ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឲ្យ​ទេវតា​ជួយ អ្នក​ត្រូវធ្វើ​រឿង​ទាំងនេះ​ជា​មុន​សិន

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​មួយ​ចំនួន​រស់នៅ តែងតែមាន​ភាព​សប្បាយ​រីករាយ និង​ទុក្ខ​ព្រួយ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​មានទុក្ខ​ព្រួយ ឬ​ភ័យ​ខ្លាច​អ្វីមួយ គេ​តែងតែ​បន់​ឲ្យ​ទេវតា ឬ​ជំនាងផ្ទះ ព្រះ​ភូមិ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​មួយ​ចំនួន​រស់នៅ តែងតែមាន​ភាព​សប្បាយ​រីករាយ និង​ទុក្ខ​ព្រួយ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​មានទុក្ខ​ព្រួយ ឬ​ភ័យ​ខ្លាច​អ្វីមួយ គេ​តែងតែ​បន់​ឲ្យ​ទេវតា ឬ​ជំនាងផ្ទះ ព្រះ​ភូមិ បន់ដូនបន់តា​ឲ្យ​ជួយ​ជា​និច្ច ។ តើ​មនុស្ស​បែប​ណា​ទៅ​ទើប​ទេវតា​តាម​ជួយ និង​ថែរក្សា ?

ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​មាន​ថេរ​ដីកា​នៅ​ក្នុង​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម កាលពី ពេល​ថ្មី​ៗ​នេះ​ដោយ​មាន​សង្ឃដីកា ៖ បើ​គិត​ពី​បុណ្យចូលឆ្នាំ​នេះ​យើង​ថា ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ​ត្រូវ តែបើ​គិត​ពី​ទេវតា គឺ​នៅ​ជាមួយ​យើង​ជា​ប្រចាំ​ហើយ ។ មួយ​ទេវតា​មែនទែន ដូច​ជា​ជំនាងផ្ទះ ឬ​ក៏​ទេវតា​នៅ​ហ្នឹង​ដើមឈើ (​យើង​ហៅរ​ក្ខ​ទេវតា ) ហើយ​ទេវតា​នៅ​ភូមិ​ស្រុក​អីយើ​ង​ហៅ​ថា (​អារក្ខទេវតា​) ។ តែ​ខ្មែរ​យើង​ចូល​ចិត្ត​ហៅ​អា​រុក​អារក្ខទេវតា តែ​តាម​ពិត​ទេវតា​២​ខុស​គ្នា អា​រុក្ខទេវតា ទេវតា​នៅ​ដើមឈើ ទី​២​អារក្ខទេវតា ទេវតា​ថែរក្សា​តាម​តំបន់ ភូមិ​ស្រុក​ស្រះ ឬ​ក៏​ព្រៃ ឬ​ក៏​ក្រុង​អី​អ៊ីចឹង​ទៅ ។

ជាមួយ​គ្នា​នោះ​ដែរ ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា ប៉ុន្តែ​ទេវតា​ហ្នឹង គេ​ជួយ​យើង ទាល់តែ​យើង​មានបុណ្យ បើ​យើង​អត់​បុណ្យ យើង​បន់​យ៉ាងម៉េច​ក៏​គេ​មិន​ជួយ​ដែរ ។ បើ​យើង​មានបុណ្យ គេ​មិន​ត្រូវ​ជួយ ក៏​ត្រូវ​ជួយ​យើង​ដែរ​ពីព្រោះ​កាតព្វកិច្ច​គេ​មួយ គឺ​ជួយ​អ្នកមាន​សីល អ្នកមាន​គុណធម៌​ហ្នឹងឯង ។ អ៊ីចឹង​ដើម្បី​ចង់​ឲ្យ​ទេវតា​ជួយ​ត្រូវធ្វើ​អី​សិន ? ត្រូវ​ជួយ​ខ្លួនឯង ត្រូវ​សាង​ល្អ​ខ្លួនឯង ត្រូវធ្វើ​ជា​មនុស្ស​ល្អ ធ្វើ​ជា​អ្នកមាន​បុណ្យ ចិញ្ចឹម​ម៉ែចិញ្ចឹម​ឪ ចែកទាន​មានចិត្ត​មេត្តា អនុគ្រោះ មានចិត្ត​មេត្តា ស្រលាញ់​រាប់អាន ហើយ​ចិត្ត​ត្រជាក់ អាហ្នឹង​ទេវតា​ថែរក្សា​ហ្មង មិនបាច់​សុំ​ក៏​គេ​ត្រូវ​តែ​ថែរក្សា​ដែរ ។

