ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចូល​បុណ្យស.ព​អ្នកជំងឺ​ដែល​ស្លា.ប់​ដោយសារ​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង (​ពេទ្យ​ធំ​) លោក កាក់ សិលា បាន​នាំ​ថវិកាចំនួន​០៤​លាន​រៀល និង១០០​ដុល្លា​អា​មេ​រិ​ក ទៅ​ចូលរួម​បុណ្យសព​អ្នកជំងឺ​ម្នាក់…

ខេត្តបាត់ដំបង ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង (​ពេទ្យ​ធំ​) លោក កាក់ សិលា បាន​នាំ​ថវិកាចំនួន​០៤​លាន​រៀល និង១០០​ដុល្លា​អា​មេ​រិ​ក ទៅ​ចូលរួម​បុណ្យសព​អ្នកជំងឺ​ម្នាក់ ដែល​ស្លាប់​យ៉ាង​អាណោច​អ​ធ័មនៅ​ក្នុង​មន្ទីរពេទ្យ ដែល​គ្រួសារ​ជន​រង​គ្រោះ​ចោទ​ថា បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​គ្រួ​ពេទ្យ​មិន​យកចិត្តទុកដាក់​។

នេះ​បើ​តាម​កូនស្រី​របស់​ជន​រង​គ្រោះ​និយាយ​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី១០ ឧសភា ដែល​ទឹកប្រាក់​នេះ គឺជា​ការ​រំងាប់​ចិត្ត ឬ លួង​ចិត្ត​ក្រុម​គ្រួសារ​នាងជា​ថ្នូរ​នឹង​ការ​បញ្ចប់​រាល់​បញ្ហា​ទាំងអស់​រវាង​គ្រួសារ​នាង និងមន្ទីរពេទ្យ​។

កូនស្រី​ជន​រង​គ្រោះ គឺ​នាង ថុ​ង គី​ម​ហេង អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់​ដំបងបាន​ប្រាប់​កោះសន្តិភាព​ថា ម្ដាយ​របស់​នាង​ឈ្មោះ ចាន់ ស្រី​នុ​ច អាយុ​៤៣​ឆ្នាំ បាន​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី៣០ មេ​សា ក្រោយ​សម្រាលកូន​រួច​បាន​០៣​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​ការ​ធ្វេសប្រហែស និងការ​មិន​យកចិត្តទុកដាក់​របស់​ក្រុម​គ្រួ​ពេទ្យ​។

នាង​បាន​ប្រាប់​ថា ក្រោយ​ធ្វើ​បុណ្យសព​ម្ដាយ​នាង​ចប់​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​នៅ​ថ្ងៃ​ទី ០៩ ឧសភា លោក កាក់ សិលា បាន​នាំ​យក​ថវិកា​ចំនួន​០៤​លាន និង១០០​ដុល្លា​អា​មេ​រិ​ក មក​ជូន​ក្រុម​គ្រួសារ​នាង​ផ្ទាល់ ដោយ​លោក​អះអាង​ថា ជា​ការ​ចូលរួម​បុណ្យសព​ម្ដាយ​នាង​។ នាង​បាន​បញ្ជាក់ ដោយ​ស្រង់​សម្ដី​លោក​ប្រធាន​មន្ទីរពេទ្យ​រូប​នេះ​ថា «​ថវិកាចំនួន​០៤​លាន​រៀល​នេះ គឺជា​ទឹកប្រាក់​របស់​មន្ទីរពេទ្យ និងថវិកាចំនួន​១០០​ដុល្លារទៀត​ ជា​ទឹក​ថវិការ​របស់ខ្ញុំ​ផ្ទាល់ ដើម្បី​ចួ​ល​រួម​បុណ្យសព​ម្ដាយ​ក្មួយ​ស្រី ហើយ​ក៏​មិនមែន​ថវិកាសូកប៉ាន់​អី​ដែរ​។

