ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រទះឃើញព្រះកេសទេវរូប១ព្រះអង្គ ដែលរចនាបថបាក់ខែងក្នុងសម័យអង្គរ កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ក៏ត្រូវបានលោក យ៉ង តាំងកួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងាររួមជាមួយមន្ត្រីមានសមត្ថកិច្ច ចុះទៅទទួលយកពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
បើតាមការរៀបរាប់របស់អ្នកស្រុកបានអោយដឹងថា កាលពីថ្ងៃទី២១ មេសា អាជ្ញាធរឃុំបន្ទាយនាង បានស្តារអូរ ដើម្បីទុកទឹកអោយប្រជាពលរដ្ឋប្រើប្រាស់ ក៏ស្រាប់តែបានប្រទះឃើញរូបសំណាកព្រះកេសទេវរូប១អង្គ ដែលជាប្រភេទថ្មភក់មានទម្ងន់៥,៧ គីឡូក្រាមជាវត្ថុបុរាណ បន្សល់មករាប់រយឬពាន់ឆ្នាំមក នៅពេលដែលពួកគាត់យកមកលាងសម្អាត ស្រាប់តែព្រៈភ័ក្រទេវរូបនោះហាក់បញ្ចេញនូវស្នាមញញឹម និងមានអភូតហេតុបានកើតឡើង ដូចជាមេឃងងឹត និងមានខ្យល់បោកបក់មកយ៉ាងខ្លាំង ហើយពេលនោះក៏មានភ្លៀងរលឹមផងដែរ។
ធ្វើឲ្យអ្នកស្រុកមានជំនឿថា ព្រះកេសទេវរូបនេះ ពិតជាមានរិទ្ធីបារមីពូកែសាកសិទ្ធហើយប្រជាពលរដ្ឋ ក៏នាំគ្នាមកអុជធូបអុជទាន សុំសេចក្តីសុខសេចក្តីចំរើន ខ្លះយកម្សៅលើព្រះភ័ក្ត្រប្រកេសទេវរូប ដើម្បីសុំលេខឆ្នោត ពេលនោះក៏មានប្រជាពលរដ្ឋប្រទះឃើញលេខនៅលើព្រះភ័ក្ត្រទេវរូបហើយយកទៅចាក់ក៏បានចាក់ត្រូវជាបន្តបន្ទាប់។
ដោយជឿជាក់ថា ទេវរូបមានបារមី និងមិនចង់ឲ្យជនខិលខូចបន្លំលួចយកទៅលក់អ្នកស្រុកក៏សម្រេចចិត្តយកទៅដាក់នៅប៉ុស្តិ៍នគរបាលឃុំបន្ទាយនាងឲ្យជួយការពារនឹងបានរាយការណ៍ទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើម្បីយកទៅរក្សាទុកនៅសារមន្ទីរ។
លោក យ៉ង តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា ព្រះកេសទេវរូបដែលប្រជាពលរដ្ឋប្រទះឃើញនោះពិតជាវត្ថុបុរាណដ៏មានតម្លៃដែលមានរចនាបថបាក់ខែងក្នុងសម័យអង្គរ ដែលអាចនឹងកសាងឡើងក្នុងសតវត្សទី១០ ហើយ លោកក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់វប្បធម៌ និងចង់ថែរក្សាកេរ្តិ៍តំណែលពីដូនតាហើយបានរាយការណ៍មកកាន់មន្ទីរវប្បធម៌ និងសិល្បៈដើម្បីយកទៅរក្សាទុកនៅសារមន្ទីរកុំឱ្យបាត់បង់និងទុកឲ្យក្មេងៗជំនាន់ក្រោយពិសេសភ្ញៀវជាតិនិងអន្តរជាតិបានបានឃើញ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា បច្ចុប្បន្ននេះ សារមន្ទីរខេត្តបន្ទាយមានជ័យយើងបានទទួលរូបសំណាក និងវត្ថុបុរាណផ្សេងៗមានចំនួនជាង២.៤០០ដុំរូប ដែលបានមកពីគយ ប៉ូលិស កងរាជអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូន។
លោកក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិគោកព្នៅ នាឱកាសឆ្នាំថ្មីនេះសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនត្រជាក់ត្រជុំជាផុតពីជំងឺឈឺថ្កាត់ផ្សេងៗ។ លោក យ៉ង់ តាំងកួយ ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យបើបានប្រទះឃើញវត្ថុបុរាណសូមរាយការណ៍មកមន្ទីរវប្បធម៌និងសិលវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើម្បីយកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីទុកជាគេមរតកសម្រាប់ក្មេងក្មេងជំនាន់ក្រោយពិសេសភ្ញៀវជាតិទាំងអន្តរជាតិបានទស្សនាពីស្នាដៃរបស់បុព្វបុរសយើង ។
ចែករំលែកព័តមាននេះ