រាជធានីភ្នំពេញ ៖ សមាគមសិល្បករខ្មែរនឹងបង្កើតគណៈកម្មការមួយសម្រាប់ការដោះស្រាយវិវាទដែលបានកើតឡើងតាមបណ្តាញសង្គមរបស់អ្នកសិល្បៈ តាមការស្នើសុំ និងចង់បានពីបណ្ដាអ្នកសិល្បៈជើងចាស់ ខណៈពេលបញ្ហាមួយនេះកំពុងក្លាយជាក្ដីបារម្ភមួយ ហើយវាបាននឹងកំពុងកើតមានឡើងក្នុងសង្គមសិល្បៈ ។

សមាគមសិល្បករខ្មែរបានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងក្រោយវត្តមានប្រធានថ្មីគឺលោកជំទាវអ្នក ឧកញ៉ា ស្រីតូច ចំណាន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដោយនៅក្នុងនោះក៏មានការចូលរួមពីសំណាក់អ្នកសិល្បៈទាំងចាស់ និងថ្មីមួយចំនួនផងដែរ ។

នៅក្នុងកិច្ចប្រជុំជាលើកដំបូង សមាគមសិល្បករខ្មែរបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពសិល្បកររៀមច្បងគ្រប់ទម្រង់ ដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិរបស់សិល្បករ ដែលមកចុះឈ្មោះជាសមាជិករបស់សមាគម ។

ជាមួយនឹងការជជែកលើបញ្ហាជាច្រើន សមាជិកនៃអង្គប្រជុំ ដែលជាសិល្បករជើងចាស់ភាគច្រើន ក៏បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនលើបញ្ហាដែលកំពុងកើតមានឡើងក្នុងសង្គមសិល្បៈផងដែរ នោះគឺវិវាទលើបណ្ដាញសង្គមរបស់បងប្អូនសិល្បករខ្មែរ ដែលបាននាំឱ្យមានទស្សនៈអវិជ្ជមានពីសំណាក់មហាជនទូទៅ ។

ចាស់ទុំសិល្បករដែលបានចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នោះ បានស្នើឱ្យសមាគមបង្កើតគណៈកម្មការមួយទៀត ដើម្បីវាយតម្លៃពីបញ្ហាសីលធម៌សង្គមរបស់សិល្បករ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាដ៏រសើបមួយនេះ ខណៈកង្វល់របស់សិល្បករ ដូចគ្នាទៅនឹងកង្វល់របស់សមាគម ហើយជាការងារអាទិភាពរបស់សមាគមផងដែរ។ ដូច្នេះ សមាគមបានសន្យាថា នឹងរៀបចំបង្កើតគណៈកម្មការនេះឡើង ព្រមទាំងលើកយកបញ្ហាខាងលើមកជជែកវែកញែករកដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ។

គួររំលឹកថា ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធ្លាប់បានលើកឡើងតាំងពីមុនពេលបោះឆ្នោតថា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនសិល្បករ ជាពិសេសខិតខំលុបបំបាត់ឱ្យបានជាអតិបរមានូវវិវាទរបស់បងប្អូនសិល្បករនៅលើបណ្ដាញសង្គម តាមរយៈយន្តការនានាដែលនឹងត្រូវដាក់ចេញជាបន្តបន្ទាប់ក្នុងពេលខាងមុខ។

លោកជំទាវអ្នកឧកញ៉ា ស្រីតូច ណាន ក៏ធ្លាប់បានគូសបញ្ជាក់ថា ប្រសិនបើលោកជំទាវ អាចជាប់ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនេះ លោកជំទាវសូមស្នើសុំដល់អ្នកសិល្បៈទាំងអស់មេត្តាបន្តគាំទ្រដល់សមាគមមួយនេះ ដើម្បីឱ្យសមាគមមានការររីកចម្រើនបន្តទៅមុខទៀត ជៀសវាងការវាយប្រហារគ្នាតាមរយៈបណ្ដាញសង្គមនានា ដោយគ្មានក្រមសីលធម៌ ៕

ចែករំលែកព័តមាននេះ