នេះ​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ក្មួយ​»​។ ជាមួយនឹង​កាយវិការ​ដ៏​ទន់ភ្លន់ របស់​លោក កាក់ សិលា ប្រធាន​មន្ទីរពេទ្យ​ខេត្ត ដែល​បាន​នាំ​យក​ថវិកាមក​ចូលរួម​មុ​ណ្យ​សព​ម្ដាយ​នាង​ខាងលើ​នេះ បើ​តាម​នាង ថុ​ង គី​ម​ហេង ដែល​ជា​អ្នក​ថែទាំ​ម្ដាយ​នាង​ផ្ទាល់​ដៃ​នៅ​ក្នុង​មន្ទីរពេទ្យ បាន​មើលឃើញ​យ៉ាង​ច្បាស់​ថា គឺ​សកម្មភាព​ដ៏​ទន់ភ្លន់​របស់​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​នេះ បាន​ធ្វើ​ឡើង​ក្រោយ ពី​ក្រុម​គ្រួសារ​នាង​ផ្ទុះ​ប្រតិកម្ម​ខ្លាំង ទៅ​នឹង​ក្រុម​គ្រួ​ពេទ្យ​មួយ​ចំនួន ដែល​ប្រចាំការ​ទ​ទូល​ព្យាបាល​ម្ដាយ​នាង «​មានការ​ធ្វេសប្រហែស មិន​យកចិត្ត​ដាក់​លើ​ជំងឺ​ម្ដាយ​នាង បណ្ដែតបណ្ដោយ​ទុក​ឲ្យ​ម្ដាយ​នាង​ដេក​ស្រែក​ឈឺ​ចុកចាប់​នៅ​លើ​គ្រែ​រយៈពេល​ច្រើន​ថ្ងៃ រហូត​ម្ដាយ​នាង​ធ្លាក់ខ្លួន​ឈឺ​កាន់តែ​ធ្ងន់ និងចុង​ក្រោយ ​ម្ដាយ​នាង​ត្រូវ​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់​»​។

បើ​តាម​ការ​លើក​ឡើង​របស់​កូនស្រី​ជន​រង​គ្រោះ​ដដែល​នេះ នាង​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ដូច្នេះ​ថា «​ក្រោយ​បញ្ចប់​ពិធីបុណ្យ​០៧​ថ្ងៃ​ជូន​ម្ដាយ​ខ្ញុំ ខ្ញុំ​បាន​សរសេរ​ប្រតិកម្ម​ទៅ​នឹង​ក្រុម​គ្រួ​ពេទ្យ​មួយ​ចំនួន ដែល​មាន​ភារកិច្ច​ព្យាបាល​ម្ដាយ​នាង ដែល​រៀបរាប់​ពី​គ្រូពេទ្យ គ្មាន​សិ​ល​ធម៌ គ្មាន​វិជ្ជាជីវៈ និងការ​ធ្វេសប្រហែស ​មិន​អើពើ​នឹង​ជំងឺ​ម្ដាយ​ខ្ញុំ រហូត​ចុង​ក្រោយ ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ស្លាប់​។

