ុន្តែមិនបានធ្វើអ្វីធំដុំទេ គ្រាន់តែអញ្ជើញចាស់ទុំក្នុងភូមិ៤ ទៅ៥នាក់ ហើយបុរសជាប្តីបានផឹកស្រាជាមួយចាស់ៗរហូតដល់ម៉ោង១រសៀល ទើបបែកគ្នា ។ បន្ទាប់មកបុរសឈ្មោះស៊ឹម បូរ ជាប្តីបានចូលដេករហូតដល់ម៉ោង៧យប់ លុះភ្ញាក់ឡើងយកប្រាក់ពីកន្លែងប្រពន្ធលក់ចំនួន១៥.០០០រៀល ទៅចាក់ខ្លាឃ្លោក នៅផ្ទះរបស់គេក្បែរនោះ។
លោកស្រូយ ប៉ែន បានបន្តទៀតថា មួយសន្ទុះក្រោយមកប្រពន្ធក៏ទៅតាម និងចាក់ខ្លាឃ្លោកទាំង២នាក់រហូតចាញ់អស់ ប្តីទៅយកប្រាក់២០.០០០រៀល មកថែមទៀត ក៏ចាញ់អស់ដែរ រួចហើយពួកគេក៏នាំគ្នាឡើងទៅដេក ។ លុះព្រឹកឡើងប្រពន្ធនិយាយរំលឹកប្តីកុំឱ្យផឹកស្រាច្រើនពេក ឯប្តីក៏តបវិញថា ផឹកតែមួយកែវ ពីរកែវ ប៉ុណ្ណោះ ។ ពេលនោះប្រពន្ធបានរំលឹកដល់រឿងចាញ់ល្បែងខ្លាឃ្លោក។
បុរសជាប្តីនិយាយថា ឯងក៏លេងដែរ បន្ទាប់មកប្រពន្ធបានប្រើពាក្យសំដីគំរោះគំរើយដាក់ប្តីយកតែពីឈ្នះ ហើយដោយទ្រាំអត់ធ្មត់មិនបានបុរសជាប្តី ក៏បានវាយប្រពន្ធត្រូវក និងមុខបណ្តាលឱ្យដួល ហើយក្បាលជង្គង់បុកនឹងដុំថ្មរបួសស្រាល ។ ផ្អែកតាមបណ្តឹងរបស់ប្រពន្ធបុរសជាប្តីត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