ទន្ទឹម​នោះ​ដែរ ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព មាន​សង្ឃដីការ​បញ្ជាក់​ថា ហើយ​បើ​ដើរ​តែ​ឈ្លោះ​ជាមួយ​គេ ជេរ​គេ ទេវតា​ណា​ជួយ​យើង ចាំបាច់​តែ​ទេវតា​អី តែង​អ្នក​ស្គាល់​ក្បែរ​យើង​ក៏​គេ​មិន​ជួយ​ដែរ​ ។ មួយវិញទៀត កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ភិក្ខុ​អគ្គ​ធ​ម្មោ ពិសី បាន​សម្តែងធម៌​ទេសនា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ ទេវតា​ដែល​អាច​ផ្តល់​សេចក្តីសុខ​ឱ្យ​យើង​បាន ទាល់តែ​យើង​ជា​អ្នកមាន​បុណ្យ​ផង​! ។

ព្រះ​តេជគុណ ជ្រួញ ពិសី មាន​សង្ឃដីកា ៖ ត្រូវ​ចាំ​ថា ទេវតា​ដែល​អាច​ផ្តល់​សេចក្តី​ឲ្យ​យើង​បាន ទាល់តែ​យើង​ជា​អ្នកមាន​បុណ្យ​ផង ។ ពពួក​ទេវតា ថែរក្សា​ចំពោះ​បុគ្គល​ណា​ដែល​មាន​កតញ្ញុតាធម៌ មានការ​ដឹងគុណ​មាតាបិតា គ្រូ​បា​អាចារ្យ ត្រកូល​រៀមច្បង អ្នកមាន​ឧបក្កា​រលើ​ខ្លួន ជា​អ្នកមាន​សីល​ល្អ ក្នុង​ការ​រស់នៅ មាន​សីល​វិន័យ ប្រកបដោយ​ភាព​ថ្លៃថ្នូរ គឺ​ទេវតា​ជា​អ្នករក្សា ។ រក្សា​ដោយសារ​តែ​យើង​មានបុណ្យ មានបុណ្យ​ក្នុង​ទី​នេះ គឺជា​ចំណែក​នៃ​កុសល​ដែល​មាន​ក្នុង​ខណ្ឌ​សណ្តាន​នេះឯង ។

លើសពីនេះទៀត ព្រះ​តេជគុណ ភ​ក្ខុ​អគ្គ​ធ​ម្មោ ជ្រួញ ពិសី មាន​សង្ឃដីកា​បន្ត​ថា ជីវិត​របស់​យើង​រស់នៅ​រាល់​ថ្ងៃនេះ មានការ​ប្រព្រឹត្តិ​ខុស​ខ្លាំង​ណាស់ តែងតែ​សុំ​អង្វរ​ឲ្យ​ទេវតា អា​រុក្ខទេវតា ទេវតា​ដែល​ថែរក្សា​ក្នុង​ជ្រោះ​ជ្រលង​ដងអូរ អ្នកតា​វ​ល្លិ៍​ជាដើម​មក​អស់ហើយ​សូម​ឲ្យ​ផ្តល់​នូវ​សេចក្តីសុខ ប៉ុន្តែ​បើ​យើង​ជា​អ្នក​មិន​មាននូវ​សុចរិតធម៌ មិនមែន​ជា​អ្នកមាន​សេចក្តី​ល្អ​ក្នុង​ដួងចិត្ត ហើយ គ្មាន​ការ​ប្រព្រឹត្តិ​ល្អ ដោយ កាយ វាចា​ហ្នឹង​ទេ ទេវតា​មិន​អាច​មក​រក្សា​យើង​បាន​ឡើយ ។ ចេះ​តែ​សុំ​ទេវតា​ឲ្យ​ជួយ ចំណែក​ខ្លួនឯង​មិន​ធ្វើ​ទេវតា​ជួយ​ខ្លួនឯង​ទេ ចូល​ចិត្ត​ឲ្យ​តែ​ទេវតា​មើល​មិនឃើញ​នោះ​មក​ជួយ ។ ហើយ​ចុះ​ខ្លួនឯង​មាន​សទ្ធា មាន​សីល មាន​បញ្ញា មាន​សោត អាហ្នឹង​ហើយ​ជា​ទេវធម៌ ជា​ធម៌​នាំ​ឲ្យ​បាន​នូវ​ទេវតា​(​ទេវតា​រស់​)​។ ចេះ​តែ​ទៅ​បន់​ទេវតា ទេវតា​មិន​ដែល​ឲ្យ​សុខ ឲ្យ​សិរី​យើង​អី​បន្តិច​ផង ។