ខ្ញុំ​បាន​បង្ហោះ​សំ​ណេ​រ​ដ៏​វែង​នេះ តាម​បណ្ដាញ​សង្គម​ផ្ទាល់​របស់ខ្ញុំ ដើម្បី​ឲ្យ​សាធារណៈជន​បានដឹង​អំពី​ចរិត​ក្រអឺតក្រទម គ្មាន​វិជ្ជាជីវៈ និងគ្មាន​សិ​ល​ធ​ម៌​របស់​គ្រូពេទ្យ​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​»​។ នាង​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា «​តាម​ពិត ​ដោយសារ​សំ​ណេ​រ​របស់ខ្ញុំ សរសេរ​រិះគន់​ខ្លាំង​ៗ និងចង្អុល​ចំ​ៗ​ពី​ភាព​អសកម្ម​របស់​គ្រូពេទ្យ​ដូច្នេះ​ហើយ ទើប​លោក​ប្រធាន​មន្ទីរពេទ្យ​នេះ ព្យាយាម​ទូរស័ព្ទ​សុំ​សម្រប​ស​ម្រូ​ល​ជាមួយ​គ្រួសារ​ខ្ញុំ និងបាន​ស្នើ​សុំ​ឲ្យ​ខ្ញុំ លុប​ខ្លឹមសារ​ដែល​បង្ហោះ​នោះ​ចេញពី​បណ្ដាញ​សង្គម (​ហ្វែ​ស​ប៊ុ​ក​) ដោយ​សន្យា​ចេញ​មុខ​រក​ដោះស្រាយ និងសុំ​ទោស​ក្រុម​គ្រួសារ​ខ្ញុំជា​សាធារណៈ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក កាក់ សិលា ប្រធាន​មន្ទីរ​ខេត្ត​នេះសន្យា​ខ្យល់ នៅ​តែ​និយាយ​ភូត​កុហក​បោកប្រាស់ក្រុម​គ្រួសារ​ខ្ញុំ ដែល​កំពុង​រង​គ្រោះ​ស្រាប់​ដដែល ។ គាត់​មិន​បាន​សុំ​ទោស​គ្រួសារ​ខ្ញុំ​ដូច​ការ​សន្យា​ទេ​។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ​នេះ បែរ​ធ្វើ​ជា​ចេញ​លិខិត​ចូលរួម​មរណៈទុក្ខ​ជាមួយ​គ្រួសារ​ខ្ញុំ​។ ខ្លឹមសារ​ក្នុង​លិខិត​រំលែក​ទុក្ខ​បាន​បង្ហាញ​ភាព​សោកសៅ​ក្រៃ​លេង លាយឡំ​ជាមួយនឹង​ការ​ព្យាយាម​និយាយ​បំភ្លៃ​រោគ​សញ្ញា ដែល​ជា​ការ​ដាក់បន្ទុក​ទៅ​លើ​ជំងឺ​ម្ដាយ​ខ្ញុំ​យ៉ាង​អ​យុ​ត្ដិ​ធ​ម៌​បំផុត ដែល​រឹតតែ​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ មានការ​ឈឺចាប់​ទ្វេ​ដង​»​។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក កាក់ សិលា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​សៅ​រ៍នេះ ខណៈ​អ្នក​សារ​ព័​ត៏​មាន​មួយ​ចំនួន​បាន​ប្រាប់​ថា «​បើ​ទោះជា​ទូរស័ព្ទ​ចូល​រាប់​សិប​ដង ក៏​ប្រធាន​មន្ទីរ​រូប​នេះ​មិន​ខ្ចី​លើក​ទ​ទួល​ដែរ ព្រោះ​កំពុង​ស្ពឹក​មុខ​»​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី ០៩ ឧសភា មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង បាន​បង្ហោះ​ជា​សាធារណៈ​នូវ «​លិខិត​ចូលរួម​មរណៈទុក្ខ​» មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន (​របស់​មន្ទីរពេទ្យ​) ដែល​លិខិត​នេះ​ចុះ​ថ្ងៃ​ទី ០៩ ឧសភា មាន​តែ​ត្រា តែ​គ្មាន​ហត្ថលេខា​លោក​ប្រធាន​មន្ទីរពេទ្យ​ទេ បាន​ជូន​ចំពោះ​គ្រួសារ​សព លោកស្រី ចាន់​ស្រី​នុ​ច តែ​មិនមែន​ជា​លិខិត​សុំ​ទោស​ទេ​។

ខ្លឹមសារនៃ​លិខិត​ចូលរួម​មរណៈទុក្ខ​នេះ មន្ទីរពេទ្យ​បាន​បង្ហាញ​ពី​ភាពក្ដុក​ក្ដូ​ល រន្ធត់​ចិត្ត និងសោក​ស្ដាយ​ពន់ពេក ចំពោះ​មរណៈភាពលោកស្រី ចាន់ ស្រី​នុ​ច​។ ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​ក៏​បាន​ពណ៌នា​អំពី​រោគ​សញ្ញា​ជន​រង​គ្រោះ ដែល​បាន​ចូល​សម្រាក​ពេទ្យ​ចាប់តាំងពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​ស្លាប់ ក្រោយ​សម្រាល​បានកូន​ប្រុស ដែល​ជា​កូន​លើក​ទី​០៦​។

