ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ ប្រទេសរុស្ស៊ីបានបញ្ចេញប្រតិកម្មតបយ៉ាងខ្លាំងក្លាចំពោះគម្រោងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីប៉ូឡូញនាពេលអនាគត។ ទាំងអ្នកនាំពាក្យក្រសួងការបរទេស, អនុរដ្ឋមន្ត្រីការបរទេស និងអ្នកនាំពាក្យវិមានក្រឹមឡាំងបានផ្ញើសារនយោបាយត្រឡប់ទៅវិញអំពីហានិភ័យដ៏ធ្ងន់ធ្ងរដែលមិនអាចទស្សន៍ទាយដឹងទុកជាមុន។
រុស្ស៊ីយល់ថាប្រទេសប៉ូឡូញកំពុងតែលេងល្បែងនយោបាយដ៏គ្រោះថ្នាក់ជាទីបំផុតនៅពេលថ្នាក់ដឹកនាំប្រទេសនេះត្រៀមបើកដៃឱ្យក្រុមបស្ចិមប្រទេស ឬអង្គការណាតូដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសអាមេរិក។ប្រធានាធិបតីប៉ូឡូញ លោកឌូដា (Duda) ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានប្រាប់នាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ថាស់ (Donald Tusk) ទៅជួបគ្នានៅថ្ងៃទី១ ខែឧសភាដើម្បីជួបជជែកគ្នាអំពីការអនុញ្ញាតឱ្យអង្គការណាតូដាក់ពង្រាយក្បាលនុយក្លេអ៊ែរ។
លោកឌូដាបញ្ជាក់ឡើងវិញអំពីគោលជំហររបស់លោកថាប៉ូឡូញត្រៀមខ្លួនទទួលយកសេណារីយោនេះ (ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរ)។ មានន័យថាមិនមែនអ្នកដទៃបង្ខំទេ។ បើទៅថ្ងៃមុខមានរឿងអ្វីកើតឡើងគឺគាត់ជាអ្នកស្ម័គ្រចិត្តធ្វើរឿងនេះដោយខ្លួនឯង។ ត្រង់ចំណុចនេះហើយដែលនាយករដ្ឋមន្ត្រីប៉ូឡូញចង់ជជែកគ្នាឱ្យបានច្បាស់ដើម្បីជម្រះរាល់មន្ទិលសង្ស័យ ឬភាពស្រពេចស្រពិលក្រែងលោលោកប្រធានាធិបតីរូបនេះនិយាយលេង ឬនិយាយដោយភាន់ច្រឡំទេដឹង?
ប៉ុន្តែប្រធានាធិបតីប៉ូឡូញបញ្ជាក់រួចហើយថាលោកមិននិយាយលេងទេ។ រឿងនុយក្លេអ៊ែរមួយមិនអាចនិយាយលេងសើចជាដាច់ខាត។ ក្នុងនាមលោកជាប្រធានាធិបតីប្រទេស១ទាំងមូលមិនអាចនិយាយត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាត្របានឡើយ។ លោកត្រូវតែនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង។ប្រទេសរុស្ស៊ីកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងត្រង់ចំណុចនេះ។
គេមិនត្រូវភ្លេចថារុស្ស៊ីខ្លួនឯងក៏ដាក់ពង្រាយនុយក្លេអ៊ែរមិនចេះតិចគ្រាប់ដែរនៅលើទឹកដីបេឡារូស ហើយសុទ្ធតែមីស៊ីលអន្តរទ្វីបដែលអាចបាញ់បានចម្ងាយជាងមួយម៉ឺនគីឡូម៉ែត្រថែមទៀត។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ីអ័រអាយអេ (RIA) បានដកស្រង់យកពាក្យសម្ដីរបស់អនុរដ្ឋមន្ត្រីរុស្ស៊ី លោកសឺហ្គេ រីយ៉ាហោហ្វ (Sergei Ryabkov) នៅត្រង់ចំណុចដែលថាគម្រោងពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីប៉ូឡូញ និងប្រធានាធិបតីប៉ូឡូញនាដើមខែឧសភានោះអាចចាត់ទុកថាជាការបង្កហេតុ។
