ខេត្តប៉ៃលិន ៖ ពិតជាគួរឱ្យអាណិតអាសូរដល់លោកយាយ និងចៅៗខ្លាំងណាស់ ពេលដែលឃើញសភាពលោកយាយចាស់ជរាពិការមានអាយុជិត១០០ឆ្នាំ អង្គុយលើរទេះរុញខិតខំប្រឹងរស់ ដោយខិតខំចិញ្ចឹមបីបាច់ចៅប្រុសចំនួន៣នាក់ នៅក្នុងបន្ទុកទាំងត្រដាបត្រដួស ។

បើតាមការរៀបរាប់របស់លោកយាយចំណាស់ឈ្មោះ ប៉េស វឿង អាយុ៩៤ឆ្នាំបានរៀបរាប់ឱ្យភ្នាក់ងារកោះសន្តិភាពដឹងទាំងសំឡេងខ្សាវៗ និងអួលដើមក.ថា ៖ គាត់ស្លា.ប់អស់១កំណាត់ខ្លួនហើយដោយសារតែជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងខ្នង តែសំណាងល្អគាត់មិនស្លា.ប់ ។ ហើយរហូតមកដល់ពេលនេះ គាត់អាចបន្តមានជីវិតរស់នៅបានដោយសារតែមានចៅៗជួយរុញរទេះពីក្រោយ ដើរសុំទានគេនៅតាមដងផ្លូវថ្នល់ និងនៅក្នុងផ្សារ ខណ:ដែលកូនស្រីតែម្នាក់របស់គាត់ បានរត់ទៅប្រទេសថៃ អស់រយ:ពេលជាង៤ឆ្នាំមកហើយបាត់ស្រមោលឈឹង ដោយទុករូបគាត់ និងកូនៗឱ្យនៅកំព្រាតែលតោល គ្មានអ្នករកស៊ីចិញ្ចឹមឡើយ ។

លោកយាយបន្តទៀត ទាំងហូរទឹកភ្នែករហាមថា គាត់ជាអ្នកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរមកក្នុងខេត្តប៉ៃលិនសុំម្លប់ពោធិ៍ក្នុងបរិវេណវត្តព្រះសង្ឃស្នាក់នៅបណ្តោះអាសន្ន យូរៗទើបធ្វើដំណើរទៅលេងស្រុកកំណើតម្តង ។ ក្នុង១ថ្ងៃ គាត់ និងចៅអាចដើរសុំទានគេបានត្រឹម៥០០០ទៅ១០០០០រៀល ។ គាត់បញ្ជាក់ថា សព្វថ្ងៃរស់នៅជាមួយចៅប្រុសទាំង៣នាក់ ទី១. ឈ្មោះ រតនា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៣ ទី២. ឈ្មោះ វិសាល អាយុ១១ឆ្នាំ ឈប់រៀន និងទី៣. ឈ្នោះ ទី អាយុ៨ឆ្នាំ ឈប់រៀន ដោយសារតែជីវភាពខ្វះខាតគាត់មិនអាចឱ្យចៅប្រុសរៀនទាំង៣នាក់បានទេ ។ ណាមួយចៅដែលឈប់រៀនទាំង២នាក់ ដោយសារតែគ្មានមេបាណាប្រដៅណែនាំឱ្យទៅរៀនសូត្រលុះរៀនមិនសូវចេះ ហើយខ្លាចគ្រូក៏នាំគ្នាឈប់រៀនតែម្តង ។
ឃើញបែបនេះ ពិតជាគួរឱ្យខ្លោចចិត្តណាស់ បើសិនជាអត់ពីលោកយាយជរាពិការទៅមិនដឹងអនាគតក្មេងៗទាំង៣នាក់ខាងលើទៅជាយ៉ាងណានោះទេ បើម្តាយបង្កើតពួកគេបែរជាចាកចេញបាត់ស្រមោលបែបនេះ ៕


ចែករំលែកព័តមាននេះ