នៅ​ក្នុង​លិខិត​នេះ ភាគី​មន្ទីរពេទ្យ​ហាក់​បាន​អួត​អាង​សម្បើម​ណាស់ ពី​ការ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​អ្នកជំងឺ​របស់​ក្រុម​គ្រួ​ពេទ្យ​តាំងពី​ដំបូង រហូត​ដល់​អ្នកជំងឺ​ទ​ទូល​មរណភាព និង បាន​បញ្ជាក់​ចុង​ក្រោយ នៃ​រោគ​សញ្ញា​ជន​រង​គ្រោះ ដែល​ស្ថិត​ស្ថានភាព​ធ្ងន់ធ្ងរ « ខ្យោ​យ​ថ្លើម​ចុង​ក្រោយ ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ ខ្យោ​យ​តម្រងនោម​ចុង​ក្រោយ និងធ្លាប់​មាន​ផ្ទៃពោះ​ចំនួន​០៧​ដង (​កូន​មួយ​រលូត​)​។

បើ​តាម​ការ​រៀបរាប់​រោគ​សញ្ញា​របស់​មន្ទីរ​នេះ បាន​ន័យ​ថា មូលហេតុដែល​ធ្វើ​ឲ្យ​អ្នកស្រី ចាន់ ស្រី
​នុ​ច ទ​ទូល​មរណៈ​ក្រោយ​សម្រាលកូន​លើក​ទី​៦ គឺ​ដោយសារ​តែ​រោគ​សញ្ញា ដែល​គ្រូពេទ្យ​បាន​ធ្វើការ​វិនិច្ឆ័យ​ចុង​ក្រោយ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​បានដឹង ក្រោយ​អ្នកជំងឺ​បាន​មរណៈភាព​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​ការ​បង្ហោះ​បង្ហាញ​រោគ​សញ្ញា និងការ​អំណាស់អំណាង​ចុង​ក្រោយ​របស់​មន្ទីរពេទ្យ ក្រោយ​អ្នកជំងឺ​បាន​ស្លាប់​បែប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចាត់​ទុក​ថា «​ជា​ការ​អះអាង​មិន​សម​ហេតុផល​»​។

នៅ​ក្នុង​សំ​ណេ​រ​របស់​នាង ថុ​ង គី​ម​ហេង កូនស្រី​ជន​រង​គ្រោះ ដែល​បាន​សរសេរ​បង្ហោះ​ក្នុង​អាក់
ខោ​ន​ហ្វេស​ប៊ុ​ក​របស់​នាង​ឈ្មោះ « Zey Leak II » ឆ្លើយ​តប​ទៅ​នឹង​មន្ទីរពេទ្យ​ខេត្ត​។ សំ​ណេ​រ​របស់​នាង​ហាក់​ប្រើ​ពាក្យ​ធ្ងន់ធ្ងរ​បន្តិច សំដៅ​ទៅ​លើ​លោក​ប្រធាន​មន្ទីរពេទ្យ ដែល​មើលទៅ​ទំនង​នាង​ឈឺចាប់​ខ្លាំង​ពេក​ទៅ​នឹង​ខ្លឹម​សារភូត​កុហក និងការ​លើក​ឡើង​ពី​ការ​ខិតខំ​ជួយ​សង្គ្រោះ​ម្ដាយ​នាង ដែល​​សរសេរ​នៅ​ក្នុង​លិខិត ​«​ចូលរួម​មរណៈ​ទុ​ក្ឋ​» របស់​មន្ទីរពេទ្យ រហូត​នាង​ប្រើ​ពាក្យ​ប៉ុន្មាន​ឃ្លា​ថា « ខ្ញុំ​ខ្ពើម​ពាក្យ​ខិតខំ​ហ្នឹង​ណាស់​។ អេកូ​បើ​ខ្ញុំ​មិន​សុំ តើ​អស់លោក​មានគំនិត​នឹកឃើញ​អេកូ​ឲ្យ​ម្ដាយ​ខ្ញុំ​ទេ ? មិនតែប៉ុណ្ណោះ សូ​ម្បី​ខ្ញុំ​លើក​ម្ដាយ​ខ្ញុំ​ដាក់​លើ​គ្រែ រុញ​ទៅ​បន្ទប់​អេកូ ក៏​គ្មាន​គ្រូពេទ្យ​ជួយ ឬ អម​ជាមួយ​ដែរ​។ ខ្ញុំ​ធ្វើ​ម្នាក់ឯង​។ សូ​ម្បី​តែ​ប្អូន​ខ្ញុំ កើតមក​មាន​ទម្ងន់​ប៉ុន្មាន​ក៏​អស់លោក​កុហក​ដែរ​។

