ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលទីផ្សារវៀតណាម! ក្រុមហ៊ុនចិន BYD បញ្ជាក់ជំហរខ្លួនទៅក្រុមហ៊ុនម្ចាស់ស្រុក VinFast

2 អាទិត្យ មុន

ប្រទេសវៀតណាម ៖ ក្រុមហ៊ុនចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់

ប្រទេសវៀតណាម ៖ ក្រុមហ៊ុនចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក បានអះអាងពីគោលជំហររបស់ខ្លួនថា ចង់ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសវៀតណាម VinFast ជាជាងក្លាយជាប្រកួតប្រជែងនឹងក្រុមហ៊ុនម្ចាស់ស្រុកមួយនេះ នៅពេលដែលរថយន្តរបស់ខ្លួនចេញលក់នៅក្នុងប្រទេសវៀតណាម នាខែមិថុនា ខាងមុខនេះ។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២៨ ខែមេសា បានឱ្យដឹងថា លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តនៅអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD បានលើកឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៦ ខែមេសា ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា ក្រុមហ៊ុនចិនគ្រោងនឹងបើកកន្លែងដាក់តាំងបង្ហាញនៅវៀតណាមលើកដំបូងរបស់ខ្លួន នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅខែមិថុនា ខាងមុខនេះ ក៏ដូចជានឹងពង្រីកទៅដល់ខេត្ត និងក្រុងចំនួន ២០ផ្សេងទៀតផងដែរ។ ការចែកចាយរថយន្តទៀតសោត នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ BYD Auto Vietnam។

ជាមួយគ្នានោះ ក្រុមហ៊ុន BYD កោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន VinFast សម្រាប់ការត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេសវៀតណាម។ ស្របពេលដែល BYD ចង់សហការជាមួយ VinFast ជាជាងធ្វើជាប្រកួតប្រជែង ដើម្បីអភិវឌ្ឍវិស័យរថយន្តអគ្គិសនីក្នុងប្រទេសវៀតណាម។

លោក Ouyang Xiaocheng នាយកប្រតិបត្តិក្រុមហ៊ុន BYD Auto Vietnam បានថ្លែងថា ការពិតដែលបង្ហាញថា ម៉ាកយីហោកាន់តែច្រើនបានចូលប្រទេសវៀតណាម គឺជាភស្តុតាងថា ទីផ្សារវៀតណាមមានភាពទាក់ទាញខ្លាំង។

ក្រុមហ៊ុន BYD នឹងបង្ហាញខ្លួនលើកដំបូងក្នុងប្រទេសវៀតណាម ជាមួយនឹងរថយន្ត៣ម៉ូដែលរួមមាន BYD Dolphin, BYD Atto 3 និង BYD Seal។ ប្រសិនបើទទួលបានជោគជ័យ ក្រុមហ៊ុននឹងបន្តចេញលក់ម៉ូដែល៣ផ្សេងទៀត នៅដំណាច់ឆ្នាំនេះ រួមមានគឺរថយន្ត BYD Han, BYD Song L និង BYD Tang ។ រថយន្តទាំងអស់នឹងត្រូវនាំចូលពីប្រទេសចិនផ្ទាល់ ប៉ុន្តែក្នុងរយៈពេលវែង ក្រុមហ៊ុនគ្រោងនឹងសាងសង់រោងចក្រនៅប្រទេសវៀតណាម សម្រាប់ពេលអនាគត។

ក្រុមហ៊ុន BYD បានបោះជំហានចូលក្នុងឧស្សាហកម្មរថយន្តនៅឆ្នាំ ២០០៣ ជាមួយនឹងរថយន្តប្រើសាំង ប៉ុន្តែបានប្តូរទៅជារថយន្តអគ្គិសនី និងរថយន្តកូនកាត់ទាំងស្រុងនៅឆ្នាំ ២០២២។ ក្រុមហ៊ុនបានក្លាយជាអ្នកលក់រថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក កាលពីឆ្នាំមុន ជាមួយនឹងការលក់ទូទាំងពិភពលោកជាង៣លានគ្រឿង ខណៈមានតែ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់នៅទីផ្សារបរទេស។ BYD បានបោះជំហានចូលទីផ្សារប្រទេសថៃនៅចុងឆ្នាំ ២០២២ ហើយបានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសថៃ ដែលមានចំណែកទីផ្សារ ៤០% នៅក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