«បើពួកគេ (ប៉ូឡូញ) ប្រកាន់យកមាគ៌ានយោបាយដែលបង្កហេតុបែបនេះ ភាពតានតឹងនឹងបន្តកើតមានទៀត។ ជាទូទៅ ល្បែងនយោបាយនេះគ្រោះថ្នាក់ណាស់។ វាអាចនឹងបង្កផលវិបាកដែលនឹកស្មានមិនដល់»។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) ក៏ថ្លែងបន្ថែមទៀតថាបើប៉ូឡូញអនុញ្ញាតឱ្យអង្គការណាតូដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីខ្លួន ទីនោះនឹងក្លាយជាគោលដៅដែលប្រទេសរុស្ស៊ីត្រូវតែបាញ់កម្ទេចចោលមុនគេ។
និយាយនេះនៅក្នុងករណីដែលរុស្ស៊ី និងណាតូផ្ទុះសង្គ្រាមជាមួយគ្នា។ មិនមែនគ្រាន់តែដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរភ្លាម រុស្ស៊ីក៏កេះកៃកាំភ្លើងបាញ់កម្ទេចនុយក្លេអ៊ែររបស់គេភ្លាមនោះទេ។ បើគេគ្រាន់តែដំឡើងនុយក្លេអ៊ែរ ឯងទៅបាញ់កម្ទេចរបស់គេចោល ដូច្នេះណាតូក៏អាចបាញ់កម្ទេចនុយក្លេអ៊ែររុស្ស៊ីនៅបេឡារូសដែរ។ សង្គ្រាមអ៊ុយក្រែនមិនមែនជារឿងតូចតាចទេ។
សង្គ្រាមនេះធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងក្រុមបស្ចិមប្រទេសធ្លាក់ចុះដល់កម្រិតទាបមែនទែន និងរុញច្រានស្ថានការណ៍ទៅរកមាត់ជ្រោះមរណៈមិនធ្លាប់មានចាប់តាំងពីវិបត្តិមីស៊ីលនៅគុយបាឆ្នាំ១៩៦២។ កាលនោះ សង្គ្រាមនុយក្លេអ៊ែររវាងសូវៀត និងអាមេរិកហៀបនឹងផ្ទុះឡើងទៅហើយនៅពេលសូវៀតបញ្ជូនទ័ពជាង៥ម៉ឺននាក់ឈរជើងនៅគុយបា និងដំឡើងជើងទម្របាញ់នុយក្លេអ៊ែរនៅលើទឹកដីគុយបា។ អាមេរិកទាមទារឱ្យសូវៀតដកថយជាបន្ទាន់បើមិនចង់ឱ្យមានរឿងធំជាមួយគ្នា។
គេមិនទាន់ដឹងថាមូលហេតុអ្វីបានជាប៉ូឡូញនៅសុខៗចង់ឱ្យណាតូដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីខ្លួននោះទេ។ បញ្ហានេះស្រួលមិនស្រួលអាចជា «ការជួញស្បែកគោទទឹក» ឬ «ការយកជ័រព្នៅត្បៀតក្លៀក»។ ប៉ុន្តែបើគេស្ដាប់ការបកស្រាយពីខាងប្រទេសរុស្ស៊ីវិញ។ រុស្ស៊ីអះអាងថាមូលហេតុដែលខ្លួនដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីបេឡារូសដើម្បីទប់ទល់នឹងលទ្ធភាពនៃការវាយប្រហារពីបស្ចិមប្រទេស។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កោហ្វ ថ្លែងថាក្រសួងការពារជាតិរុស្ស៊ីនឹងវិភាគស្ថានការណ៍ថ្មីៗបំផុតនេះដើម្បីធានាការរស់នៅដោយសុខសាន្តរបស់ប្រទេសជាតិខ្លួន៕
ចែករំលែកព័តមាននេះ