ខេត្តកំពង់ស្ពឺ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលប្រឌិតព័ត៌មានក្នុងការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូត៍លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា បុគ្គលឈ្មោះជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជាឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដីជូនពលរដ្ឋក្រីក្រចំនួន៦,០០០ឡូត៍លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួលបាន១០ឡូត៍ចុះ(ទំហំដី១០ម៉ែត្រ គុណ៣០ម៉ែត្រក្នុងមួយឡូត៍)និងតម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូត៍៤៥០ដុល្លារ សម្រាប់ការរត់ការឯកសារឈូសឆាយដី និងពង្រាបដីជាអាទិ៍ ។

ពាក់ព័ន្ធករណីនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកកិច្ចស៊ើបអង្កេតភ្លាម ។ ជាលទ្ធផលដីកើតហេតុខាងលើ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនុចនិយាមកា(៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។

ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថា ខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ ។ ការនាំខ្លួន និងសាកសួរទៅលើឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ និងបក្សពួកម្នាក់ទៀតឈ្មោះមិន ផាន្នី ហៅ ម៉ៅ អាយុ៤១ឆ្នាំ រកឃើញបក្សពួកជាច្រើនរូប បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន ។
លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការផ្ដើមការចោទប្រកាន់ទៅលើឈ្មោះជួន គន្ធា និងឈ្មោះមិន ផាន្នី ហៅម៉ៅ និងបក្សពួកបញ្ចូនទៅសាលាដំបូងខេត្តកំពង់ស្ពឺលើបទល្មើសប៉ុនប៉ងឆបោក, ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ មិនឱ្យមានការទន្ទ្រានកាន់កាប់ដីដែលជាទ្រព្យសម្បត្តិសាធារណៈ និងបន្តស្វែងរកជនល្មើសមកអនុវត្តច្បាប់ឲ្យខានតែបាន ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សង្កេតឃើញសារព័ត៌មានមួយចំនួននៅតែបន្តការផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុនការចុះផ្សាយព័ត៌មាន គប្បីសាកសួរអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ចៀសវាងការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ ៕




ចែករំលែកព័តមាននេះ