នៅប្រទេសកម្ពុជាយើង មានបងប្អូនមួយចំនួនមានទស្សនៈយល់ឃើញថា ការរួមរស់ជាមួយគ្នាដែលមានលក្ខណៈជាប្ដី-ប្រពន្ធរយៈពេលយូរ ឬប្រារព្ធនូវពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីទំនៀមទម្លាប់នោះ គឺជាប្ដី-ប្រពន្ធដែលស្របតាមច្បាប់ហើយ ។

នេះជាការយល់ខុស ហើយខុសធ្ងន់ថែមទៀតផង ព្រោះវាមិនត្រឹមត្រូវតាមច្បាប់នោះទេ។ ច្បាប់ខ្មែរយើងបានកំណត់ថា ប្តី-ប្រពន្ធដែលស្របច្បាប់ គឺបុរស និងនារី ដែលបានគោរព និងអនុវត្តនូវលក្ខខណ្ឌតាមច្បាប់ ជាពិសេស ការចុះបញ្ជីអាពាហ៍ពិពាហ៍ ឬបងប្អូនខ្មែរយើងមួយចំនួនហៅថា (អេតាស៊ីវិល) នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ។
ផ្ទុយទៅវិញ ប្រសិនបើបុរស និងនារី គ្រាន់តែបានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ ក្រាបក្បាលដល់កន្ទេល តាមបែបប្រពៃណីទំនៀមទម្លាប់ ឬរួមរស់ជាមួយគ្នាដែលមានលក្ខណៈជាប្ដី-ប្រពន្ធ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ច្បាប់គេហៅថា «អនីតិសង្វាស»។
តើអនីតិសង្វាស និងអាពាហ៍ពិពាហ៍ស្របច្បាប់ មានភាពខុសគ្នាដូចម្ដេច? តើការរួមរស់ជាមួយគ្នាដែលជាអនីតិសង្វាសបែបនេះអាចធ្វើឱ្យមានផលប៉ះពាល់ដែរ ឬទេ? ប្រាកដជាមែន។ តែមុនលម្អិតលើចំណុចនេះ យើងសូមធ្វើការចែករំលែកនូវចំណេះដឹងផ្លូវច្បាប់ដល់បងប្អូនយើងថា ៖ សូមបញ្ឈប់នូវការយល់ច្រលំទៅថា ការចុះសំបុត្រអាពាហ៍ពិពាហ៍ពុំមានតម្លៃ ឬគិតថា ចុះសំបុត្រអាពាហ៍ពិពាហ៍ធ្វើអី នាំពិបាកលែងលៈគ្នា ត្រូវឡើងដល់តុលាការ ឬក៏គិតថា ចុះសំបុត្រអាពាហ៍ពិពាហ៍ធ្វើអី នាំពិបាកចែកទ្រព្យគ្នា ។
សូមចាំថា ការរៀបអាពាហ៍ពិពាហ៍រួច ឬមិនបានរៀបការ តែអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នេះ អ្នកនឹងក្លាយជាប្តីប្រពន្ធពេញច្បាប់ ឬហៅថាស្របច្បាប់ ឬហៅថា «ចំណងនីតិសង្វាស»។
សំបុត្រពាហ៍ពិពាហ៍មួយសន្លឹក គឺមានតម្លៃមហិមាណាស់ ព្រោះវាការពារអ្នកអោយមានសិទ្ធិតតាំងផ្លូវច្បាប់ជាមួយដៃគូរបស់អ្នក ជាមួយតតិយជន និងជួយធ្វើឱ្យកូនៗមានតម្លៃ ដែលខ្មែរយើងកន្លងមកច្រើនហៅថា «កូនមានខាន់ស្លា» ។
ត្រូវដឹងថា ភាគីបុរស និងនារី ត្រូវគោរពតាមលក្ខខណ្ឌគ្រឹះតាមមាត្រា៩៤៨ រហូតដល់មាត្រា៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ សម្រាប់ការរៀបអាពាហ៍ពិពាហ៍ ។ ប្រជាពលរដ្ឋទាំងអស់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីឲ្យចំណង អាពាហ៍ពិពាហ៍មានសុពលភាពត្រឹមត្រូវទៅតាមផ្លូវច្បាប់។
ការរៀបអាពាហ៍ពិពាហ៍ភាគច្រើននៅកម្ពុជា ជាពិសេស នៅតាមជនបទបានធ្វើទៅដោយគ្រាន់តែមានរៀបចំពិធីតាមទំនៀមទម្លាប់ ប្រពៃណីតែប៉ុណ្ណោះ ប៉ុន្តែមិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ។ ចំណងអាពាហ៍ពិពាហ៍ ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណី ដោយគ្មានការចុះសំបុត្រអាពាហ៍ពិពាហ៍បែបនេះ មិនមានសុពលភាព តាមផ្លូវច្បាប់នោះទេ មានន័យថា បើទោះជាគូស្វាមីភរិយានេះ រស់នៅជាមួយគ្នា ដោយមានការទទួលស្គាល់ពីសង្គមថា ជាប្តី-ប្រពន្ធរៀបការ ពេញមុខពេញមាត់ហើយក៏ដោយ ក៏ប៉ុន្តែតាមផ្លូវច្បាប់ អ្នកទាំងពីររស់ នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេ។
ប្រាកដណាស់ ចំណងអាពាហ៍ពិពាហ៍បែបនេះ អាចនឹងបង្កជាបញ្ហាស្មុគស្មាញ ជាពិសេស នៅពេលមានការលែងលះ ឬនៅពេលដែលភាគីណាមួយ ទៅលបលួចមានប្តី ឬប្រពន្ធផ្សេង។ ហេតុដូច្នេះ បានអំពាវនាវឲ្យគូស្វាមី ភរិយា ត្រូវនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានត្រឹមត្រូវតាម ផ្លូវច្បាប់ ដើម្បីទុកការពារខ្លួន ឬប្រយោជន៍របស់កូនៗ។ ការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវធ្វើឡើង ដោយគោរពទៅតាមនីតិវិធីនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺមានជាលំដាប់លំដោយ ដូចតទៅ៖