បន្ថែមពីនេះទៀត ព្រះ​តេជគុណ ជ្រួញ ពិសី មាន​សង្ឃដីកា ៖ ហើយ​ទៅ​បន់ព្រះ​ឲ្យ​ជួយ សូម​ឲ្យ​ខ្ញុំ​រកស៊ី​មានបាន សុខដុមរមនា ជាដើម ហើយ​ដែល​ព្រះ​និយាយ​ជាមួយ​យើង​ថា ម៉េច​អត់? បាន​មាន​សង្ឃដីកា​ថា ៖ រឿង​ជីវិត​របស់​យើង​នេះ គឺ​ប្រព្រឹត្តិ​ទៅ​តាម​កម្ម សាង​ហេតុ​យ៉ាងណា​ហ្នឹង​ទទួល​បាន​ផល​យ៉ាងនោះ ។ បើ​យើង​សាង​ល្អ​នោះ​នឹង​ទទួល​បាន​មក​សេចក្តីសុខ​ពិត ទី​១ សុខ ព្រោះតែ​ការ​មិន​បៀតបៀន​អ្នក​ដទៃ កើតមក​ក្នុង​ជាតិ​សាសន៍​តែ​មួយ មាន​ជាតិ​តែ​មួយ មានកំណើត​តែ​មួយ ហើយ​ជា​អ្នកមាន​នូវ​ចាស់ កើត ឈឺ ស្លា​.​ប់​តែ​មួយ តើ​យើង​ទៅ​បៀតបៀន​គ្នា​ដើម្បី​អ្វី ? បៀតបៀន​គ្នា​ហើយ​ទទួល​បាន​ក្តី​សុខ​ទេ?បើ​យើង​បៀតបៀន​អ្នក​ដទៃ យើង​ឈ្នះ យើង​បាន​យើង​ពូកែ​ហើយ ប៉ុន្តែ​វា​នាំ​ឲ្យ​យើង​កើត​នូវ​ពៀរ​វេរា ។ «​អ្នក​ឈ្នះ​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​រមែង​ដេក​ជា​ទុក្ខ​» អ្នក​ណា ជា​អ្នក​សម្តែង គឺ​ព្រះពុទ្ធ​ជា​អ្នក​សម្តែង ។ អ្វី​ណា​ដែល​កំពុង​តែ​ទទួល​បាន​ក្នុង​ឥឡូវនេះ ពេល​នេះ ខណៈ​នេះ ម៉ោង​នេះ ត្រឹមតែ​ជា​ចិត្ត​ដែល​សោយ​នូវ​អារម្មណ៍​តែ​ប៉ុណ្ណោះ ។ បើ​យើង​បៀតបៀន​គេ ច្បាស់​ណាស់​នឹង​ទទួល​បាន​សេចក្តី​ទុក្ខ​មិន​ខាន ។ បើ​យើង​ចង់បាន​សុខ យើង​ទាំងឡាយ​មិន​ត្រូវ​មាន​គំនុំ​គុំ​គួ​ន បៀតបៀន​អ្នក​ដទៃ​ឡើយ ព្រោះ​អាការ​បៀតបៀន​គេ​នោះ​វា​នៅ​អត់​សុខ​សោះ គឺ​វា​ក្តៅ បើ​ក្តៅ​ហើយ​កុំ​សង្ឃឹមថា ញោម​បាន​នូវ​សេចក្តីសុខ ហើយ​កុំ​សង្ឃឹមថា បាន​នូវ​ភាព​ត្រជាក់ ព្រោះ​ភាព​ត្រជាក់​របស់​យើង​នេះ​គឺ​នៅ​ត្រង់​ការ​ដែល​យើង​ចេះ​អនុគ្រោះ សង្គ្រោះ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​នោះ​ទេតើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