រាជធានីភ្នំពេញ ៖ នៅកិច្ចប្រជុំមួយនៅទីក្រុងបាងកក សម្តេចធិបតីបានបកស្រាយលម្អិតអំពីការប្រើបច្ចេកវិទ្យានៅកម្ពុជា ដើម្បីធ្វើកំណើនសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងលើកកម្ពស់តម្លៃវប្បធម៌របស់កម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ESCAP ថា កម្ពុជាបាន និងកំពុងចូលរួមយ៉ាងបុរេសកម្មក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលសំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានថ្លែងក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេសនៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជា ការឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។

សម្តេចធិបតីបានបញ្ជាក់ថា ៖«តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោល គឺអាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរកម្ពុជាបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថលអាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ក៏ដូចជា កសាងសង្គមទំនើប និងស៊ីវីល័យមួយដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្នភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់» ។

សម្តេចបានបន្តថា ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថលអាចជួយរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះបានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោល គឺបច្ចេកវិទ្យាឌីជីថលដែលជាអាទិភាពថ្មីមួយកំណត់នៅក្នុងបញ្ចកោណទី៥ គឺ«ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល» ។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥»,«គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០» ។ល។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«ក្នុងបរិបទសកល និងតំបន់ កម្ពុជាបាន និង កំពុងចូលរួមយ៉ាងបុរេសកម្មក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលសំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកលរួមមានដូចជា«ផែនការមេឌីជីថលអាស៊ាន២០២៥» និង«យុទ្ធសាស្ត្រឌីជីថល២០២២-២០២៥» របស់អង្គការសហប្រជាជាតិ» ។

ជាមួយគ្នានោះដែរ សម្តេចលើកឡើងថា៖ កម្ពុជាបាន និងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថល អាស៊ានផ្សេងៗ ជាពិសេសការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណងក្នុងការផ្តល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ក្នុងការលើកកម្ពស់ការធ្វើឌីជីថលបនីយកម្មក្នុងតំបន់ប្រកបដោយបរិយាបន្ន និងទាន់ពេល ។ លើសពីនេះអាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាជំពូកអាទិភាពមួយនៅក្នុងកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយតំបន់ (RCEP)» ។
សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះនឹងអាចរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួនដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និងប្រទេស និងរវាងទីក្រុង និងជនបទកង្វះហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព, អក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិតកង្វះការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និងសេវាកម្មឌីជីថលបញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។

ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ ។ សម្តេចបានបន្ថែមថា ជាចុងក្រោយជាមួយនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកលសម្តេចធិបតី ក៏បានលើកឡើងអំពីបញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួមបូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព ។ ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះសកម្មភាពមិនត្រូវបានបញ្ចូលទៅជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។
កម្ពុជា នៅតែមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តកាតព្វកិច្ចដែលមានចែងក្នុងអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា ។
ទន្ទឹមនេះ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ក្រោមប្រធាបទ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនេះសម្តេចធិបតីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូងសម្រាប់គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន ៕

ចែករំលែកព័តមាននេះ