1- អនាគត កូនកម្លោះ ត្រូវដាក់ពាក្យសុំទៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ចេញសេចក្តីបញ្ជាក់ថា ខ្លួនពិតជាមិនមានជាប់ ចំណងអាពាហ៍ពិពាហ៍ចាស់ណាមួយមែន (នៅលីវ ឬពោះម៉ាយ)។ ប្រសិនបើជាពោះម៉ាយដោយការលែងលះ ត្រូវមានដីកាតុលាការ អំពីការលែងលះ។ ប្រសិនបើជាពោះម៉ាយ ដោយប្រពន្ធស្លាប់ ត្រូវមាន លិខិតមរណភាពរបស់សពប្រពន្ធ។
2- ក្រោយពីបានលិខិតបញ្ជាក់ ពីមេឃុំ-ចៅសង្កាត់រួចហើយ ភាគីខាងប្រុស ត្រូវយកលិខិតនេះ ព្រមទាំងសំណុំបែបបទមួយទៀត បំពេញដោយភាគី ខាងស្រី ដាក់ជូនទៅសាលាឃុំ-សង្កាត់ខាងស្រី។ មន្ត្រីអត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់ខាងស្រី ជាអ្នកចេញសេចក្តីប្រកាសជូនដំណឹងអាពាហ៍ ពិពាហ៍ ដើម្បីយកទៅបិទ នៅផ្ទះខាងស្រី ហើយសេចក្តីចម្លងមួយទៀត យកទៅបិទនៅផ្ទះខាងប្រុស។
3- ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើមិនមានការតវ៉ាជំទាស់ណាមួយទេ ការ ធ្វើពិធីអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណីអាចរៀបចំធ្វើទៅបាន។
4- ក្រោយ ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោង នេះ ត្រូវត្រឡប់ទៅសាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បីផ្តិតមេដៃក្នុង សៀវភៅអត្រានុកូលដ្ឋាន ហើយមេឃុំ-ចៅសង្កាត់ ចេញសំបុត្រអាពាហ៍ ពិពាហ៍ជាផ្លូវការជូន។
គួរបញ្ជាក់ថា នៅក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ភាគីទាំងពីរត្រូវ មានសាក្សី យ៉ាងតិច ២រូប (ម្នាក់សម្រាប់ខាងស្រី និងម្នាក់សម្រាប់ខាង ប្រុស)។ សាក្សីនេះ អាចជាឱពុកម្តាយក៏បាន ជាសាច់ញាតិ ឬមិត្តភក្តិណា មួយក៏បាន (មានវ័យគ្រប់ការ)។
សម្រាប់អត្ថប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលមានដូចជា៖
១- ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ ពោលគឺមានតែអំណាចតុលាការទើបអាចកាត់សេចក្តីលែងលះបាន។
២- ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ត្រូវចែកគ្នាស្មើនៅពេលលែងលះ។
៣- កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នាពេលមានសំបុត្រអាពាហ៍ពិពាហ៍។
៤- ទទួលមរតកស្របច្បាប់
៥- ចុះសំបុត្រកំណើតឬ បញ្ជាក់សំបុត្រកំណើតកូន
៦- ធ្វើប្លង់ ដី /ផ្ទះ
៧- ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៨- ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )
៩- ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី /ប្រពន្ធ
១០- ទទួលអាហារកិច្ចពេលឪពុកម្ដាយលែងលះគ្នា
១១- គ្មានអំពើហិង្សាចំពោះកូន
១២- ការគាំទ្រដល់កូន។
ផ្ទុយទៅវិញ ចំពោះភាគីខាងប្រុស ឬស្រីរួមរស់ជាប្តីប្រពន្ធ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ ហើយពេលដែលភាគីណាមួយលួចទៅមានស្រី ឬប្រុសថ្មី តើភាគីមួយៗ អាចមានសិទ្ធិប្តឹងបានទេ?ចម្លើយនោះគឺ ទាក់ទងភាគីខាង ប្រុសឬ ស្រី រួមរស់ជាប្តីប្រពន្ធ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ ហើយពេលដែលភាគីណាមួយលួចទៅមានស្រី ឬប្រុសថ្មី គឺភាគីមួយៗ មិនអាចប្តឹងគ្នាបានទេ ព្រោះភាគីនីមួយៗមិនបានបំពេញលក្ខខណ្ឌច្បាប់បានតម្រូវឱ្យភាគីនីមួយៗត្រូវទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅមុខមន្ត្រីអត្រានុកូលដ្ឋានរួមនឹងសាក្សីចំនួន ២ នាក់ដែលជានីតិជននោះ។
ចុះប្រិយមិត្តអ្នកស្តាប់តើបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ហើយ ឬនៅ? ដោយ៖ ខឿន មរកត
ចែករំលែកព័តមាននេះ