ប្អូន​ខ្ញុំ​កើ​ត​ភ្លាម​ មាន​ទម្ងន់​២,២​គីឡូ អស់លោក​ដាក់​២,៩​គីឡូ​»​។ ជា​ចុង​ក្រោយ​ នាង​ថុ​ង គី​ម​ហេង បាន​តប​ទៅ​លោក​ប្រធាន​មន្ទីរពេទ្យ​ថា «​លិខិត​ដែល​លោក​ប្រធាន​មន្ទីរពេទ្យ​ចេញ​មកនេះ ខ្ញុំ​មិន​
ទ​ទួល​ជា​ដាច់ខាត​។ ខ្ញុំ​មិន​ត្រូវការ ការ​បកស្រាយ​ពី​ជំងឺ​ម្ដាយ​ខ្ញុំ​ទេ​។ ហើយ​ខ្ញុំ​ក៏​មិន​ទ​ទូល​យក​ដំណោះស្រាយ​អី​ទៀត​ដែរ​។ មើលងាយ​ជីវិត​ម្ដាយ​ម្ល៉េះ មន្ទីរពេទ្យ​ខេត្តបាត់ដំបង ? នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មន្ទីរពេទ្យ​ខេត្តបាត់ដំបង រង​ការ​រិះគន់​ពី​មហាជន ពាក់ព័ន្ធ​នឹង​ភាព​អសកម្ម​របស់​គ្រួ​ពេទ្យ​មួយ​ចំនួន ដែល​គ្មាន​សិ​ល​ធ​ម៌ គ្មាន​វិជ្ជាជីវៈ ព្រ​ងើយ​កន្តើយ​ជាមួយ​អ្នកជំងឺ​។

ប៉ុន្តែ​គ្រួ​ពេទ្យ ឬប្រធាន​មន្ទីរពេទ្យ​រដ្ឋ​ប្រចាំ​ខេត្ត​មួយ​នេះ ហាក់​គ្មាន​ការ​កែទម្រង់ កែ​ចរិត​ក្រ​អើត​ក្រ​ទម ដើម្បី​ផ្ដល់​សេ​វា​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ពឹងពាក់​ឡើយ​។ ម្យ៉ាងវិញទៀត នេះ​ក៏​ជា​លើក​ទី​១ ដែរ​ ដែល​គេ​ឃើញ​ប្រធានមន្ទីរពេទ្យ​រដ្ឋ​មួយ​នេះ នាំ​ថវិការ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ (៤​លាន​រៀល និង ១០០​ដុល្លារ​) ទៅ​ចូល​បុណ្យ​អ្នកជំងឺ​ដែល​ស្លាប់​ក្នុង​មន្ទីរពេទ្យ ដែល​គេ​សង្ស័យ​ថា «​ចូល​មុ​ណ្យ​ដើម្បី​រំងាប់ ឬ លួង​ចិត្ត​គ្រួសារ​ជន​រង​គ្រោះ​»​។

ប៉ុន្តែ​យ៉ាងណា បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ជា​ចុង​ក្រោយ​ថា
«​ខ្ញុំ​មិន​ចង់បាន​ប្រាក់​សំណង ឬ ប្រាក់​ចូល​បុ​ណ្យ​ដើម្បី​លួងចិត្ត​អ្វី​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​លោក​ប្រធាន​មន្ទីរពេទ្យ​ចេញ​មុខ​សុំ​ទោស​វិញ្ញាណ​ខ័ន្ធ​​ម្ដាយ​ខ្ញុំ គ្រួសារ​ខ្ញុំ​ជា​សាធារណៈ គឺ​ចប់​បញ្ហា​ហើយ​។ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​បន្ត​តាម​នីតិ​វី​ធី តាម​អ្វី​ដែល​គ្រួសារ​ខ្ញុំ​អាច​ធ្វើ​បាន​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